ការប្រកួត បាល់ទាត់ពានរង្វាន់ BIDC Cup 2013 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានឈានដល់ថ្ងៃប្រកួតទី២ នៃ វគ្គជម្រុះតាមពូល ដោយថ្ងៃទី ៤ វិច្ឆិកា នេះ ពូល B ក្រុមម៉ាឡេស៊ី ប៉ះ ឡាវ នៅម៉ោង ២ រសៀល នៅពហុកីឡដ្ឋានជាតិ ចំណែកពូល A នឹងប្រកួតនៅម៉ោង ៤ រសៀល ដោយក្រុម មីយ៉ាន់ម៉ា ប៉ះ ថៃ។
ចំពោះក្រុម ម៉ាឡេស៊ី ប្រសិនបើចាញ់នៅប្រកួតនេះ នៅមានសង្ឃឹមតិចណាស់ថាបានឡើងទៅជុំពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្តែករណីបើ ស្មើ ត្រូវចាំអ៊ុតលទ្ធផលរវាងក្រុមកម្ពុជា និង ឡាវ នៅថ្ងៃទី ៦ វិច្ឆិកា ខាងមុខសិន។ ដោយឡែក ប្រសិនបើឈ្នះនៅថ្ងៃនេះម៉ាឡេស៊ី ជាក្រុមនៅក្នុងពូល A ដែលកក់កៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្របានមុន។
ចំណែកឯក្រុមឡាវ ជាក្រុមមួយថ្មីដែលគ្រប់គ្នាមិនទាន់បានឃើញក្រុមនេះប្រកួត ក្នុងព្រឹត្តិការណ៍នេះ ព្រោះកាលពីប្រកួតបើកឆាកក្រុមជិតខាងនេះត្រូវឈរជើងសិន។ មិនថាឈ្នះ ឬ ស្មើ ក្នុងប្រកួតនេះជាមួយម៉ាឡេស៊ីសុទ្ធជារឿងល្អដល់ក្រុមឡាវ ទាំងអស់ ដោយសារនៅសល់មួយប្រកួតក្នុងដៃ។ ព័ត៌មានក្រៅផ្លូវការមួយក្រុម U23 ឡាវទើបតែត្រឡប់មកពីប្រកួតកម្ដៅសាច់ដុំ ៤ ប្រកួតជាមួយក្លិបនៅប្រទេសជប៉ុន មុនមកដល់កម្ពុជានេះ។
ងាកទៅមើលពូល A វិញ ក្រុម មីយ៉ាន់ម៉ា ឈ្នះ និង ស្មើនៅប្រកួតនេះគឺសុទ្ធតែ ប្រផ្នូលល្អ សម្រាប់ក្រុម ព្រោះក្រុមមួយនេះមាន ៣ ពិន្ទុក្នុងដៃរួចហើយ បន្ទាប់ពីយកឈ្នះវៀតណាម ១ – ០ កាលពីថ្ងៃបើកឆាក។
រីឯក្រុមថៃ វិញ ជាក្រុមថ្មីស្រឡាង មួយដែលមិនទាន់បានប្រកួតនឹងគេ។ បើងាកទៅមើលប្រវត្តិជួបគ្នាកាលពីពានរង្វាន់ BIDC Cup 2011 ក្នុងវគ្គផ្ដាច់ព្រ័ត្រ ថៃ ធ្លាប់ចាញ់ មីយ៉ាន់ម៉ា ម្ដងហើយ ដោយកាលនោះ លទ្ធផល ២ – ១ ។
តើក្រុមមួយណា មានឈ្មោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ?