May 26, 2012

សារ​នយោបាយ​គណបក្ស​ទាំង ១០

គណបក្ស​នយោបាយ​នានា បាន​ធ្វើ​សកម្មភាព​ឃោសនា​រក​អ្នក​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាង​សកម្ម នៅ​ក្នុង​យុទ្ធនាការ​ឃោសនា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ពិសេស​មាន​គណបក្ស​ធំៗ មួយ​ចំនួន​ដែល​ខិតខំ​ធ្វើ​យុទ្ធនាការ​ឃោសនា ក្នុង​ចំណោម​គណបក្ស​ទាំង ១០នោះ។

នៅ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​នេះ​ដែរ គណបក្ស​នីមួយៗ បាន​ផ្ញើ​សារ​នយោបាយ​រៀងៗ​ខ្លួន​ទៅ​កាន់​ម្ចាស់​ឆ្នោត ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ថ្ងៃ ៧ មករា ជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​របប​កាប់​សម្លាប់​ជា​ដើម។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា និង​ជា​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី១៨ ឧសភា ថា មាន​តែ​ថ្ងៃ ៧ មករា ​ទេ ដែល​ជា​ថ្ងៃ​រំដោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​របប​កាប់​សម្លាប់​អស់​រយៈពេល ៣៣ឆ្នាំ​កន្លង​មក​នេះ។
លោក កែប ជុតិមា៖ «ដូច្នេះ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា គឺ​ប្រទេសជាតិ​យើង​បាន​មាន​សុខ​សន្តិភាព មាន​ការ​អភិវឌ្ឍន៍ ប្រជាជន​កម្ពុជា​មាន​ជីវភាព​សម្បូរ​សប្បាយ​...ខ្ញុំ​សូម​ឲ្យ​ឯកឧត្តម និង​លោកជំទាវ លោក-លោកស្រី ទាំង​ក្រុម​ការងារ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​គ្រប់​លំដាប់​ថ្នាក់ បន្ត​ធ្វើ​ការ​ឃោសនា ចុះ​ជាប់​ជាមួយ​ប្រជាជន​យើង ដឹង​សុខ ដឹង​ទុក្ខ និង​ត្រៀម​វាយ​បក និង​ការ​ឃោសនា​អកុសល​របស់​ពួក​អគតិ តាម​គ្រប់​រូបភាព និង​ឲ្យ​ទាន់​ពេល​វេលា»

ដោយ​ឡែក សារ​នយោបាយ​របស់​គណបក្ស​សិទ្ធិមនុស្ស​ វិញ គឺ​រស់​នៅ​ដើម្បី​បំរើ​ខ្មែរ ស្លាប់​ទៅ​ជា​ខ្មោច ក៏​ដើម្បី​ខ្មែរ មិន​ធ្វើ​ឆ្កែ​បំរើ​យួន​ជា​ដាច់​ខាត។
លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស មាន​ប្រសាសន៍​ថា គោល​នយោបាយ​គណបក្ស​សិទ្ធិមនុស្ស មាន​ពាក្យ​ស្លោក​ខ្លី​ក្នុង​ការ​យក​ទៅ​ផ្សព្វផ្សាយ​ជួន​ប្រជាពលរដ្ឋ​ឲ្យ​ ពិចារណា និង​ធ្វើ​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ជួន​បេក្ខជន​គណបក្ស​របស់​លោក​នោះ គឺ​ដូរ​មេឃុំ​បំរើ​បក្ស ដាក់​មេឃុំ​បំរើ​ខ្មែរ ដូរ​មេឃុំ​ការពារ​ថៅកែ ដាក់​មេឃុំ​ការពារ​រាស្ត្រ ដូរ​មេឃុំ​កុម្មុយនីស្ត ដាក់​មេឃុំ​សិទ្ធិមនុស្ស។
លោក កឹម សុខា៖ «ទិសដៅ​របស់​យើង ចង់​ឈ្នះ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន យើង​ចង់​ដូរ​កុម្មុយនីស្ត​នៅ​មូលដ្ឋាន ពី​ព្រោះ​មូលដ្ឋាន​គ្រឹះ គឺ​នៅ​មូលដ្ឋាន​ដូច​នៅ​ជំនាន់ ពល ពត អីចឹង»
នៅ​ក្នុង​ដំណើរ​ការ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ​ដែរ គណបក្ស​នយោបាយ​នានា ប្រើ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​រៀង​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ទាក់​ទាញ​ពី​ម្ចាស់​ឆ្នោត គណបក្ស​ទាំង​នោះ បាន​រៀបចំ​ជា​បទ​ចំរៀង​ជាដើម។

ចំពោះ​គណបក្ស​ប្រឆាំង សម រង្ស៊ី វិញ សារ​នយោបាយ​សំខាន់​គណបក្ស​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ គឺ​មេឃុំ សម រង្ស៊ី ប្រកាន់​ខ្ជាប់ សីលធម៌ សច្ចធម៌ យុត្តិធម៌ និង​ការពារ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​រើសអើង។ ប៉ុន្តែ អ្វី​ដែល​ជា​ការ​ទាក់​ទាញ​ក្នុង​ការ​ឃោសនា​នោះ គណបក្ស សម រង្ស៊ី បាន​ប្រើ​ពាក្យ​ថា ប្ដូរ គឺ​មាន​ទាំង​ការ​ប្រកាស​នៅ​តាម​ឧគ្ឃោសនស័ព្ទ ទាំង​នៅ​ក្នុង​អត្ថន័យ​បទ​ចម្រៀង ដែល​សំដៅ​លើ​ការ​ប្ដូរ​មេដឹកនាំ ឃុំ-សង្កាត់ ឬ​ប្ដូរ​របប​គ្រប់​គ្រង​ជា​ដើម។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន​ពីរ​ទៀត ដែល​មាន​និន្នាការ​នយោបាយ​និយម​កណ្ដាល មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​វិញ គឺ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ផ្ញើ​សារ​នយោបាយ​របស់​ខ្លួន​ទៅ​កាន់​ម្ចាស់​ឆ្នោត​ដែរ។
 សារ​នយោបាយ​គណបក្ស​ នរោត្តម រណឫទ្ធិ ជា​គណបក្ស​ប្រកាន់​យក​មាគ៌ា​មាន​នយោបាយ​កណ្ដាល និង​មាន​ពាក្យ​ស្លោក​ថា កម្លាំង​ជាតិ បូក​នឹង​កម្លាំង​ជាតិ ដើម្បី​អភិវឌ្ឍ​ជាតិ និង​ឃុំ-សង្កាត់។
មន្ត្រី​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បាន​ពន្យល់​ថា ដើម្បី​អភិវឌ្ឍ​ជាតិ​បាន លុះ​ត្រា​តែ​ខ្មែរ​នៅ​គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់ ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​រួម​គ្នា។
លោក ប៉ែន សង្ហា៖ «គណបក្ស នរោត្តម រណឫទ្ធិ មេឃុំ​គណបក្ស នរោត្តម រណឫទ្ធិ បំរើ​ប្រជាពលរដ្ឋ​ដោយ​មិន​រើស​អើង​ទេ មេឃុំ​គណបក្ស នរោត្តម រណឫទ្ធិ យក​ថវិកា​រដ្ឋ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍»

គណបក្ស​ហ៊្វុនស៊ិនប៉ិច ទៅ​កាន់​ម្ចាស់​ឆ្នោត​នោះ គឺ​គណបក្ស​នេះ ដើរ​តាម​មាគ៌ា​សីហនុ​និយម ការ​បង្រួប​បង្រួម ផ្សះផ្សា​ជាតិ ដើម្បី​កម្ពុជា ឯករាជ្យ អព្យាក្រឹត្យ និង​សន្តិភាព​ជា​ដើម។
លោក កែវ ពុទ្ធរស្មី ជា​មគ្គុទ្ទេសក៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​ថា មេឃុំ​របស់​ហ៊្វុនស៊ិនប៉ិច ជា​មេឃុំ​ត្រៀម​ខ្លួន​បំរើ​សេវា​របស់​ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ​រាល់​ ថ្ងៃ មាន​ទាំង​សេវា​រដ្ឋបាល​សាធារណៈ សេវា​សុខាភិបាល និង​ដី​ធ្លី​ជា​ដើម។ លោក កែវ ពុទ្ធរស្មី បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ នៅ​ឆ្នាំ ២០១២​នេះ បន្ទាប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ កាល​ពី​អាណត្តិ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាល​ពី​ឆ្នាំ ២០០៧។
លោក កែវ ពុទ្ធរស្មី៖ «យើង​មាន​រំពឹង ព្រោះ​ថា​យើង​បាន​រៀប​ចំ​ដាក់​បញ្ជី​បោះឆ្នោត​មាន​ច្រើន​ជាង​ឆ្នាំ២០០៧ ពីព្រោះ​ថា កាល​ពី​ឆ្នាំ២០០៦ យើង​មាន​ការ​បែក​បាក់​គ្នា​ជា​មួយ​គណបក្ស នរោត្តម រណឫទ្ធិ ដូច្នេះ​បោះឆ្នោត​ឆ្នាំ​២០០៧ យើង​មិន​បាន​ទទួល​បាន​លទ្ធផល​ល្អ​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ទីក្រុង​ភ្នំពេញ គឺ​មាន​តែ​គណបក្ស​ចំនួន​បី​ទេ ដែល​ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​ខ្លាំង​ជាង​គេ ពេល​ខ្លះ គេ​ហែ​ក្បួន​នៅ​ពេល​យប់ ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នោះ មាន​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។
ប្រធាន​ស្ដី​ទី​គណបក្ស សម រង្ស៊ី​ វិញ លោក គង់ គាំ ផ្ញើ​សារ​នយោបាយ​របស់​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ​ទាំង​អស់​ថា បោះឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី គឺ​សង្គ្រោះ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី ប្រជាពលរដ្ឋ​នឹង​ធ្វើ​ជា​ម្ចាស់​ដី​ធ្លី ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ និង​អនុវត្ត​នូវ​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ជា​ធំ។
លោក គង់ គាំ៖ «គណបក្ស សម រង្ស៊ី បាន​កំណត់​ថា ឆ្នាំ២០១២ ឆ្នាំ២០១៣ ជា​ឆ្នាំ​សង្រ្គោះ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ជម្លោះ​ដី​ធ្លី ទាំង​នៅ​ក្នុង​ផ្ទៃ​ប្រទេស ទាំង​នៅ​ក្នុង​ព្រំដែន នៃ​ប្រទេស​ទាំងមូល»

បន្ថែម​ពី​លើ​នេះ​ទៀត គណបក្ស​ទាំង ១០​មាន​សារ ឬ​គោល​នយោបាយ​ប្រហាក់​ប្រហែល​គ្នា អំពី​ការ​ការពារ​បូរណភាព​ទឹក​ដី និង​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ធ្លី បំបាត់​អំពើ​ពុក​រលួយ​ជា​ដើម ក្នុង​នោះ​មាន​ទាំង​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ផង។

ផ្ទុយ​ទៅ​វិញ អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក អោក វ៉េត បាន​បញ្ជាក់​អំពី​សារ​នយោបាយ​របស់​គណបក្ស​លោក​ថា បញ្ហា​សំខាន់​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ប្រជាពលរដ្ឋ​ឲ្យ​យល់​ថា ប្រព័ន្ធ​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​មួយ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ គឺ​បាន​មក​ពី​ប្រជាពលរដ្ឋ ដូច្នេះ នៅ​ក្នុង​ប្រទេស​មួយ​មិន​មែន​មាន​អំណាច​ប្រមូល​ផ្ដុំ​ដូច​ដែល​ចរន្ត​នយោបាយ​ របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​ទេ។
លោក អោក វ៉េត៖ «ប្រទេស​នីមួយៗ​នៅ​លើ​សកលលោក អ្វីៗ​នៅ​លើ​កណ្ដាប់​ដៃ​ប្រជាពលរដ្ឋ​ទាំង​អស់ អត់​មាន​អ្នក​ណា​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទេ ប្រវត្តិសាស្ត្រ​កម្ពុជា​ក៏​អីចឹង​ដែរ យើង​កុំ​ទុក​ចិត្ត​មេ​ដឹក​នាំ មេ​ដឹក​នាំ​ចង់​ឲ្យ​ល្អ ល្អ ចង់​ឲ្យ​អាក្រក់ អាក្រក់»
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​នេះ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ តែង​តែ​លើក​អំពី​គោល​នយោបាយ​ល្អៗ​របស់​ខ្លួន​ទៅ​កាន់​ម្ចាស់​ឆ្នោត ពិសេស​ទៅ​ទៀត គណបក្ស​នយោបាយ​ទាំង​នោះ ក្លាយ​ទៅ​ជា​ទម្លាប់​សន្យា​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត រួម​ទាំង​គណបក្ស​ដែល​គ្រប់​គ្រង​អំណាច​បច្ចុប្បន្ន​ផង។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត អ្នក​ខ្លះ​កំពុង​តែ​ពិចារណា​ថា តើ​ពួក​គាត់​នឹង​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ដែល​ប្រកាន់​យក​នូវ​ ការ​គោរព​សិទ្ធិមនុស្ស​ជាធំ មិន​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​លំនៅ​ដ្ឋាន និង​មាន​ឆន្ទៈ​ធ្វើ​ការ​បំរើ​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​នោះ៕

No comments:

Post a Comment

Welcome to AngkorKhmer