Dec 8, 2012

យន្តការ៨ចំណុច និងការបកស្រាយខ្លីពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀប​ចំសង្គម​ប្រជាធិបតេ​យ្យ​ដែល​មាន​ពលរដ្ឋជាម្ចាស់អំណាច
១. ត្រូវកំណត់អាណត្តិនាយករដ្ឋមន្រ្តី  ( ត្រឹមពីរអាណត្តិ ) ៖ ការកំណត់ត្រឹមពីរអាណត្តិនេះ គឺ​ជៀស​វាង​កុំ​ឲ្យ​នាយករដ្ឋមន្រ្តី មាន​ឱកាស​បង្កើត​ជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុង​គ្រប់​​ស្ថាប័នរដ្ឋពង្រឹង​អំណាច​រហូត​ដល់​បង្កើត​ជា​ របបផ្តាច់ការ បក្ស​ពួក​​ក្រុម​​គ្រួសារ​និយម បំផ្លាញ​ដល់​ផលប្រយោជន៍ជាតិ និងប្រជាជន។
២. នាយករដ្ឋមន្រ្តីមិនត្រូវបានអនុញ្ញាតឲ្យបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ៖ ការ ​​បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ខ្លួន​ឯង ស្មើ​នឹង​ការ​បង្កើត​ក្រុមប្រដាប់​អាវុធមួយអាច​ជា​លទ្ធភាពយកទៅ​ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើ​ការ​គៀប​សង្កត់ ឬ​គំរាម​​កំហែង​ដល់​ប្រជាពល​រដ្ឋ ដើម្បី​រក្សា និង​បន្ត​ក្រាញ​ក្នុងអំណាចរបស់​ខ្លួន។
៣. នាយករដ្ឋមន្រ្តីត្រូវរស់នៅក្នុងនិវេសនដ្ឋានដែលផ្តល់ដោយរដ្ឋ ៖ គឺជាវិធានការ ​ជួយដ​ល់ការការពារសន្តិសុខ និង​ទំនុក​បំរុងជី​វភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ​ សុខុមាលភាព និង​សេចក្តីថ្លៃថ្នូរ បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការ​បំពេញការងារ ទទួល​ខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។
៤. បង្កើតតុលាការរដ្ឋបាល ៖  ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬ​រំលោភ​របស់​មន្រ្តីរាជការ ក្នុង​ការបំពេញការងារ ឬ​ពលរដ្ឋ​អាច​ប្តឹង​ឲ្យ​ស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច​ ផ្សេងៗ​ចេញ​ដោយ​​អង្គភាព​រ​ដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។
៥. ឋានន្តរសក្តិ៍ចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា វិធានការនេះ គឺ​ដើម្បី​ឲ្យ​សភា​ជា​តំណាងរ​បស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នក​បញ្ជា​លើកង​កំលាំង​ប្រដាប់​អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់​កងកំលាំង​ប្រដាប់​ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។
៦. អព្យាក្រិត្យមន្ត្រីរាជការ ៖  ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់​តាំង​បែងចែក​ការងារដល់​មន្រ្តីរាជការ​ចំជំនាញ​ ស្រប​​​តាម​សមត្ថភាព, បទ​ពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការ​ដែល​ជា​ភ្នាក់ងារ​របស់រដ្ឋ ។ ដូច្នេះ មន្ត្រី​រាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀស​វាង​ការ​ប្រើប្រាស់​មន្ត្រី​រាជ​ការ​​ជា​ឧបករណ៍ឃោសនបំរើ​ប្រយោជន៍​ គណបក្ស។
៧. ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស ឬទំលាក់តំណាងឃុំ​-សង្កាត់/ក្រុង-ស្រុក-ខណ្ឌ/ខេត្ត-រាជធានី ៖ គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយ​ក៏​ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។
៨. ប្រើប្រព័ន្ធឯកត្តនាមសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ៖ ប្រព័ន្ធឯកត្តនាមនេះ បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិពល​របស់​មេ​បក្ស​ទៅ​លើ​អ្នក​តំណាង​ រាស្រ្ត។ ឥទ្ធិពល​មេបក្ស​អាច​​ធ្វើ​​ឲ្យ​​តំណាង​​រាស្រ្ត បាត់​ឯករាជ្យ​ភាព ខ្វល់ខ្វាយ​តែ​ផលប្រយោជន៍​​បក្ស​ខ្លួន ជាជាងគិតគូរ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋដែល​ជា​ម្ចាស់​ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និង​សេរីភា​ពគ្រប់គ្រាន់ ដោយគ្មាន​រងសម្ពាធ​ពី​ជនមាន​ឥទ្ធិពល​ណាម្នាក់នោះ តំណាង​រាស្រ្ត​នោះអាចបំពេញ​ការងារ​​ជួយ​កែ​តម្រង់​រដ្ឋាភិបាល​ យ៉ាងមានប្រសិទ្ធភាព និង​រៀបចំធ្វើ​ច្បា​ប់ណា​ដែលបំរើ​ដល់​ផលប្រយោជន៍ជាតិ និង​ផលប្រយោជន៍ប្រជាជនពិតៗ។

No comments:

Post a Comment

Welcome to AngkorKhmer