ភ្នំពេញ
៖
ការព្រមានបែបនេះបានធ្វើឡើងនៅសន្និសីទសារព័ត៌មានមួយរបស់
ក្រុមការងារអន្តរក្រសួងសម្របសម្រួលព័ត៌មានសមរភូមិ
កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី
ប៉ុន្តែក្រុមប្រឹក្សាអ្នកសារព័ត៌មានចង់ឲ្យមានការបំភ្លឺជាដំបូងសិន
មុននឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មាន។
លោក
ឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា
កន្លងទៅថ្មីៗនេះ មានសារព័ត៌មាន
និងវិទ្យុមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានពីបញ្ហាព្រំដែន
ជាពិសេសនៅតំបន់ព្រំ ជាប់តំបន់សំឡូត បាត់ដំបង ប៉ៃលិន
និងតំបន់ភូមិភាគទី៥ ហើយបាននិយាយថា
ព្រំដែនបច្ចុប្បន្នត្រូវបានបាត់បង់មួយភាគធំ
ក្រោយពីសមាហរណកម្មអតីតខ្មែរក្រហមឆ្នាំ១៩៩៦ មក
គឺកាន់កាប់ដោយយោធាថៃ។ លោកអះអាងថា នេះគឺថាជាពាក្យមួយ
ដែលមិនអាចទទួលយកបានទេ
ហើយក្រសួងការពារជាតិសូមបដិសេធទាំងស្រុងនូវព័ត៌មាននោះ
និងបានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ព្រំដែនកម្ពុជា-ថៃ
ក៏ដូចជាព្រំដែនទូទាំងប្រទេសមិនមានការបាត់បង់ទេ
សូម្បីតែមួយមិល្លីម៉ែត្រ
ហើយកងយោធពលខេមរភូមិន្ទរបស់យើងជានិច្ចជាកាល គឺនៅតែឈរយ៉ាង
រឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីរហូតមក
មិនដែលឃើញមានកន្លែងណាមួយបាត់ បង់ដូចកាសែត និង
វិទ្យុមួយចំនួនបានលើកឡើងនោះទេ។
លោក
ឈុំ សុជាតិ បានបញ្ជាក់ថា “វិទ្យុខ្លះបានផ្សាយថាបាត់ជំរៅ១០
គីឡូម៉ែត្រ នៅតាម បណ្តោយព្រំដែននោះ ជារឿងមួយមិនអាចទទួលយកបានទេ
សូមបដិសេធទាំងស្រុង។
តួនាទីកងយោធពលខេមរភូមិន្ទនៅតែបន្តម៉ឺងម៉ាត់សុខចិត្តពលីជីវិត
ដើម្បីការពារមាតុភូមិ មិនអនុញ្ញាតឲ្យបរទេសណាឈ្លានពានសូម្បីតែ១
មិល្លីម៉ែត្រ កុំថាដល់ទៅ១០ គីឡូម៉ែត្រជ្រៅណាស់
ហើយអនុវត្តតាមការណែនាំជាប្រចាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន និងបទបញ្ជារបស់មេបញ្ជាការខេមរភូមិន្ទ”។
ចំណែក
លោកស្រីបណ្ឌិត កុយ ពិសី
អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុក
កិច្ចការព្រំដែនបានមានប្រសាសន៍ដែរថា មកដល់ពេលនេះ
យើងបានចាប់ផ្តើមរុករកបង្គោលព្រំដែន នៅលើទីតាំងចាស់ទាំង៧៣
ដែលបានបង្ហាញនៅលើផែនទីឯកសារយោងនៅឆ្នាំ១៩០៤ និង១៩០៧
ហើយចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០០៨
យើងរកឃើញបង្គោលព្រំដែនចាស់ចំនួន៤៨ ប៉ុន្តែដូចដែលយើងបានឃើញហើយ
ដោយសារមានបញ្ហារឿងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨
ការងារចុះវាស់បង្គោលព្រំដែនត្រូវបានផ្អាកមួយរយៈសិន
ហើយនៅក្នុងឆ្នាំ២០១២
កន្លងទៅថ្មីៗនេះក្រុមការងារវាស់វែងបង្គោលព្រំដែនរបស់យើង
បានចាប់ផ្តើមធ្វើការ នេះឡើងវិញគឺក្រុមការងាររបស់យើងរុករកបង្គោល
ដែលនៅសល់ចំនួន២៥ ទៀត គឺយើងចាប់ផ្តើមពីបង្គោលលេខ២២
ហើយបច្ចុប្បន្ននេះ គឺយើងនៅបង្គោលព្រំដែនលេខ ១៩ ហើយយើងសង្ឃឹមថា
កិច្ចការនេះនឹងបានបញ្ចប់ដ៏រលូននៅក្នុងពេលដ៏ខ្លីខាងមុខ។
លោកស្រី
បណ្ឌិត កុយ ពិសី បានបញ្ជាក់ថា យើងខិតខំប្រឹងប្រែងការពារបូរណភាព
ទឹកដីកម្ពុជា ហើយអ្វីដែលយើងធ្វើ
យើងអត់មានធ្វើទៅតាមការស្រមើស្រមៃនោះទេ
គឺអ្នកបច្ចេកទេសយើងសុទ្ធតែអ្នកមានបទពិសោធន៍
មានសមត្ថភាពខាងព្រំដែនច្បាស់លាស់ ដូច្នេះ
ហើយការងារនេះប្រសិនបើយើងធ្វើមិនបានគ្រប់ជ្រុងជ្រោយ
យើងធ្វើមិនបានត្រឹមត្រូវតាម ឯកសារដែលមាននោះ
លោកសារព័ត៌មានអាចងាយដឹងបាន យើងដឹងហើយថាការងារព្រំ ដែន
មិនមែនយើងចេះតែនិយាយតាមតែការនឹកឃើញនោះទេ គឺយើងមានឯកសារ
វាមានដិតដាន
វាមានរឿងរ៉ាវប្រវត្តិសាស្ត្រស្ថិតជាប់ជាមួយគ្នានៅក្នុង
បច្ចុប្បន្នភាព។
លោក
លើកឡើងទៀតថា
ការដែលលើកឡើងពីបញ្ហាព្រំដែនធ្វើអោយបាត់បង់ទឹកដីកាន់តែច្រើនថែមទៀត
នោះ ជាការបំផ្លើសគ្មានការពិត ហើយអ្នកនិយាយ
ដែលជាអ្នកស្រាវជ្រាវឯករាជ្យ ចេះតែនិយាយឲ្យតែបាន
ក៏ប៉ុន្តែអ្នកដែលធ្វើព្រំដែនគឺ មិនអោយតំលៃអ្នកនិយាយរបៀបនោះទេ
ការនិយាយដូចនេះ គឺដូចវាយប្រហារមកលើរាជរដ្ឋាភិបាល ដោយគ្មានភស្តុតាង។
ដូច្នេះក្នុងនាមជាអ្នកសារព័ត៌មាន ក៏ដូចជាលោកស្រីផ្ទាល់
ជាពិសេសរាជរដ្ឋាភិបាល បណ្ដុំទៅដោយអ្នកចេះដឹង
អ្នកដែលមានជំនាញព្រំដែនច្បាស់លាស់លើកិច្ចការព្រំដែន
នេះគឺតស៊ូលំបាកណាស់ ពុះពារគ្រប់ឧបសគ្គទាំងអស់
ដើម្បីការពារបូរណភាពទឹកដីនៃព្រះ រាជាណាចក្រកម្ពុជាយើង
ប៉ុន្តែបើលោកអ្នកនិយាយមិនបានជួយធ្វើកិច្ចការនេះទេ
មុននឹងនិយាយស្តីចេញមក សូមឲ្យគិតទៅថា
អ្វីដែលខ្លួននិយាយនឹងមានផលប្រយោជន៏អ្វីខ្លះចំពោះជាតិ។
លោកស្រី
បន្តថា
“បើនិយាយគ្រាន់តែវាយប្រហារដើម្បីលើកតម្កើងខ្លួនឯងសូមកុំមានមតិ
យោបល់របៀបនេះ គួរតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់
ហើយបើមានបញ្ហាអ្វី ដែលលោកមិនយល់ច្បាស់
ខ្ញុំរីករាយនឹងផ្តល់ព័ត៌មានជូនលោកអ្នកសារព័ត៌មាន
ហើយអ្វីដែលជាសំណូមពររបស់ខាងព្រំដែននេះ
គឺជួយលើកទឹកចិត្តឲ្យក្រុមអ្នកបច្ចេកទេសយើង ដែលខំពលិកម្ម
សាច់ស្រស់ឈាមស្រស់ រស់នៅយ៉ាងលំបាកនៅក្នុងតំបន់ព្រៃភ្នំ
ដើម្បីការពារបូរណភាពទឹកដីរបស់យើងទាំងអស់គ្នា។ ពីព្រោះទឹកដី
ឬបញ្ហាព្រំដែនមិនមែនជាភារកិច្ចខំរបស់គណៈកម្មាធិការចម្រុះ
តែមួយមុខនោះទេ យើងទាំងអស់គ្នាត្រូវអោយតំលៃ
លើកទឹកចិត្តពួកនាងខ្ញុំដែលអ្នកខិតខំធ្វើកិច្ចការនេះ”។
រីឯ
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា
អ្វីដែលយើងចាត់វិធានការផ្លូវច្បាប់នឹងអាចកើតមាន
ពីព្រោះបញ្ហាព្រំដែនជាបញ្ហាសន្តិសុខជាតិ និងអធិបតេយ្យ
ហើយនៅពេលប៉ះព្រំដែនហើយមិនមែនតុលាការធម្មតាទេ គឺតុលាការយោធា
ដែលជាផលប្រយោជន៍យោធា ជាការបំផ្លាញកិត្តិយស
ជាការបំបាក់ទឹកចិត្តយុទ្ធជននៅតាមព្រំដែន
ហើយកិច្ចសហការនឹងកើតមានចាប់ពីពេលនេះតទៅ។
ទាក់ទង
ទៅករណីខាងលើនេះ លោក ពុយ គា
សមាជិកគណៈកម្មាធិការនាយករបស់ក្រុមប្រឹក្សាសីលធម៌អ្នកសារព័ត៌មាន
កម្ពុជាបានមានប្រសាសន៍ថា អ្នកកាសែតមានច្បាប់មួយ
ដូច្នេះលោកចង់ឲ្យប្រច្បាប់អ្នកសារព័ត៌មានវិញ
ជាជាងការប្តឹងទៅតុលាការ។ លោកលើកឡើងយ៉ាងនេះថា
“សំរាប់ខ្ញុំយើងដឹងហើយថា
នៅក្នុងប្រទេសរបស់យើងមានច្បាប់សារព័ត៌មាន
ដូច្នេះចង់ឲ្យមានការប្រើច្បាប់នេះ ជាជាងយកវិធានការផ្លូវច្បាប់
ដើម្បីប្តឹងអ្នកសារព័ត៌មានទៅតុលាការ គឺចង់បានថា
បើការផ្សាយនោះវាខុស គឺសុំឲ្យសារព័ត៌មាននោះកែតម្រូវ
ហើយស្រាយបំភ្លឺមកថា ក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាលក៏ដោយ
ឬក្រសួងការពារជាតិ ឬផ្នែកណាមួយក៏ដោយ
ដែលទទួលបន្ទុកផ្នែកព្រំដែនហ្នឹង លោកបញ្ជាក់ឲ្យច្បាស់ថា
ការផ្សព្វផ្សាយហ្នឹងមិនត្រឹមត្រូវទេ វាខុសឆ្គងហើយ
ដូច្នេះត្រូវធ្វើការបំភ្លឺ ហើយយើងត្រូវឲ្យវិទ្យុ
ឬសារព័ត៌មានហ្នឹងធ្វើការផ្សព្វផ្សាយឡើងវិញ ដើម្បីធ្វើការកែតម្រូវ
នេះគឺជាវិធានការដែលសមស្របបំផុត
និងយោងទៅតាមច្បាប់សារព័ត៌មានរបស់យើងដែលមានស្រាប់”។
លោក
ពុយ គា អះអាងថា “ប្រសិនបើសារព័ត៌មាននោះ
បដិសេធមិនព្រមផ្សព្វផ្សាយឡើងវិញ នោះជាវិធានការទី២
ដែលត្រូវធ្វើការប្តឹងតាមផ្លូវច្បាប់
ដែលនេះមាននៅក្នុងច្បាប់សារព័ត៌មាន អីចឹងទេខ្ញុំថា
បើនៅក្នុងដំណាក់កាលជំហានដំបូងយើងឃើញថា ការផ្សព្វផ្សាយនោះ មានការខុស
ឬមិនត្រឹមត្រូវយើងសុំឲ្យមានបំភ្លឺ ជាជាងការប្តឹងទៅតុលាការ
នេះជាការធ្វើនៅក្នុងប្រទេសផ្សេងៗ”។
ឆ្លើយតប
ទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា តើការប្រកាសនេះ
អាចបញ្ជាក់យ៉ាងម៉េចចំពោះសេរីភាពសារព័ត៌មាន លោក ពុយ គា បញ្ជាក់ថា
នៅក្នុងពិភពលោកយើងនេះ មានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន
ដែលមានមូលដ្ឋាននៅប្រទេសបារាំង តែងតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ
ដើម្បីវាយតម្លៃទៅលើស្ថានភាពសេរីភាពសារព័ត៌មានប្រចាំប្រទេសនីមួយៗ
ហើយក្នុងនោះ
ប្រទេសកម្ពុជាយើងក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អក្នុងចំណោមបណ្តា
ប្រទេសអាស៊ានផងដែរ ហើយក្រោយមកក៏មានការធ្លាក់ចុះខ្លះ
ដោយសារមានការគំរាមកំហែង និងសម្លាប់អ្នកសារព័ត៌មាន
ដូច្នេះគួរតែរក្សាចំណាត់ថ្នាក់នេះឡើងវិញ
ដើម្បីរក្សាកិត្តិយសរបស់ប្រទេសកម្ពុជាយើង។
លោក
ពុយ គា អះអាងថា “ការដែលយើងប្តឹងផ្តល់ទៅលើអ្នកសារព័ត៌មាន
វាអាចប៉ះពាល់ទៅដល់កិត្តិយសរបស់ប្រទេស
អីចឹងជាមួយខ្ញុំក្នុងនាមអ្នកសារព័ត៌មានអាជីពមួយរូបដែរ
ចង់ឲ្យមានការសម្របសម្រួលជាជាងប្តឹងទៅតាមផ្លូវច្បាប់នៅក្នុង
ដំណាក់កាលដំបូង
លើកលែងតែសារព័ត៌មាននោះមិនធ្វើទៅតាមការស្នើសុំឲ្យមានការកែតម្រូវ”៕