Dec 27, 2012

ស្តង់ដា​ខុសគ្នា​នៅក្នុង ​ប្រព​ន្ធ័​យុត្តិធម៌​ប្រទេស​កម្ពុជា

យ៉ាងហោចណាស់ ​មាន​សំណុំរឿង៤ដែល​កំពុង​ក្លាយជា​បច្ចុប្បន្នភាព​ក្នុង​ប្រព​ន្ធ័​តុលាការ​ កម្ពុជា ហើយ​ដែល​គេ​អាច​លើក​មក​ប្រៀបធៀប​ដើម្បី​ពិនិត្យមើល​ស្តង់ដា​ខុសគ្នា​នៅក្នុង ​ប្រព​ន្ធ័​យុត្តិធម៌​ប្រទេស​កម្ពុជា។ នៅពេល​ប្រព​ន្ធ័​យុត្តិធម៌​មាន​ស្តង់ដារ​ពីរ យុត្តិធម៌​សង្គម​នឹង​មិនអាច​កើតមាន​ឡើយ។


សំណុំរឿង​ទាំង៤ដែល​គេ​អាច​លើក​មក​ធ្វើជា​ករណី​សិក្សា​បាន​នៅពេលនេះ​គឺ៖ ករណី​លោក​ម៉ម សូណង់ដូ ក្នុង​សំណុំរឿង​បង្កើត​តំបន់អបគមន៍, ករណី​លោក​ឈូក បណ្ឌិត ក្នុង​សំណុំរឿង​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស​ក្នុង​ខេត្តស្វាយរៀង, ករណី​លោក​ចាន់ សូ​វ៉េ​ត មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក និង​ករណី​ប៊​ន សំណាង និង​សុក សំអឿន ក្នុង​សំណុំរឿង​ឃាតកម្ម​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា​វិជ្ជា។

លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែលជា​ជនសង្ស័យ​នៅក្នុង​សំណុំរឿង​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស​ត្រូវបាន ​តុលាការ​លើកលែង​ការចោទប្រកាន់។  ករណីនេះ​បាន​បង្ក​ឲ្យ​មាន​រលក​នៃ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​តុលាការខេត្ត​ ស្វាយរៀង។ អ្វីដែល​គេ​បាន​មើលឃើញ​ច្បា​ស់គឺ ជនសង្ស័យ​ដែលជា​អ្នកមានអំណាច​និង​មាន​ខ្នងបង្អែក បាន​រួច​ផុតពី​សំណាញ់​ច្បាប់។

លោក ឈូក បណ្ឌិត ត្រូវបាន​សាក្សី​ជាច្រើន​បានឃើញ និង​ត្រូវបាន​ក្រសួងមហាផ្ទៃ​បើក​ការស៊ើបអង្កេត​ឃើញថា ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ក្នុង​សំណុំ​រឿងនេះ។ ប៉ុន្តែ ជនសង្ស័យ​រូបនេះ​មានសំណាង​ដោយសារតែ​តុលាការ​មិនបាន​ដាក់ទោស។ ចំណុច​សង្ស័យ​ធំ​បំផុត​ក្នុង​សំណុំ​រឿងនេះ​គឺ ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង​ធ្លាប់បាន​ចោទប្រកាន់​លោក​ឈូក​បណ្ឌិត​ពីបទ​ បង្ក​របួសស្នាម​ដោយ«អ​ចេតនា» មានន័យថា អតីត​អភិបាលក្រុង​បាវិត​រូបនេះ​ពិតជា​បាន​បាញ់​កម្មការិនី​ទាំង៣មែន ប៉ុន្តែ ព្រះរាជអាជ្ញា​ចាត់ទុកជា​រឿង​អ​ចេតនា​ទៅវិញ។
បទ​ចោទ​ដែល​ត្រូវគេ​មើលឃើញថា​ជា​ចេតនា​ចង់​សម្រាលទោស​ដល់​ជនសង្ស័យ​បានទទួល​ ការរិះគន់​យ៉ាងខ្លាំង​រួចទៅហើយ។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ក៏​ទីបំផុត​ទៅ ព្រះរាជអាជ្ញា​ដដែល​បែរជា​ប្រកាស​លើកលែង​ការចោទប្រកាន់​ទាំងស្រុង​ទៅលើ​ ជនសង្ស័យ​តែម្តង។

ងាក​ទៅ​មើល​ករណី​លោក​ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ បើទោះបីជា​ភស្តុតាង​ដាក់បន្ទុក​ត្រូវគេ​មើលឃើញថា​មាន​តិចតួច​ក៏ដោយ ក៏​តុលាការ​ក្រុងភ្នំពេញ​បានសម្រេច​ដាក់ទោស​ជនជាប់ចោទ​ដ​ល់​ទៅ ២០ ឆ្នាំ​ក្នុង​ពន្ធនាគារ។ ករណី​លោក​ចាន់ សូ​វ៉េ​ត សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ទោះបីជា​ពី សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​មិនទាន់​ចោទ ប៉ុន្តែ សកម្មជន​សិទ្ធិមនុស្ស​រូបនេះ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ ការត្រួតពិនិត្យ​របស់​តុលាការ ពោលគឺ លោក​ចាន់ សូ​វ៉េ​ត ទោះជា​មិនបាន​ប្រព្រឹត្ត​កំហុស​ដែល​តុលាការ​អាច​ចោទ​បាន ក៏​លោក​គ្មាន​វាសនា​ត្រូវបាន​តុលាការ​លើកលែង​បទ​ចោទ​ដូច លោក ឈូក បណ្ឌិត ដែរ។

ចុងក្រោយ​នេះ ករណី ប៊​ន សំណាង និង​សុក សំអឿន ដែល​គេ​មើលឃើញ​ជាទូទៅ​ថា​ជា​ឃាតករ​សិប្បនិម្មិត​នោះ ឥឡូវ​បែរជា​ត្រូវ​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ជាប់ទោស២០ឆ្នាំ ដដែល បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ​មួយរយៈ​មក។ នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលា​ការដែល​គ្មាន​អ្នកណា​ជ្រៀតជ្រែក​បាន។ ប៉ុន្តែ សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកតាមដាន​បញ្ហា​នេះ សំណុំរឿង​ទាំង៤ អាច​ឆ្លុះបញ្ចាំង​បាន​យ៉ាងច្បាស់​អំពី​ស្តង់ដា​ពីរ​ខុសគ្នា​ក្នុង​ប្រព​ន្ធ័ ​យុត្តិធម៌​កម្ពុជា។ នៅពេល​មាន​ស្តង់ដារ​ខុសគ្នា យុត្តិធម៌​នឹងមិន​អាច​កើតមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ៕

No comments:

Post a Comment

Welcome to AngkorKhmer