May 20, 2012

គណបក្ស នរោត្ដម រណឫទ្ធិ

គណបក្ស នរោត្ដម រណឫទ្ធិ គ.ន.រ ជា​គណបក្ស​រាជា​និយម​ពិត​ប្រាកដ​តែ​មួយ​គត់ ដឹកនាំ​ផ្ទាល់​ដោយ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ព្រះរាជបុត្រ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ ជាទី​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង។
នៅ​ឆ្នាំ ១៩៩៣ ក្រោយ​ពី​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​លើសលប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បោះឆ្នោត​សកល ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ (UNTAC) សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ទ្រង់​បាន​បញ្ចៀស​គ្រោះ​មហន្តរាយ​ជាតិ នៅ​ពេល​នោះ​រួម​មាន៖
  • អបគមន៍ (ការ​បែងចែក​ទឹកដី)
  • សង្គ្រាម​ស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ
  • ការ​វិល​ត្រឡប់​មក​កាន់​អំណាច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម ប៉ុល ពត)។
ទន្ទឹម​គ្នា​នេះ​ដែរ សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ទ្រង់​បាន​នាំ​មក​វិញ​នូវ៖
  • របប​រាជា​និយម អាស្រ័យ​ធម្មនុញ្ញ
  • សន្តិភាព
  • សេរីភាព របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស
  • ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ
  • សិទ្ធិ​ពេញលេញ​លើ​គ្រប់​វិស័យ ដែល​បាន​ចារឹក​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣
បោះឆ្នោត​ជូន​គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) គឺ​បោះឆ្នោត​ថ្វាយ​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ដើម្បី​ដោះស្រាយ​បញ្ហា​ឃុំ​សង្កាត់ តាម​នយោបាយ​កណ្ដាល ដោយ​ប្រមែប្រមូល​កម្លាំង​អ្នក​រាជា​និយម អ្នក​សីហនុ​និយម អ្នក​ជាតិ​និយម អ្នក​ស្នេហា​ជាតិ ដែល​មាន​សក្ដានុពល​ទូទាំង​ប្រទេស​កម្ពុជា ឱ្យ​ក្លាយ​ជា​កម្លាំង​ជាតិ​ពិត​ប្រាកដ ក្នុង​បំណង​រួម​ចំណែក​ជា​មួយ​កម្លាំង​ជាតិ ដើម្បី​អភិវឌ្ឍន៍​ឃុំ សង្កាត់ ដោយ​សន្តិវិធី អហិង្សា និង​អភិបាលកិច្ច​ល្អ ជា​ពិសេស​អនុវត្ត​នូវ​គោល​នយោបាយ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍន៍​យុវជន​កម្ពុជា ដែល​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា ឆ្នាំ ២០១១។
នៅ​ពេល​ដែល​គណបក្ស នរោត្ដម រណឫទ្ធិ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មន្ត្រី​រាជការ កម្មករ-កម្មការិនី​រោងចក្រ និង​ស្ត្រី-បុរស​កម្មករ​សំណង់ ស្ត្រី-បុរស​ចំណាក​ស្រុក ស្ត្រី-បុរស​អាជីវករ អ្នក​រត់​ម៉ូតូ​ឌុប និស្សិត យុវជន-យុវនារី មេឃុំ-ចៅសង្កាត់-ក្រុមប្រឹក្សា គណបក្ស នរោត្ដម រណឫទ្ធិ ធានា​ផ្ដល់​នូវ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព៖
ទី​១៖ ផ្ដល់​សេវា​ពាក់ព័ន្ធ​នឹង​អត្រានុកូលដ្ឋាន លិខិត​អនុញ្ញាត​ផ្សេងៗ ដោយ​ឥត​គិត​ថ្លៃ។
ទី​២៖ អនុវត្ត​គោល​នយោបាយ​វិសហមជ្ឈការ វិមជ្ឈការ​ថ្នាក់​ឃុំ-សង្កាត់ ដើម្បី​ពង្រឹង​តម្លាភាព និង​លុប​បំបាត់​អំពើ​ពុករលួយ។
ទី​៣៖ ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​បែងចែក​ប្រើប្រាស់​ដី​ធ្លី ដោយ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ភូមិបាល។ ការ​ផ្ដល់​នូវ​គោលនយោបាយ​ក្នុង​ការ​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ ឱ្យ​បាន​សមរម្យ និង​យុត្តិធម៌។
ទី​៤៖ ផ្ដល់​សិទ្ធិ​អាទិភាព​ដល់​ការ​កាន់កាប់​ដី​ធ្លី និង​លំនៅឋាន ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ។
ទី​៥៖ បំបាត់​ជា​ដាច់​ខាត នូវ​ការ​រំលោភ​បំពាន​ដី​ធ្លី និង​លំនៅឋាន ពី​សំណាក់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។
ទី​៦៖ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លូ ទឹក​ស្អាត អគ្គិសនី សុខាភិបាល ដោយ​បង្កើត​បន្ថែម​មណ្ឌល​សុខភាព និង​សេវា​សុខាភិបាល​ដោយ​ឥត​គិត​ថ្លៃ។
ទី​៧៖ រក្សា​សណ្ដាប់ធ្នាប់​សង្គម សុវត្ថិភាព​ភូមិ-ឃុំ-សង្កាត់ លុប​បំបាត់​ការ​ជួញដូរ​គ្រឿងញៀន ពលកម្ម​កុមារ។
ចំពោះ​មន្ត្រី​រាជការ៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) នឹង​យក​ចិត្ត​ទុក​ដាក់ ទី​១ ដំឡើង​ប្រាក់​បៀវត្ស ឱ្យ​មាន​តុល្យភាព​ជាមួយ​អតិផរណា។ ទី​២ រៀបចំ​គណនេយ្យ​សោធន​និវត្តន៍ និង​ផ្ដល់​សេវា​សុខភាព​ឱ្យ​សម​ស្រប​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ។
ស្ដីពី​កម្មករ-កម្មការិនី​រោងចក្រ និង​ស្ត្រី-បុរស​កម្មករ​សំណង់៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) ទី​១ នឹង​ស្នើ​ដំឡើង​ប្រាក់​ខែ​ឱ្យ​សក្ដិសម​ទៅ​នឹង​កម្លាំង​ពលកម្ម។ ទី​២ ស្ត្រី​មាន​សិទ្ធិ​ឈប់​សម្រាក​នៅ​ពេល​គាត់​មាន​ផ្ទៃ​ពោះ ដោយ​មិន​ត្រូវ​បាន​បាត់បង់​ប្រាក់​បៀវត្ស​ឡើយ។
ទាក់ទង​នឹង​ស្ត្រី-បុរស​ចំណាក​ស្រុក៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) មាន​វិធានការ ទី​១ ត្រួត​ពិនិត្យ​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​ឱ្យ​ពលករ-​ពលការិនី ឱ្យ​ចាកចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ទី​២ អង្កេត​តាម​ដាន​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន ដែល​នាំ​ពលករ-​ពលការិនី ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​សង្កាត់។ ទី​៣ ជួយ​អន្តរាគមន៍ និង​ផ្ដល់​សេវា​ចាំបាច់​ដល់​ពលករ-ពលការិនី ដែល​រង​គ្រោះ​នៅ​បរទេស តាម​រយៈ​ស្ថានទូត​ខ្មែរ និង​ក្រសួង​ពាក់ព័ន្ធ។ ទី​៤ ទាក់ទាញ​វិនិយោគិន ឱ្យ​មក​បង្កើត​ការងារ​ក្នុង​ឃុំ-សង្កាត់ និង​ក្នុង​ប្រទេស ដើម្បី​ទប់​ស្កាត់​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​ជួញ​ដូរ​មនុស្ស។
ចំពោះ​ស្ត្រី និង​បុរស​អាជីវករ៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) មាន​វិធានការ ទី​១ ផ្ដល់​ភាព​ងាយស្រួល​លើ​វិស័យ​ពាណិជ្ជកម្ម ដោយ​ជំរុញ​ឱ្យ​មាន​ការ​គោរព​ច្បាប់​ត្រឹមត្រូវ ចៀសវាង​ការ​កៀបសង្កត់​មក​លើ​អ្នក​លក់​ដូរ​តូចតាច។ ទី​២ ពង្រឹង​អនាម័យ​នៅ​ក្នុង​ផ្សារ និង​ផ្ដល់​សុវត្ថិភាព​ដល់​អតិថិជន។ ទី​៣ លុប​បំបាត់​ផាស៊ី​ជា​ស្ថាពរ។
ចំពោះ​អ្នក​រត់​ម៉ូតូ​ឌុប៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) មាន​គោលការណ៍ ទី​១ បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ ដោយ​កាត់​បន្ថយ​ពន្ធ​នាំចូល និង​ចៀសវាង​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ដោយ​ខុស​ច្បាប់។ ទី​២ បន្ធូរបន្ថយ​ការ​យក​ពន្ធ​ទោចក្រយានយន្ត​ប្រចាំ​ឆ្នាំ។
រី​ឯ​និស្សិត និង​យុវជន-យុវនារី៖ គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) យក​ចិត្ត​ទុក​ដាក់ ទី​១ បង្កើត​ការងារ​នៅ​ក្នុង​ស្រុក។ ទី​២ ផ្ដល់​ឱកាស​ឱ្យ​មាន​ការងារ​សម​ស្រប​តាម​សមត្ថភាព។ ទី​៣ ផ្ដល់​លទ្ធភាព និង​តួនាទី​ឱ្យ​និស្សិត យុវជន-យុវនារី បាន​ចូល​រួម​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស។ ទី​៤ ផ្ដល់​ឱ្យ​ទទួល​បាន​នូវ​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព និង​ជំនាញ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារ។
បើ​បោះឆ្នោត​ឱ្យ​គណបក្ស​ដទៃ ជា​ពិសេស​គណបក្ស​ប្រឆាំង គឺ​ពុំ​អាច​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​បាន​ឡើយ។
ដូច្នេះ មាន​តែ​បោះឆ្នោត​ឱ្យ​គណបក្ស នរោត្ដម រណឫទ្ធិ (គ.ន.រ) ដើម្បី​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ និង​គណបក្ស​មាន​លទ្ធភាព​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ ដោយ​យក​កម្លាំង​ជាតិ (គ.ន.រ) បូក​នឹង​កម្លាំង​ជាតិ (គ.ប្រ) ក្នុង​ទិស​ដៅ​ដោះស្រាយ​បញ្ហា​ឃុំ-សង្កាត់ ជូន​ជាតិ និង​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​នៃ​ប្រទេស​ឱ្យ​សង្គម​មាន​យុត្តិធម៌ ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​សុខដុមរមនា ជីវភាព​ចម្រើន​ធូរធារ​ពិត​ប្រាកដ​លើ​ទឹក​ដី​មាតុភូមិ​កម្ពុជា ជា​ទី​ស្នេហា​នៃ​យើង៕

No comments:

Post a Comment

Welcome to AngkorKhmer