Mar 11, 2013

លោក សម រង្ស៊ី លោក ហ៊ុន សែន ព្រះអង្គម្ចាស់ក្សត្រី អារុណរស្មី ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី


សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ខែ​កក្កដា​​ឆ្នាំ​២០១៣​ខាង​មុខ​ នេះ គណបក្ស​សង្រ្គោះជាតិ​នឹង​តែងតាំង​លោក សម រង្ស៊ី ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​អាច​តែងតាំង​ព្រះអង្គ​ម្ចាស់ក្សត្រី​នរោត្តម​ អារុណរស្មី ជា​បេក្ខនារី​នាយក​រដ្ឋមន្រ្តី។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​តែងតាំង​លោក ហ៊ុន សែន ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត។

លោក ​ហ៊ុន សែន លោក ​សម រង្ស៊ី និង​ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម ​អារុណរស្មី

លោក ប៉ុល ហំម អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​នឹង​តែងតាំង​លោក​ សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​អោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​ រដ្ឋមន្រ្តី​​តំណាង​អោយ​គណបក្សសង្រ្គោះជាតិ​សម្រាប់​ការ​បោះឆ្នោតជាតិ​ខែ​ កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ ការ​សម្រេច​នេះ​នឹង​ធ្វើ​ឡើង​ជា​ផ្លូវការ​ម្តងទៀត នៅ​ក្រោយ​សមាជ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ សមាជ​លើក​ទី១​របស់​គណបក្ស​សង្គ្រោះជាតិ​មាន​ទិសដៅ​ប្រកាស​ជា​ផ្លូវការ​នូវ​ តួនាទី​ប្រធាន​គណបក្ស​ អនុ​ប្រធានគណបក្ស​ និង​ថ្នាក់​ដឹកនាំ​ដទៃ​មួយ​ចំនួន​ផ្សេង​ទៀត។
លោក ប៉ុល ហំម អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះឆ្នោត លោក សម រង្ស៊ី​នឹង​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ លោក កឹម សុខា អនុ​ប្រធានគណបក្ស​សង្រ្គោះជាតិ​នឹង​ក្លាយ​ទៅ​ជា​​ប្រធាន​រដ្ឋសភាជាតិ។ សម្រាប់​បេក្ខភាព​របស់​ លោក កឹម សុខា វា​គ្មាន​បញ្ហា​ទេ។ ប៉ុន្តែ​សម្រាប់​លោក សម រង្ស៊ី មាន​សំណួរ​ជា​ច្រើន​បាន​លើក​ឡើង​ថា តើ​លោក​អាច​ក្លាយ​ខ្លួន​ទៅ​ជា​នាយក​រដ្ឋមន្រ្តី​ម្តេច​នឹង​កើត​ បើ​រូប​លោក​ត្រូវ​បាន​ហាម​ឃាត់​មិន​អោយ​ចូល​រួម​បោះឆ្នោត​ដោយសារ​តែ​ជាប់​ ទោស​រឿង​ព្រំដែន​នោះ?។
សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​បាន​​បញ្ជាក់​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ ​ថា គណបក្ស​មិន​ទាន់​បាន​សម្រេច​ជាផ្លូវការ​ថា នណា​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ជា​គោលការណ៍ ប្រធាន​គណបក្ស​នឹង​ក្លាយ​ទៅ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី។ ត្រង់​ចំណុច​នេះ សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​មិនា​ខាងមុខ​នេះ គណបក្ស​នឹង​រៀបចំ​សមាជ​ជ្រើសតាំង​ព្រះអង្គ​ម្ចាស់ក្សត្រី​នរោត្តម​ អារុណរស្មី ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ដូច្នេះ បើ​ផ្អែក​លើ​គោលការណ៍​របស់​បក្ស ព្រះអង្គម្ចាស់ក្សត្រី​នឹង​ក្លាយ​ទៅ​ជា​បេក្ខនារី​នាយក​រដ្ឋមន្រ្តី​តំណាង​ អោយ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ។ កាល​ពី​អាណត្តិ​ឆ្នាំ​២០០៨​កន្លង​មក ព្រះអង្គម្ចាសក្សត្រី​ធ្លាប់​ឈរ​ឈ្មោះ​ក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី​ម្តង​ រួច​មក​ហើយ។ ប៉ុន្តែ​មិន​ទទួល​បាន​ជ័យជំនះ​ទេ។
ងាក​មក​និយាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គណបក្ស​បាន​សម្រេច​នឹង​បញ្ជាក់​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ថា លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ ហើយ​នឹង​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់​ឆ្នោត​ដដែល​នោះ។
គួរ​កត់​សម្គាល់​ថា សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្រ្ត​ឆ្នាំ​២០១៣​នេះ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​ដែល​ធ្លាប់​ជា​គូប្រជែង​នយោបាយ​ដ៏​សំខាន់​មួយ​ព្រះអង្គ​ដែរ​នោះ មិន​​បាន​ឈរឈ្មោះ​ក្នុង​នាម​ជា​អ្នកនយោបាយ​ទៀត​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​ចូល​និវត្ត​ក្នុង​ឆាក​នយោបាយ​ខ្មែរ​ មួយ​រយៈ​សិន៕

No comments:

Post a Comment

Welcome to AngkorKhmer