បទចម្រៀង Gangnam Style ដ៏ល្បីល្បាញរបស់ Psy ត្រូវបានក្រុមប៉ូលិសអង់គ្លេសយកទៅថតជាវីដេអូដើម្បីរៃអង្គាស ប្រាក់ជួយដល់ក្មេងប្រុសដែលមានដុះដុំសាច់ក្នុងខួរក្បាល។ ប៉ុន្តែឲ្យស្តាយ អ្នកផ្តើមគំនិតនេះ ស្រាប់តែជួបរឿងមិនល្អទៅវិញ។
ក្រោយថតចប់ វីដេអូចម្រៀង Gangnam Style ដែលថត និងសម្ដែងដោយក្រុមប៉ូលិសអង់គ្លេសនេះ ត្រូវបង្ហោះលើប្រព័ន្ធអ៊ីនធឺណិត ក្នុងបានតែបួនថ្ងៃប៉ុណ្ណោះ ទឹកប្រាក់ឧបត្ថម្ភកើនឡើងដល់១០,០០០ផោន(ប្រមាណ១៩,០០០ដុល្លារ)។
ប៉ុន្តែ យោងតាមសារព័ត៌មាន Digital Spy របស់អង់គ្លេសបានចុះផ្សាយថា លោកប៉ូលិស Gary Watts អ្នកផ្តួចផ្តើមគំនិតថតវីដេអូនេះ បែរជាត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទកំហុសឆ្គងផ្នែក វិជ្ជាជីវៈជាប៉ូលិស ហើយត្រូវគណៈកម្មការបណ្តឹងប៉ូលិសឯករាជ្យ សម្រេចព្យួរការងារលោកមួយរយៈ។
ទោះយ៉ាងណា លោក Gary Wattsបានថ្លែងថា៖ “កាលដែលយើងបង្ហាញថា ប៉ូលិសក៏មានភាពជាមនុស្សដែរ នឹងអាចបង្កើនការទុកចិត្ត និងការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ”។
វីដេអូចម្រៀង Gangnam Style ដែលលោក Watts និងក្រុមប៉ូលិសមិនជាប់កាតព្វកិច្ចផ្សេងទៀតផលិតឡើងនេះ គឺដើម្បីជួយដល់កុមារាអាយុ១២ឆ្នាំម្នាក់ ដែលក្លាយខ្លួនជាមនុស្សពិការក្រោយពីធ្វើការវះកាត់យកដុំសាច់ ក្នុងខួរក្បាលចេញ៕
No comments:
Post a Comment
Welcome to AngkorKhmer