ប្រជាពលរដ្ឋដែលបានលួចរត់ចេញពីតំបន់ហ៊ុមព័ទ្ធដោយក្រុមសមត្ថកិច្ច ចោទសមត្ថកិច្ចថាធ្វើទុក្ខបុកម្នេញពួកគាត់។
ប្រជាពលរដ្ឋភូមិក្ដារបាក់ អណ្ដូងជ្រៅ ទូលគ្រួស និងភូមិប្រមា ស្ថិតក្នុងតំបន់ហ៊ុមព័ទ្ធដោយកងកម្លាំងសមត្ថកិច្ចចម្រុះឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានវ៉ៃ និងទាត់ធាក់ពួកគាត់។
ប្រជាពលរដ្ឋដែលរត់ចេញពីតំបន់អបគមន៍បានអះអាងថា ក្រុមសមត្ថកិច្ចដែលបានវាយលុកចូលតំបន់អបគមន៍ ក្រៅពីការវ៉ៃធ្វើបាបពួកគាត់ហើយ កងកម្លាំងសមត្ថកិច្ចនៅបានដកហូតសម្ភារៈជាប់ខ្លួន មានដូចជាទូរស័ព្ទ ខោ អាវថ្មីៗ អង្ក ម៉ូតូ និងប្រដាប់ប្រដាប្រើប្រាស់មានតម្លៃផ្សេងៗទៀត ព្រមទាំងបានជេរប្រមាថប្រជាជនទាំងនោះថា ជាឈ្លើយសឹក និងសម្លុតពួកគាត់ដោយឲ្យពួកគាត់ប្រាប់ពីកន្លែងលាក់ខ្លួនរបស់ ក្រុមលោក ប៊ុន រដ្ឋា។
ម្យ៉ាងទៀត ប្រជាពលរដ្ឋទាំងនោះបញ្ជាក់ថា ពួកគាត់លួចរត់ចេញមកនោះពុំមានលុយកាក់ និងរបស់របរសម្រាប់ហូបចុកនោះទេ ហើយសូម្បីតែខោអាវស្ទើរគ្មាន។ អ្នកខ្លះចេញមកមានក្រមាមួយ។ លើសពីនេះ ប្រជាពលរដ្ឋទាំងនោះបន្តថា បន្ទាប់ពីពួកគាត់លួចរត់ចេញមកមិនដឹងជាទៅរស់នៅឯណាឡើយ ព្រោះពួកគាត់មិនមានដីស្រែចម្ការនៅឯស្រុកកំណើតនោះទេ។
ទោះយ៉ាងណាក៏ដោយ អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង ប្រតិកម្មតបចំពោះការចោទរបស់ប្រជាពលរដ្ឋថា កងកម្លាំងសមត្ថកិច្ចចម្រុះមិនបានល្មើសនឹងបញ្ជា ហើយធ្វើបាបប្រជាពលនោះឡើយ។ លោកអះអាងបន្តថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ៊ុមព័ទ្ធដោយកងកម្លាំងចម្រុះនោះ ពួកគាត់មានតែសប្បាយចិត្ត ព្រោះពួកគាត់ត្រូវសមត្ថកិច្ចរំដោះចេញពីការគ្រប់គ្រងដោយឃោរឃៅ នឹងគួរឲ្យភ័យខ្លាចរបស់ក្រុមលោក ប៊ុន រដ្ឋា។
ដោយឡែកប្រជាពលរដ្ឋដែលបានចេញពីភូមិជាបន្តបន្ទាប់នោះ ពួកគាត់ស្ម័គ្រត្រឡប់ទៅស្រុកកំណើតរបស់ពួកគាត់វិញ ព្រោះពួកគាត់បានចាញ់បោកក្រុមលោក ប៊ុន រដ្ឋា។ រីឯប្រជាពលរដ្ឋចាស់ រស់នៅទីនោះតាំងពីយូរមកហើយ ពួកគាត់អាចនៅទីនោះបានដូចកាលពីមុន។
ទាក់ទិននឹងករណីកងកម្លាំងចម្រុះចុះបង្ក្រាបក្រុមលោក ប៊ុន រដ្ឋា នេះដែរ មានប្រជាពលរដ្ឋ ៧នាក់ ត្រូវចាប់ខ្លួន ហើយបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ និងកំពុងស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ក្រចេះ លោក ធុច បញ្ចសន្តិភាព។
វិទ្យុអាស៊ីសេរីមិនអាចសុំការពន្យល់ពីព្រះរាជអាជ្ញាសាលា ដំបូង លោក ធុច បញ្ចសន្តិភាព បានទេពីរឿងក្ដីនេះ ថាជនសង្ស័យទាំងនោះ ជាប់ចោទពីបទអ្វីនៅឡើយ ដោយប្រាប់ថា លោកជាប់រវល់ខ្លាំង។
ចំណែកឯបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានលួចចេញមកពីភូមិ ដែលគេចាត់ទុកថាតំបន់អបគមន៍នោះ ចេះតែចេញមកជាបណ្ដើរៗ ហើយពួកគាត់អំពាវនាវសុំឲ្យអង្គការសង្គមស៊ីវិលជួយពួកគាត់ ព្រោះពួកគាត់ពុំមានអ្វីទទួលទានទេ៕
No comments:
Post a Comment
Welcome to AngkorKhmer