មន្រ្តីអគ្គិសនីម្នាក់ បានឆក់ចរន្ត ភ្លើង ធ្លាក់ស្លាប់ភ្លាមៗ នៅម៉ោង១
និង៤៥ នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ខណៈកំពុងឡើងតខ្សែលើ បង្គោល
ភ្លើងលេខ523C-ប.ត.327 ផ្លូវលេខ១៦៧ កែងផ្លូវលេខ៤៤០ សង្កាត់បឹងកេងកងទី១
ខណ្ឌចំការមន ។
សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានធ្លាក់ពី ផ្កាប់មុខ
ពីលើបង្គោលភ្លើង មានកម្ពស់ ប្រហែល៣ ទៅ៤ម៉ែត្រ បណ្តាលឲ្យ
ស្លាប់ភ្លាមៗតែម្តង។ ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បាន បញ្ជាក់ផង ដែរថា
មន្រ្តីអគ្គិសនីរូបនេះ ឈ្មោះ លី សារិន អាយុ៤២ ឆ្នាំ។
បើយោងតាមសាក្សី ដែលដឹងហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ
មានមន្រ្តីនគរបាល នៃក្រសួងមហាផ្ទៃមួយរូប បានទួរស័ព្ទទៅហៅមន្រ្តី
ខាងអគ្គិសនី ដើម្បីមកជួយតខ្សែភ្លើង ដែលដាច់ នៅបង្គោលលេខ523C-ប.ត.327
ដែលស្ថិតនៅក្នុង សង្កាត់បឹងកេងកងទី១ ។
សាក្សីបានបន្តទៀតថា ប៉ុន្មានម៉ោងក្រោយមក មន្រ្តី អគ្គិសនីក៏បានមកដល់
ដោយមានសម្ភារៈ ដូចជា ជណ្តើរ និងឧបករណ៍ តខ្សែភ្លើង ភ្លាមនោះ លោក លី សារិន
មន្ត្រីអគ្គិសនីរូបនេះ ក៏បានពាក់ស្បែក ជើងផ្ទាត់ឡើង ទៅលើបង្គោលភ្លើង
មិនដឹងជាគាត់កាត់ផ្តាច់ខ្សែភ្លើង យ៉ាងម៉េចនោះទេ ក៏ស្រាប់តែ
ឆក់ហើយធ្លាក់ផ្អាប់មុខ ពីលើបង្គោលភ្លើង កម្ពស់ប្រមាណ៣ ទៅ៤ ម៉ែត្រ
មកត្រូវនឹងថ្មខាងក្រោម បណ្តាលឲ្យរបួសធ្ងន់ បែកមុខស្លាប់ភ្លាមៗ តែម្តងទៅ
ហើយដែកកាប់ ដែលគាត់តខ្សែភ្លើង នោះនៅ ជាប់និងខ្សែភ្លើង។
រហូតមកទល់ពេលនេះ សមត្ថកិច្ចក៏នៅតែ មិនទាន់អាចសន្និដ្ឋាន ច្បាស់លាស់ថា ករណីនេះ បណ្តាល មកពីឆក់ខ្សែភ្លើង ឬក៏ករណីអ្វីមួយនោះ នៅឡើយទេ ៕