រឿងអយុត្ដិធម៌ទាក់ទងនឹងការដាក់របាំងខណ្ឌផ្លូវនៅរាជធានីភ្នំពេញ
ក្រោមហេតុផលដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ អាជ្ញាធរសាលារាជធានីភ្នំពេញបានរៀបចំដាក់របាំងខណ្ឌ ផ្លូវនៅតាមហាវិថីជាច្រើនក្នុងរាជធានីភ្នំពេញ ឱ្យអ្នកធ្វើដំណើរចរាចរណ៍ប្រកាន់ផ្លូវទៅមកម្ខាងៗដាច់ដោយឡែកពីគ្នា ។
អ្នកធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ការដាក់របាំងខណ្ឌផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញមិនមានលក្ខណៈស្មើភាពជាទូទៅទេ ហើយក៏មិនឃើញមានគម្រោងប្លង់មេកំណត់ឱ្យបានច្បាស់លាស់ដែរ គឺសម្រេចដាក់របាំងខណ្ឌផ្លូវ នេះដោយយោងតាមស្ថានភាពជាក់ស្ដែងដែលក្រុមការងារយល់ឃើញតែប៉ុណ្ណោះ ។
មជ្ឈដ្ឋានអ្នកតាមដានដំណើរការដាក់របាំងខណ្ឌផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ បានបង្ហាញនូវការចាប់អារម្មណ៍ថា ការដាក់របាំងខណ្ឌផ្លូវមានភាពលម្អៀង និងមានបង្កប់នូវអំពើពុករលួយជាថ្នូរនឹងទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយកន្លែងខ្លះមានផ្លូវប្រសព្វជាមួយនឹងផ្លូវធំ មិនត្រូវដាក់របាំងខណ្ឌផ្លូវនោះទេ បែរជាអាជ្ញាធរដាក់របាំងខណ្ឌផ្លូវ ហើយទៅបើកផ្លូវ(មិនដាក់របាំងផ្លូវនៅមុខភោជនីយដ្ឋានធំៗឬហាងខារ៉ាអូខេធំៗ)ទៅវិញ ។
ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានបង្ហាញនូវរូបភាពជាព័ស្ដមួយចំនួនដែលសង្ស័យថា អាជ្ញាធរសាលារាជធានីភ្នំពេញប្រព្រឹត្ដអំពើពុករលួយ ដោយទទួលលុយពីថៅកែហាងធំៗក្នុងការដាក់ឬមិនដាក់របាំងខណ្ឌផ្លូវនេះ ។ មានន័យថា បើមានលុយរបាំងខណ្ឌផ្លូវអាចរំលង ដើម្បីបើកផ្លូវឱ្យមនុស្សចេញ-ចូលចរាចរណ៍បត់ចុះបត់ឡើងបានដោយស្រួល ឧទាហរណ៍នៅចំណុចមហាវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)ទល់មុខហាងខារ៉ាអូខេញូវស្ដារ(New Star KTV)ជាដើម …។ល។
នេះគឺជារឿងអយុត្ដិធម៌ ហើយក៏សង្ស័យថា មានបង្កប់នូវអំពើពុករលួយទាក់ទងនឹងការដាក់របាំងខណ្ឌផ្លូវក្នុងរាជធានីភ្នំពេញ ៕
No comments:
Post a Comment
Welcome to AngkorKhmer