Dec 30, 2012

កម្មករ​ប្រមាណ២៥០នាក់ បាន​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៣០ ខែធ្នូ នេះ ដើម្បី​ធ្វើបាតុកម្ម​អហិង្សា​ក្នុង​គោលបំណង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ អប្បបរមា​ជូន​កម្មករ និយោជិត​ទៅដល់​ចំនួន១៥០ដុល្លារ​ក្នុង​មួយខែ។



 
ទ្រង់ទ្រាយ​នៃ​ការធ្វើ​បាតុកម្មអហិង្សា​នេះ គឺ​មិនបាន​ដូច​អ្វីដែល​ពួកគេ​បាន​គ្រោងទុក​ពីមុនមក​ឡើយ ព្រោះ​ពួកគេ​ចង់​ដើរ​ហែ​ក្បួន​នៅតាម​វិថី​នេះ​ឆ្ពោះទៅ​ខុទ្ទកាល័យ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​វិមាន​រដ្ឋសភាជាតិ។ ប៉ុន្តែ​ក្រោយពី​ជំនួប​ជាមួយ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែធ្នូ កន្លងមក ក្រុមកម្មករ​ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​សហជីព​កម្ពុជា​របស់​អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ និង​លោក រ៉ុង ឈុន បានត្រឹមតែ​ស្រែក និង​លើក​បដា នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។
 
ក្រោម​ការឃ្លាំមើល​ពី​កងកម្លាំងប្រដាប់អាវុធ​ដែលមាន​ចំនួន​ច្រើនជាង​ ក្រុមបាតុករ​នោះ អ្នកស្រី យ៉ាង សុ​ភ័​ណ្ឌ និង​លោក រ៉ុង ឈុន បាន​ដឹកនាំ​តំណាង​ជាង១០នាក់ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន និង​សម្តេច ហេង សំរិន។ មិន​មាន​អំពើ​ហិង្សាណាមួយ​បាន​កើតឡើង​ឡើយ។
 
នៅក្នុង​ញត្តិ​នោះ សម្ព័ន្ធ​សហជីព​បាន​រៀបរាប់​ពី​ស្ថានភាព​ដ៏​លំបាក​របស់​កម្មករ និយោជិត​កម្ពុជា​ដែល​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​ត្រឹមតែ៦១ដុល្លារ​អាមេរិក​ តែប៉ុណ្ណោះ​ក្នុង​មួយខែ។
 
តំណាង​កម្មករ​ទាំងនោះ ចង់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ប្រធានសភា ថ្លឹងថ្លែង​ដោយ​ស្មើភាព​រវាង​កម្មករ និយោជិត និង​មន្ត្រីរាជការ ដោយ​រដ្ឋាភិបាល​ឡើង២០ភាគរយ​ជា​រៀងរាល់ឆ្នាំ​ដល់​មន្ត្រីរាជការ ខណៈ​កម្មករ និយោជិត មិនត្រូវ​បាន​គេ​គិតគូរ​នោះឡើយ។
 
តំណាងរាស្ត្រ​គណបក្សប្រឆាំង​ក៏មាន​វត្តមាន​ក្នុង​បាតុកម្មអហិង្សា​នោះ​ផងដែរ៕

No comments:

Post a Comment

Welcome to AngkorKhmer