ភាពយន្ត ​ឯកសារ​ស្តី​ពី​ការ​ឈឺចាប់​​បាត់បង់​សាច់​ញាតិ​នា​សម័យ​ខ្មែរ​ក្រហម ​​អំឡុង​ទសវត្សរ៍​ទី​៧០​ បាន​​ជួយ​ឱ្យ​ផលិតករ​​​​​ជនជាតិ​ខ្មែរ​​ សញ្ជាតិបារាំង រិទ្ធី ប៉ាន់ ឈ្នះ​ពាន​រង្វាន់ Top Award នៅ​មហោស្រព​ភាពយន្ត​ក្រុង​ Cannes ប្រទេស​​បារាំង​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។​
ភាពយន្ត ​ឯកសារ​រយៈ​ពេល​៩០​នាទី​ដែល​មាន​ចំណងជើង​ជា​ភាសា​បារាំង​ថា “L’Image Manquante” និង​ជា​ភាសា​អង់គ្លេស​ “The Missing Picture” គឺ​ជា​អនុស្សាវរីយ៍​ដ៏​ជូរចត់​ផ្ទាល់​របស់​ផលិតករ​ រិទ្ធី ប៉ាន់​ ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ ឆ្លើយតប​ចំពោះ​សំនួរ​របស់​សារ​ព័ត៌មាន​ Hollywood Report​ លោកបាននិយាយថា៖ “អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​អស់​លោក​ពេលនេះ​មិនមែន​ជា​រូបថត ​ឬ​ការ​ស្វែង​រក​រូបថត​ទេ ​ប៉ុន្តែ​គឺ​រូបភាព​​នៃ​​ចំណោទ​មួយ​”។
ភាពយន្ត​ឯកសារ ​”The Missing Picture” មាន​ចំណុច​ពិសេស​ខុស​ពី​ភាពយន្ត​ឯកសារ​ធម្មតា​ទូទៅ​ត្រង់​​​មិន​យក​មនុស្ស​ មក​សម្តែង​ទេ ​តែ​តួអង្គ​ទាំងអស់​ត្រូវ​បាន​គេ​សូន្យ​ឡើង​ពី​ដី​ឥដ្ឋ​ទំហំ​ប៉ុន​មេដៃ​​​​ ទៅវិញ។