Mar 10, 2013

សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ចូលគណបក្សសង្គ្រោះជាតិ




ភ្នំពេញ: ប្រភពពីមន្ត្រីនៃគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ព្រះអង្គបានសម្រេចចិត្តទៅចូលគណបក្សសង្គ្រោះជាតិមានឋានៈជាប្រធានកិត្តិយសគណបក្ស។

ប្រភពដដែលបានឲ្យដឹងបន្តថា នៅក្នុងពិធីសមាជនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិនៅពេលខាងមុខនេះ គេនឹងធ្វើពិធីបញ្ចូលសម្តេចក្រុមព្រះជាផ្លូវការទៅក្នុងគណបក្ស ពីព្រោះលោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកឹម សុខា អនុប្រធានគណបក្សបានចាត់ទុកសម្តេចក្រុមព្រះ ជាអ្នកនយោបាយដែលមានការពេញនិយមនៅក្នុងចំណោមប្រជាពលរដ្ឋវ័យចំ ណាស់មួយចំនួនហើយ នៅពេលដែលសម្តេចក្រុមព្រះជួយចេញឃោសនានោះ គឺអាចស្រូបសម្លេងគាំទ្រពីសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណ បក្សមួយចំនួនមកចូលរួមបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។

យោងតាមប្រភពដដែលបានឲ្យដឹងបន្តថា សម្តេចក្រុមព្រះបានទាមទារឈរឈ្មោះជាបេក្ខភាពសមាជិកសភាក្នុងការបោះឆ្នោត អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលលកណ្តាលលំដាប់ទី១ នៃគណបក្សសង្គ្រោះជាតិផងដែរ ដោយរុញលោកអេង ឆៃ អ៊ាង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្តាលឲ្យមកឈរនៅលេខរៀងទី២វិញ ដែលទង្វើនេះបានធ្វើឲ្យលោក អេង ឆៃអ៊ាង មិនសប្បាយចិត្តជាមួយនិងសម្តេចក្រុមព្រះទេ។

សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ដែលព្រះអង្គមានចរិកនយោបាយ ដូចសត្វអន្ទង់នោះ ពុំត្រូវបានសមាជិកនៃគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច ចាប់អារម្មណ៍សុំយាងព្រះអង្គមកគង់ដឹកនាំនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចវិញឡើយ ដោយក្រុមមន្ត្រីទាំងនោះបានស្គាល់ពីចរិតនយោបាយក្រោមកន្ទុយក្បិនរបស់ព្រះអង្គយ៉ាងច្បាស់ ក្រឡែត ពីព្រោះស្ថិតនៅក្នុងកាលៈទេសៈនេះ ព្រះអង្គពុំអាចជួយខ្លួនឯងបានទេ សូម្បីក្រុមគ្រួសារតូចមួយរបស់ខ្លួននោះ។

លោកញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់មានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ពុំបានចាត់ទុកសម្តេចក្រុមព្រះថាជាមនុស្ស សំខាន់ទេ និងពុំអាចជួយឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចមានសម្លេងច្រើនបានឡើងវិញឡើយ៕

No comments:

Post a Comment

Welcome to AngkorKhmer