Dec 30, 2012

តំណាងរាស្រ្តគណបក្សប្រឆាំងបដិសេធមិនទទួល​គ្រឿង​ឥស្សរិយយស​របស់​ព្រះមហាក្សត្រ


អ្នកតំណាងរាស្ត្រ១២២រូប និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា៣៩រូប បានទទួល​គ្រឿង​ឥស្សរិយយស​របស់​ព្រះមហាក្សត្រ ប៉ុន្តែ​នា​ពិធី​បំពាក់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២ មិនមាន​វត្តមាន​រប​ស់​សមាជិក​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស ឡើយ។
 
នេះ​ជាការ​បំពាក់​គ្រឿង​ឥស្សរិយយស​លើក​ទី​ពីរ ជូន​ដល់​អ្នកតំណាងរាស្ត្រ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ខណៈ លោក សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង ត្រូវបាន​ដក​ឈ្មោះ​ចេញពី​បញ្ជី។
 
ទោះបីជា​យ៉ាងណាក៏ដោយ តំណាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស បាន​អះអាងថា ពួកគេ​នឹង​ទទួលយក​គ្រឿង​ឥស្សរិយយស​ទាំងនោះ ដោយ​គ្រាន់តែ​ពួកគេ​មិនបាន​ទទួល​ការបំពាក់​ដោយផ្ទាល់​ពីស​ម្តេច ហេង សំរិន ដែលជា​ប្រធានរដ្ឋសភា ប៉ុណ្ណោះ។
 
ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សិទ្ធិមនុស្ស បានលើកឡើង​ពី​ហេតុផល​រវល់ និង​ការបំពេញ​បេសកកម្ម​ទៅ​ក្រៅប្រទេស​របស់លោក កឹម សុខា ដែលជា​ប្រធាន ខណៈ​ក្រុម​សមាជិកសភាគណ​បក្ស សម រង្ស៊ី  អាក់អន់ចិត្ត​ចំពោះ​ការ​ផាត់​ឈ្មោះ​របស់លោក សម រង្ស៊ី ចេញពី​បញ្ជី។
 
សមាជិកសភា​ដែលមាន​ឈ្មោះ​ទទួល​គ្រឿង​ឥស្សរិយយស​ទាំង១២២រូប មាន៩០មកពី​គណបក្ស​ប្រជាជន​កម្ពុជា ២៥នាក់​មកពី​គណបក្ស​សម រង្ស៊ី ៣នាក់​មកពី​គណបក្ស​សិទ្ធិមនុស្ស ២នាក់​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង២នាក់​មកពី​គណបក្ស​ជាតិនិយម (អតីត​គណបក្ស​នរោត្តម រណឫទ្ធិ)។ រីឯ​លោក សម រង្ស៊ី ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកតំណាងរាស្ត្រ​ដែល​បាត់បង់​ទាំងស្រុង​នូវ​បុព្វសិទ្ធិ យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​សភា កាលពី​ថ្ងៃទី១៥ ខែ​មិនា ឆ្នាំ២០១១ ។
 
ក្នុងចំណោម​អ្នកតំណាងរាស្ត្រ១២២រូបនោះ  ៤៦រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស ជា​តូ​ការ ១១រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ១រូប ទទួលបាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ ១៣រូប ទទួលបាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហាសេនា ២រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហាសេនា ២៥រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ធិ​ប​ឌិ​ន្ទ ៤រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​ធិ​ប​ឌិ​ន្ទ ១រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស សុវត្ថា​រា ថ្នាក់​ធិ​ប​ឌិ​ន្ទ ១៨រូប​ទទួល បាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​សេនា និង១រូប​ទទួលបាន​គ្រឿង ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​សេនា។
 
ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​លើកទីមួយ​សម្រាប់​អាណត្តិ​ទី​បួន​ ត្រូវបាន​រៀបចំ​ឡើងក​កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ ដែល​ក្នុងនោះ​មន្ត្រី​សមាជិកសភា និង​មន្ត្រី​រដ្ឋាភិបាល​ចំនួន១១៦ បានទទួល។ សមាជិក​គណបក្ស សម រង្ស៊ី ក៏បាន​អវត្តមាន​ផងដែរ​នា​ពិធី​បំពាក់​នោះ ខណៈ​សមាជិក​គណបក្ស សិទ្ធិមនុស្ស ១រូប បាន​ទៅ​ទទួល៕

No comments:

Post a Comment

Welcome to AngkorKhmer