May 6, 2012

កំណាព្យ ឆាលីសំណព្វ

កំណាព្យ ឆាលីសំណព្វ
បទពាក្យ បួន

1. ឆាលីសំណព្វ............ទោចក្រយាន្ត
អ្នកបោះជំហាន..........រាល់ពេលយប់ថ្ងៃ។
...
2. ឆាលីទ្រព្យល្អ.............បានភ្ជាប់និស្ស័យ
មិត្តបីសម័យ..............ចំណងអមតៈ។


3. មិត្តល្អទីមួយ............បេះដូងខ្ញុំឆ្លាក់
ឌុបយើងពីរនាក់.......ទៅថ្នាក់ឧត្តម។

4. ខ្ញុំនិងគន្ធា................មិត្តដ៏ភិរម្យ
ឆាលីជួយខ្ញុំ...............បានស្គាល់មិត្តល្អ។


5. មិត្តល្អទីពីរ................ដ៏ស្រស់បវរ
មិត្តដ៏កម្រ...................ប្រាជ្ញ សឿនថ្លាថ្លៃ។

6. មិត្តដែលរួមសុខ............រួមទុក្ខឥតបី
គ្រាយុវវ័យ...................ទៅមកជិតឆ្ងាយ។


7. ទោះធ្ងន់ម្តេចម្តារ...........ណាស្រស់ឆោមឆាយ
ឆាលីមិនណាយ...........ជូនយើងទៅមក។

8. ឆាលីសំណព្វ...............ផ្តល់ជាពន្លក
ខ្ញុំជិះទៅមក.................មិនចេះត្អូញត្អែរ។


9. ឆាលីជួយខ្ញុំ .................ជាកូនអ្នកស្រែ
ឲ្យជួបពុកម៉ែ................រាល់ពេលយប់ថ្ងៃ។

10. ជួបពុកបងប្អូន...............ញាតិដ៏ប្រពៃ
រាល់ពេលក្រក្រី..............ឆាលីជួយស្រាយ។


11. មិត្តល្អទីបី......................ខ្ញុំសូមបរិយាយ
ឆាលីនាំកាយ.................ខ្ញុំឲ្យបានជួប។

12. ភរិយាអមតៈ..................ល្អរាល់ខែខួប
ចាស់ទុំផ្សំផ្គួប.................នាងមករូបខ្ញុំ។


13. ពេលទៅដណ្តឹង..............ខ្ញុំមិនបន្លំ
ជិះឆាលីខ្ញុំ......................បង្ហាញចាស់ៗ។

14. ថាឆាលីខ្ញុំ........................ទោះទ្រុឌទ្រោមណាស់
ក៏ខ្ញុំជាម្ចាស់ .....................មិនបោះបង់ដែរ។


15. ឆាលីខ្ញុំចាស់......................បញ្ជាក់ក្តីស្នេហ៍
ចិត្តមិនគេចកែ...................ពីមិត្តទាំងបី។

16. ពេលនេះខ្ញុំនឹក...................ឆាលីក្រក្រី
ដែលមានភក្តី.....................ចំពោះរូបខ្ញុំ។


17. ឆាលីអ្នកទៅ......................ឆ្ងាយមែនណាមុំ
តែផ្តល់សុខុម.....................ខ្ញុំមានថ្ងៃនេះ។

18. ខ្ញុំនៅតែឆ្លាក់......................អ្នកយ៉ាងពិសេស
ក្នុងបេះដូងនេះ...................គុណធំអមតៈ។

No comments:

Post a Comment

Welcome to AngkorKhmer