May 25, 2013

កីឡាករ​ខ្មែរ​​​​មាន​​ឱ​កាស​​ទៅ​លេង​​នៅ​​លីក​ ជប៉ុន J-League

មិន​យូរ​ប៉ុន្មាន​ កីឡាករ​​បាល់​ទាត់​ខ្មែរ​​​​នឹង ​មាន​​​ឱ​កាស​​ទៅ​លេង​​នៅ​​លីក​​កំពូល​​​របស់​ ជប៉ុន​ហៅ​ថា​ J-League​​ បន្ទាប់​ពី​​​​ការ​ចុះ​អនុសារណៈ​យោគយល់​គ្នា​​មួយ​រវាង​ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ និង​ ​សម្ព័ន្ធ​បាល់ទាត់​​អាជីព​ ​នៃ​ប្រទេស​ជប៉ុន​​ល្ងាច​ថ្ងៃ​ទី​ ២៤​ ឧសភា​ ​នេះ​​នៅ​សណ្ឋាគារ​ភ្នំពេញ។
​លោក​ Kazumi Ohigashi ​ប្រធាន​សម្ព័ន្ធ​កីឡា​បាល់ទាត់​អាជីព​នៃ​ក្របខ័ណ្ឌ​ J-League​ ​បាន​ថ្លែង​​​ថា​​ ប្រទេស​​ជប៉ុន​​ចង់​​ឲ្យ​ប្រទេស​​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​ការ​ប្រកួត​ ប្រជែង​កាន់​តែ​ខ្លាំង​ ហើយ​​ដូច្នេះ​​​លោក​បាន​​សម្រេច​មក​សហការ​ជា​មួយ​កម្ពុជា​ដើម្បី​ពន្លឿន​ វិស័យ​បាល់ទាត់​នេះ។​ លោក​បន្ត​ថា​​ ​ជប៉ុន​ចង់​ប្រកួត​ទល់​នឹង​ក្រុម​ខ្លាំងៗ​​នៅ​អាស៊ី។

ក្នុង​ន័យ​​នេះ​​លោក​សង្កត់​ធ្ងន់​ថា​ ​​ជួយ​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​កាន់​តែ​​ខ្លាំង​​​ នោះ​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន​កាន់​តែ​ខ្លាំង​ដូច​គ្នា។ ​មាន​ន័យ​ថា​ដៃ​គូ​ខ្លាំងៗ ​​​​នោះ​​​នឹង​ធ្វើ​​ឲ្យ​កម្រិត​ប្រកួត​​ប្រជែង​កាន់​តែ​​ខ្ពស់។ ​​លោក​យល់​ឃើញ​ថា​ ​​កីឡាករ​កម្ពុជា​​​មាន​សក្ដានុពល​ ហើយ​ មិន​ចាញ់​កីឡាករ​ជប៉ុន​នោះ​ទេ។​ ​​លោក​​ប្រធាន​រូប​នេះ​​ជឿ​ថា ​អាច​ដោះ​ដូរ​គ្នា​បាន​ដោយ​ ខាង​កម្ពុជា​អាច​ទៅ​លេង​នៅ J-League ហើយ​​ ឆាប់ៗ​ កីឡាករ​ J-League អាច​មក​លេង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នៅ​លីក​​កម្ពុជា។​
ឯកឧត្ដម សៅ សុខា (ឆ្វេង)  និង ប្រធាន J-League លោក Kazumi Ohigashi(ស្ដាំ)

ការ ​សហការ​ជា​ដំបូង​គឺ​ផ្ដោត​លើ​យុវជន​ថ្នាល​ U13 U14 និង​ U15 ​ ​ឲ្យ​បាន​កាន់​​តែ​​​លឿន​តាម​តែ​​អាច​ធ្វើ​បាន​បន្ទាប់​ពី​ចុះ​ហត្ថលេខា។​ ​​យុវជន​​ថ្នាល​​មក​ពី​ជប៉ុន​អាច​ហ្វឹកហាត់​ និង​ ប្រកួត​​ទល់​នឹង​យុវជន​​ថ្នាល​កម្ពុជា​។
ទន្ទឹម​នឹង​​​នេះ​ ក៏​មាន​ការ​​គាំ​ទ្រ​ និង​ សហការ​គ្នា​ដូច​ជា​​ គាំទ្រ​ផ្នែក​គ្រូ​បង្វឹក​ ​អាជ្ញាកណ្ដាល​​ ពេទ្យ​កីឡា​ និង​ ការ​ដឹក​នាំ​ក្លិប​អាជីព​​​ ឬ ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​​លីក​កម្ពុជា​ល្បី​ដូច​លីក​ជប៉ុន​ជា​ដើម។
​ជា​មួយ​គ្នា​​នេះ​ ​ឯកឧត្ដម​ សៅ​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​ថ្លែង​បន្ទាប់​ថា​​នេះ​ជា​មុខ​មាត់​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ដែល​​ កម្ពុជា​បង្កើត​ទំនាក់ទំនង​​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​​ទាំង​ពីរ ​ក្នុង​វិស័យ​បាល់ទាត់​​។ ​នេះ​ជា​ការ​ចាប់​ផ្ដើម​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​ ​​ព្រោះ​ជប៉ុន​មាន​វិស័យ​បាល់ទាត់​ខ្លាំង​ ទន្ទឹម​នឹង​ការ​​​ចាប់​​ផ្ដើម​​​​​រៀប​ចំ​យុវជន​ថ្នាល​​នា​ចុង​ឆ្នាំ​នេះ​នៅ ​មជ្ឈមណ្ឌល​បាល់ទាត់​បាទី។
មុន​មក​​ចាប់​ដៃ​​​ និង​ ជួយ​​ជំរុញ​បាល់ទាត់​កម្ពុជា​ ​J-League ​បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​​​​​ជា​មួយ​ប្រទេស​​​នៅ​តំបន់​អាស៊ាន​​រួម​ មាន​ ថៃ​ មីយ៉ាន់ម៉ា​ ​និង វៀតណាម​​កាល​​ឆ្នាំ​មុន។ ក្នុង​​នោះ​​ក្រុម​ខ្លាំងៗ​មួយ​ចំនួន​​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ប្រកួត​ មិត្តភាព​ទល់​នឹង​ក្រុម​នៃ​ប្រទេស​ទាំង​នេះ៕

No comments:

Post a Comment

Welcome to AngkorKhmer