Mar 29, 2013

រាជរដ្ឋាភិបាល​ព្រមាន​ចាត់វិធានការ​​ផ្លូវច្បាប់​ចំពោះ​វិទ្យុ​អាស៊ី​សេរី​ដែល​ផ្សាយ​ព័ត៌មាន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​



M29-b-fullភ្នំពេញ ​ ៖ ​ការព្រមាន​បែបនេះ​បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​របស់​ ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​ព័ត៌មាន​សមរភូមិ​ កាលពី​ព្រឹក​ថ្ងៃទី​២៨ ​ខែមីនា ​ឆ្នាំ​២០១៣​ នៅ​ទីស្តី​ការគណៈរដ្ឋមន្ត្រី ​ប៉ុន្តែ​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​ចង់​ឲ្យ​មាន​ការ​បំភ្លឺ​ជាដំបូង​សិន ​មុន​នឹង​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកសារព័ត៌មាន។
លោក ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​មាន​ប្រសាសន៍​ថា កន្លងទៅ​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​វិទ្យុ​មួយចំនួន​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន ជាពិសេស​នៅ​តំបន់​ព្រំ ជាប់​តំបន់​សំឡូត បាត់ដំបង ប៉ៃលិន និង​តំបន់​ភូមិភាគ​ទី​៥ ហើយ​បាន​និយាយ​ថា ព្រំដែន​បច្ចុប្បន្ន​ត្រូវ​បាន​បាត់បង់​មួយ​ភាគ​ធំ ក្រោយពី​សមាហរណកម្ម​អតីត​ខ្មែរក្រហម​ឆ្នាំ​១៩៩៦ មក គឺ​កាន់កាប់​ដោយ​យោធា​ថៃ។ លោក​អះអាង​ថា នេះ​គឺថា​ជា​ពាក្យ​មួយ ដែល​មិនអាច​ទទួលយក​បានទេ ហើយ​ក្រសួងការពារជាតិ​សូម​បដិសេធ​ទាំងស្រុង​នូវ​ព័ត៌មាន​នោះ និង​បាន​បញ្ជាក់​ថា រហូតមកដល់​ថ្ងៃនេះ ព្រំដែន​កម្ពុជា​-​ថៃ ក៏ដូចជា​ព្រំដែន​ទូទាំង​ប្រទេស​មិនមាន​ការបាត់បង់​ទេ សូម្បី​តែមួយ​មិល្លីម៉ែត្រ​ ហើយ​កងយោធពល​ខេមរភូមិន្ទ​របស់​យើង​ជានិច្ច​ជា​កាល គឺ​នៅតែ​ឈរ​យ៉ាង រឹងមាំ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ការពារ​បូរណភាព​ទឹកដី​រហូត​មក មិនដែល​ឃើញ​មាន​កន្លែង​ណាមួយ​បាត់ បង់​ដូច​កាសែត និង វិទ្យុ​មួយចំនួន​បាន​លើកឡើង​នោះទេ។
លោក ឈុំ សុជាតិ បាន​បញ្ជាក់​ថា “​វិទ្យុ​ខ្លះ​បាន​ផ្សាយ​ថា​បាត់​ជំរៅ​១០ គីឡូម៉ែត្រ នៅ​តាម បណ្តោយ​ព្រំដែន​នោះ ជា​រឿង​មួយ​មិនអាច​ទទួលយក​បានទេ សូម​បដិសេធ​ទាំងស្រុង។ តួនាទី​កងយោធពល​ខេមរភូមិន្ទ​នៅតែ​បន្ត​ម៉ឺងម៉ាត់​សុខចិត្ត​ពលី​ជីវិត ដើម្បី​ការពារ​មាតុភូមិ មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​ឈ្លានពាន​សូម្បីតែ​១ មិល្លីម៉ែត្រ កុំ​ថា​ដល់​ទៅ​១០ គីឡូម៉ែត្រ​ជ្រៅ​ណាស់ ​ហើយ​អនុវត្ត​តាម​ការណែនាំ​ជាប្រចាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បទបញ្ជា​របស់​មេបញ្ជាការ​ខេមរភូមិន្ទ”។
ចំណែក ​លោកស្រី​បណ្ឌិត កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​ កិច្ចការ​ព្រំដែន​បាន​មាន​ប្រសាសន៍​ដែរ​ថា មកដល់ពេលនេះ យើង​បាន​ចាប់ផ្តើម​រុករក​បង្គោល​ព្រំដែន​ នៅ​លើ​ទីតាំង​ចាស់​ទាំង​៧៣ ដែល​បាន​បង្ហាញ​នៅ​លើ​ផែនទី​ឯកសារយោង​នៅ​ឆ្នាំ​១៩០៤ និង​១៩០៧ ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ ២០០៨ យើង​រក​ឃើញ​បង្គោល​ព្រំដែន​ចាស់​ចំនួន​៤៨ ប៉ុន្តែ​ដូចដែល​យើង​បានឃើញ​ហើយ ដោយសារ​មាន​បញ្ហា​រឿង​ប្រាសាទព្រះវិហារ នៅ​ឆ្នាំ​២០០៨ ការងារ​ចុះ​វាស់​បង្គោល​ព្រំដែន​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​សិន ហើយ​នៅក្នុង​ឆ្នាំ​២០១២ កន្លងទៅ​ថ្មីៗ​នេះ​ក្រុមការងារ​វាស់វែង​បង្គោល​ព្រំដែន​របស់​យើង​ បានចាប់ផ្តើម​ធ្វើការ នេះ​ឡើងវិញ​គឺ​ក្រុមការងារ​របស់​យើង​រុករក​បង្គោល ដែល​នៅសល់​ចំនួន​២៥ ទៀត គឺ​យើង​ចាប់ផ្តើម​ពី​បង្គោល​លេខ​២២ ហើយ​បច្ចុប្បន្ន​នេះ គឺ​យើង​នៅ​បង្គោល​ព្រំដែន​លេខ ១៩ ហើយ​យើង​សង្ឃឹមថា កិច្ចការ​នេះ​នឹង​បាន​បញ្ចប់​ដ៏​រលូន​នៅ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។
លោកស្រី ​បណ្ឌិត កុយ ពិសី បាន​បញ្ជាក់​ថា យើង​ខិតខំ​ប្រឹងប្រែង​ការពារ​បូរណភាព ទឹកដី​កម្ពុជា ហើយ​អ្វី​ដែល​យើង​ធ្វើ យើង​អត់​មាន​ធ្វើ​ទៅតាម​ការស្រមើស្រមៃ​នោះ​ទេ គឺ​អ្នកបច្ចេកទេស​យើង​សុទ្ធតែ​អ្នកមាន​បទពិសោធន៍​ មាន​សមត្ថភាព​ខាង​ព្រំដែន​ច្បាស់លាស់ ដូច្នេះ ហើយ​ការងារ​នេះ​ប្រសិនបើ​យើង​ធ្វើ​មិនបាន​គ្រប់​ជ្រុងជ្រោយ យើង​ធ្វើ​មិនបាន​ត្រឹមត្រូវ​តាម ឯកសារ​ដែល​មាន​នោះ លោក​សារព័ត៌មាន​អាច​ងាយ​ដឹង​បាន យើង​ដឹង​ហើយ​ថា​ការងារ​ព្រំ ដែន មិនមែន​យើង​ចេះតែ​និយាយ​តាមតែ​ការ​នឹកឃើញ​នោះ​ទេ គឺ​យើង​មាន​ឯកសារ វា​មាន​ដិត​ដាន វា​មាន​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ស្ថិត​ជាប់​ជាមួយគ្នា​នៅក្នុង​ បច្ចុប្បន្នភាព។
លោក ​លើកឡើង​ទៀតថា ការដែល​លើកឡើង​ពី​បញ្ហា​ព្រំដែន​ធ្វើអោយ​បាត់បង់​ទឹកដី​កាន់តែច្រើន​ថែមទៀត​ នោះ ជា​ការ​បំផ្លើស​គ្មាន​ការពិត ហើយ​អ្នក​និយាយ ដែលជា​អ្នកស្រាវជ្រាវ​ឯករាជ្យ ចេះតែ​និយាយ​ឲ្យ​តែ​បាន ក៏ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ព្រំដែន​គឺ មិន​អោយ​តំលៃ​អ្នក​និយាយ​របៀប​នោះទេ ការនិយាយ​ដូចនេះ គឺ​ដូច​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល ដោយ​គ្មាន​ភស្តុតាង។ ដូច្នេះ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន ក៏ដូចជា​លោកស្រី​ផ្ទាល់ ជាពិសេស​រាជរដ្ឋាភិបាល បណ្ដុំ​ទៅដោយ​អ្នកចេះដឹង អ្នក​ដែល​មាន​ជំនាញ​ព្រំដែន​ច្បាស់លាស់​លើ​កិច្ចការ​ព្រំដែន នេះ​គឺ​តស៊ូ​លំបាក​ណាស់ ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​យើង ប៉ុន្តែ​បើ​លោកអ្នក​និយាយ​មិនបាន​ជួយ​ធ្វើ​កិច្ចការ​នេះ​ទេ មុននឹង​និយាយស្តី​ចេញមក សូម​ឲ្យ​គិត​ទៅ​ថា អ្វីដែល​ខ្លួន​និយាយ​នឹងមាន​ផល​ប្រ​យោ​ជ​ន៏​អ្វីខ្លះ​ចំពោះ​ជាតិ។
លោកស្រី ​បន្តថា “​បើ​និយាយ​គ្រាន់តែ​វាយប្រហារ​ដើម្បី​លើក​តម្កើង​ខ្លួនឯង​សូមកុំ​មាន​មតិ​ យោបល់​របៀប​នេះ គួរតែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ ហើយ​បើ​មាន​បញ្ហា​អ្វី ដែល​លោក​មិន​យល់ច្បាស់ ខ្ញុំ​រីករាយ​នឹង​ផ្តល់ព័ត៌មាន​ជូន​លោកអ្នក​សារព័ត៌មាន ហើយ​អ្វី​ដែល​ជា​សំណូមពរ​របស់​ខាង​ព្រំដែន​នេះ គឺ​ជួយ​លើកទឹកចិត្ត​ឲ្យ​ក្រុម​អ្នកបច្ចេកទេស​យើង ដែល​ខំ​ពលិកម្ម សាច់​ស្រស់​ឈាម​ស្រស់ រស់នៅ​យ៉ាង​លំបាក​នៅក្នុង​តំបន់​ព្រៃភ្នំ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើងទាំងអស់គ្នា។ ពីព្រោះ​ទឹកដី ឬ​បញ្ហា​ព្រំដែន​មិនមែន​ជា​ភារកិច្ច​ខំ​របស់​គណៈកម្មាធិការ​ចម្រុះ តែមួយ​មុខ​នោះទេ យើង​ទាំងអស់គ្នា​ត្រូវ​អោយ​តំលៃ លើកទឹកចិត្ត​ពួកនាង​ខ្ញុំ​ដែល​អ្នក​ខិតខំ​ធ្វើ​កិច្ចការ​នេះ”។
រីឯ ​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា អ្វី​ដែល​យើង​ចាត់វិធានការ​ផ្លូវច្បាប់​នឹង​អាច​កើតមាន ពីព្រោះ​បញ្ហា​ព្រំដែន​ជា​បញ្ហា​សន្តិសុខ​ជាតិ និង​អធិបតេយ្យ ហើយ​នៅពេល​ប៉ះ​ព្រំដែន​ហើយ​មិនមែន​តុលាការ​ធម្មតា​ទេ គឺ​តុលាការយោធា ដែលជា​ផលប្រយោជន៍​យោធា ជា​ការ​បំផ្លាញ​កិត្តិយស ជា​ការ​បំបាក់ទឹកចិត្ត​យុទ្ធជន​នៅ​តាម​ព្រំដែន ហើយ​កិច្ចសហការ​នឹង​កើតមាន​ចាប់​ពីពេលនេះ​តទៅ។
ទាក់ទង ​ទៅ​ករណី​ខាងលើនេះ លោក ពុ​យ គា សមាជិក​គណៈកម្មាធិការ​នាយក​របស់​ក្រុមប្រឹក្សា​សីលធម៌​អ្នកសារព័ត៌មាន​ កម្ពុជា​បាន​មានប្រសាសន៍ថា អ្នកកាសែត​មានច្បាប់​មួយ ដូច្នេះ​លោក​ចង់​ឲ្យ​ប្រ​ច្បាប់​អ្នកសារព័ត៌មាន​វិញ ជាជាង​ការ​ប្តឹងទៅ​តុលាការ។ លោក​លើកឡើង​យ៉ាងនេះ​ថា “​សំរាប់​ខ្ញុំ​យើង​ដឹង​ហើយ​ថា នៅក្នុង​ប្រទេស​របស់​យើង​មានច្បាប់​សារព័ត៌មាន ដូច្នេះ​ចង់​ឲ្យ​មាន​ការប្រើ​ច្បាប់​នេះ ជាជាង​យក​វិធានការ​ផ្លូវច្បាប់ ដើម្បី​ប្តឹង​អ្នកសារព័ត៌មាន​ទៅ​តុលាការ គឺ​ចង់បាន​ថា បើ​ការផ្សាយ​នោះ​វា​ខុស គឺ​សុំ​ឲ្យ​សារព័ត៌មាន​នោះ​កែតម្រូវ ហើយ​ស្រាយ​បំភ្លឺ​មក​ថា ក្នុងនាម​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏​ដោយ ឬ​ក្រសួងការពារជាតិ ឬ​ផ្នែក​ណាមួយ​ក៏ដោយ ដែល​ទទួលបន្ទុក​ផ្នែក​ព្រំដែន​ហ្នឹង លោក​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការផ្សព្វផ្សាយ​ហ្នឹង​មិន​ត្រឹមត្រូវ​ទេ វា​ខុសឆ្គង​ហើយ ដូច្នេះ​ត្រូវធ្វើ​ការ​បំភ្លឺ ហើយ​យើង​ត្រូវ​ឲ្យ​វិទ្យុ ឬ​សារព័ត៌មាន​ហ្នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ឡើងវិញ​ ដើម្បី​ធ្វើការ​កែតម្រូវ នេះ​គឺជា​វិធាន​ការដែល​សមស្រប​បំផុត និង​យោងទៅតាម​ច្បាប់​សារព័ត៌មាន​របស់​យើង​ដែល​មាន​ស្រាប់”។
លោក ពុ​យ គា អះអាងថា “​ប្រសិនបើ​សារព័ត៌មាន​នោះ បដិសេធ​មិន​ព្រម​ផ្សព្វផ្សាយ​ឡើងវិញ នោះ​ជា​វិធានការ​ទី​២ ដែល​ត្រូវធ្វើ​ការប្តឹង​តាមផ្លូវ​ច្បាប់ ដែល​នេះ​មាននៅ​ក្នុង​ច្បាប់​សារព័ត៌មាន អីចឹង​ទេ​ខ្ញុំ​ថា បើ​នៅក្នុង​ដំណាក់កាល​ជំហាន​ដំបូង​យើង​ឃើញថា ការផ្សព្វផ្សាយ​នោះ មានការ​ខុស ឬ​មិន​ត្រឹមត្រូវ​យើង​សុំ​ឲ្យ​មាន​បំភ្លឺ ជាជាង​ការ​ប្តឹងទៅ​តុលាការ នេះ​ជាការ​ធ្វើ​នៅក្នុង​ប្រទេស​ផ្សេងៗ”។
ឆ្លើយតប ​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែលថា តើ​ការប្រកាស​នេះ អាច​បញ្ជាក់​យ៉ាងម៉េច​ចំពោះ​សេរីភាព​សារព័ត៌មាន លោក ពុ​យ គា បញ្ជាក់​ថា នៅក្នុង​ពិភពលោក​យើង​នេះ មាន​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង តែងតែ​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ ដើម្បី​វាយតម្លៃ​ទៅលើ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ប្រចាំ​ប្រទេស​នីមួយៗ ហើយ​ក្នុង​នោះ ប្រទេស​កម្ពុជា​យើង​ក៏​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុងចំណោម​បណ្តា​ ប្រទេស​អាស៊ាន​ផងដែរ ហើយ​ក្រោយមក​ក៏​មាន​ការធ្លាក់ចុះ​ខ្លះ ដោយសារ​មានការ​គំរាមកំហែង និង​សម្លាប់​អ្នកសារព័ត៌មាន ដូច្នេះ​គួរតែ​រក្សា​ចំណាត់ថ្នាក់​នេះ​ឡើងវិញ ដើម្បី​រក្សា​កិត្តិយស​របស់​ប្រទេស​កម្ពុជា​យើង។
លោក ពុ​យ គា អះអាងថា “​ការដែល​យើង​ប្តឹង​​ផ្តល់​ទៅលើ​អ្នកសារព័ត៌មាន វា​អាច​ប៉ះពាល់​ទៅដល់​កិត្តិយស​របស់​ប្រទេស អីចឹង​ជាមួយ​ខ្ញុំ​ក្នុងនាម​អ្នកសារព័ត៌មាន​អាជីព​មួយ​រូប​ដែរ ចង់​ឲ្យ​មានការ​សម្របសម្រួល​ជាជាង​ប្តឹង​ទៅ​តាមផ្លូវ​ច្បាប់​នៅក្នុង​ ដំណាក់កាល​ដំបូង លើកលែងតែ​សារព័ត៌មាន​នោះ​មិន​ធ្វើ​ទៅតាម​ការ​ស្នើសុំ​ឲ្យ​មានការ​កែតម្រូវ”៕

No comments:

Post a Comment

Welcome to AngkorKhmer