May 23, 2013

គេហទំព័រវៀតណាមរិះគន់អ្នកនិពន្ធខ្មែរលួចចម្លងបទចម្រៀងផលិតនៅវៀតណាម


មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីគេហទំព័រដ៏ល្បីលេខ ១នៅប្រទេសវៀតណាមគឺគេហទំព័រ zing.vn បានចុះផ្សាយជាបន្ដបន្ទាប់ពីការ លួចចម្លងបទចម្រៀងល្បីៗរបស់ប្រទេសវៀតណាមពីសំណាក់អ្នកនិពន្ធ ចម្រៀងនៅកម្ពុជា។ ការចុះផ្សាយនេះ បានក្លាយទៅជាក្ដីអាម៉ាស់មួយសម្រាប់ អ្នកនិពន្ធកម្ពុជាដែលកន្លងមកក៏ត្រូវ បានគេរិះគន់មិនសំចៃមាត់ពីប្រជាពល រដ្ឋក្នុងស្រុកថា មិនមានគំនិតច្នៃប្រឌិត បង្កើតថ្មីក្រៅតែពីចាំលួចចម្លងស្នាដៃ អ្នកដទៃនោះ ។


នៅក្នុងអត្ថបទផ្សព្វផ្សាយនោះគេ ឃើញមានការរិះគន់និងបន្ដុះបង្អាប់ យ៉ាងចាស់ដៃមកដល់អ្នកនិពន្ធបទភ្លេង នៅកម្ពុជាដែលតែលួចយកបទល្បីៗ របស់វៀតណាមមកឱ្យអ្នកចម្រៀងនៅ កម្ពុជាច្រៀងក្នុងនោះមានផលិតកម្មនៅ កម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការលួច ចម្លងនេះមានផលិតកម្ម រស្មីហង្សមាស, ផលិតកម្មថោន, ផលិតកម្ម M ជាដើម។


គេហទំព័រវៀតណាម zing.vn បានចុះ ផ្សាយអត្ថបទមួយដែលមានចំណងជើងធំៗថា "Điểm lại 8 vụ đạo 'hit' Vpop trắng trợn của ca sĩ Campuchia" ដែលបកជាភាសាខ្មែរថា “រំលឹកឡើង វិញនូវបទចម្រៀងល្បីៗ Vpop ទាំង៨បទ ដែលលួចចម្លងដោយអ្នកចម្រៀងកម្ពុជា”ដោយរៀបរាប់ពីការលួចចម្លងបទ ចម្រៀងពីគេដោយមិនចេះអៀនខ្មាសអ្វីបន្ដិចសោះឡើយពីតារាចម្រៀងរបស់ គេ (វៀតណាម) ទាំងស្រីទាំងប្រុស។ ក្រៅ ពីការចោទប្រកាន់គេហទំព័រមួយ នេះបានបង្ហាញនូវភស្ដុតាងមួយចំនួន ដើម្បីបញ្ជាក់ពីការលួចចម្លងដោយ មិនខ្មាសអៀនរបស់អ្នកនិពន្ធនៅកម្ពុជា មួយចំនួននោះ ។

បទចម្រៀងទាំង៨របស់ខ្មែរ ដែលខាង កាសែតវៀតណាមលើកយកមកបក ស្បែកឱ្យប្រជាពលរដ្ឋគេបានដឹងបានឮ និងបញ្ចេញមតិយោបល់ មើលងាយអ្នក និពន្ធទំនុកច្រៀងខ្មែរនោះ រួមមាន ១- បទ“សង្សារចាស់នៅតែនឹកបង” ច្រៀង ដោយ កញ្ញា ទេព បូព្រឹក្ស, ២-បទ “គ្មានតម្លៃ” ច្រៀងដោយ កញ្ញា មាស សុខសោភា, ៣-បទ “សង្សារគ្រាន់តែជា អ្នកដទៃ” ច្រៀងដោយ កញ្ញា ពេជ្រ សោភា, ៤-បទ “Get On the Floor” ច្រៀង ដោយលោក ឆន សុវណ្ណរាជ, ៥-បទ “បងចេះក្បត់អូន អូនក៏ចេះក្បត់បង” ច្រៀងដោយកញ្ញា ទេព បូព្រឹក្ស, ៦-បទ “ហៅសុបិន” ច្រៀងដោយកញ្ញា ឱក សុគន្ធកញ្ញា, ៧-បទ “មនោសញ្ចេតនា ក្បត់” ច្រៀងដោយ លោក គូមា និង ៨-បទ “សងនាទីផ្អែមល្ហែមបងវិញ” ច្រៀង ដោយលោក ព្រាប សុវត្ថិ ។


បទចម្រៀងទាំងអស់ខាងលើនេះ គ្រាន់តែជាបទមួយចំនួនល្បីៗរបស់ វៀតណាម ហើយដែលគេរកឃើញថា មានការលួចចម្លងពីភាគីកម្ពុជា។ តាម ពិតក្រៅពីបទចម្រៀងទាំងនេះនៅមាន បទចម្រៀងជាច្រើនទៀតរបស់វៀតណាម ដែលអ្នកនិពន្ធបទចម្រៀងខ្មែរមិនចេះ អៀនខ្មាស និងឈឺចាប់នោះ បានលួចចម្លង ហើយដែលភាគីវៀតណាមមិនទាន់ប្រទះ ឃើញ ។


សូមបញ្ជាក់ផងដែរនៅក្នុងខែឧសភា នេះ គេហទំព័រអនឡាញដ៏ល្បីមានចំនួន អ្នកទស្សនាច្រើនជាងគេបំផុតនៅវៀត ណាមខាងលើនេះបានចុះផ្សាយអត្ថបទ ជាច្រើនបន្ដបន្ទាប់គ្នា ស្ដីពីការដែលអ្នក ចម្រៀងខ្មែរបានលួចយកបទចម្រៀង របស់គេមកច្រៀង ហើយរាល់អត្ថបទ នីមួយៗ មានប្រជាជនវៀតណាមបាន ចូលមកបញ្ចេញមតិ ជេរស្ដី ដៀលត្មះ មិនសំចៃមាត់ដែលយើងជាខ្មែរបានឃើញ ហើយ ពិតជាឈឺចាប់គ្មានអ្វីថ្លែងឡើយ។


កន្លងមកគេដឹងថា បទចម្រៀងបរទេស ដែលអ្នកនិពន្ធបទភ្លេង ទំនុកច្រៀងនៅ កម្ពុជាភាគច្រើនលួចចម្លងមានដូចជា បទកូរ៉េ, អង់គ្លេស, ថៃ, ចិន, វៀតណាម ជាដើម។ ការភ្ញាក់ផ្អើលអំពីការរិះគន់ ផលិតកម្មនៅកម្ពុជាស្ដីពីការលួចថត ចម្លងស្នាដៃនេះត្រូវបានលេចធ្លាយក្រោយ ពេលដែលព័ត៌មាននេះត្រូវបានអ្នក និយមលេងបណ្ដាញទំនាក់ទំនងសង្គម បែបទំនើប Facebook បានជជែកគ្នា ចែកផ្សាយបន្ដគ្នា និងនាំគ្នាបញ្ចេញ ទស្សនៈជាច្រើនជុំវិញបញ្ហានេះ។ ព័ត៌មានចចាមអារ៉ាមដែលជាប្រធាន បទថ្មីសម្រាប់អ្នកលេងបណ្ដាញទំនាក់ ទំនងសង្គម Facebook ជជែកគ្នាបាន កើតមានឡើងជាមួយនឹងរូបភាពចំអក ចំពោះផលិតកម្មសាន់ដេ ក៏ដូចជា ផលិតកម្មក្នុងស្រុកនៅតែបន្ដនិន្នាការ លួចចម្លងស្នាដៃបរទេសទាំងដុលយ៉ាង គគ្រឹកគគ្រេង ។


ផ្ទុយពីសម័យនេះ អ្នកនិពន្ធជំនាន់ ដើមសុទ្ធតែទទួលការកោតសរសើរពី ប្រជាជនខ្លួនឯងថា មិនដែលជាប់ឈ្មោះ លួចចម្លងស្នាដៃប្រទេសណាមួយឡើយ ហើយបទចម្រៀងចាស់ៗនៅតែមាន តម្លៃអមតៈក្នុងស្មារតីប្រជាជនខ្មែរ ៕

No comments:

Post a Comment

Welcome to AngkorKhmer