May 27, 2012

គំរូសន្លឹកឆ្នោត ទឹកខ្មៅ​លុប​មិន​ជ្រះ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​បាន​បង្ហាញ​



ភ្នំពេញ៖ គ.ជ.ប.បង្ហាញ​គំរូ​សន្លឹក​ឆ្នោត​ និង​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះឆ្នោត​ឃុំ ​សង្កាត់​ នា​ថ្ងៃ​អាទិត្យ​ ទី​៣​មិថុនា​ ឆ្នាំ​២០១២។
ក្នុង​កិច្ច​ប្រ​ជុំ​នៅ​ទី​ស្ដីការ​ គ.ជ.ប.កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១២​ លោក​ស្រី​ ស៊ីន​ ជុំ​បូ​ អនុប្រធាន​គ.ជ.ប.​ បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​បាន​បោះពុម្ព​សន្លឹកឆ្នោត​ចំនួន​១០.៦១៩.៨៥០​សន្លឹក ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ អាណត្តិ ​ទី​៣​ ឆ្នាំ​ ២០១២។
លោក​ស្រី​ ស៊ីន​ ជុំបូ​ បាន​លើក​ឡើង​ថា​ សន្លឹកឆ្នោត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ មាន​ពីរ​បែប​ គឺ​ទំហំ​A4​សម្រាប់​ឃុំ​សង្កាត់​ណា​ដែល​មាន​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​ចាប់​ពី ​១​ដល់​៦​ គណបក្ស​និង​មួយ​បែប​ទៀត​ ទំ​ហំ​S4​សម្រាប់​ឃុំ-​សង្កាត់​ណា​ដែល​មាន​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​៧​គណបក្ស ​ ។ សន្លឹក​ឆ្នោត​ទាំង​នោះ​ មាន​១.៦៣៣​ប្រភេទ​​គឺ​ខុស​គ្នា​ទៅ​តាម​ចំនួន​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​ បោះឆ្នោត​នៅ​១.៦៣៣​ឃុំ​-សង្កាត់​​ ទូទាំង​ប្រទេស​ ។
ចំណែក​លោក​ទេព​ នីថា ​អគ្គលេខាធិការ​ គ.ជ.ប.​ បាន​លើក​ឡើង​ថា​ឃុំ​សង្កាត់​ ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ឈរ​ឈ្មោះ​មាន​ចំនួន​១៥​ឃុំ​ សង្កាត់​។ រីឯ​ឃុំ សង្កាត់​ដែល​មាន​គណបក្ស​ឈរ ឈ្មោះ​ច្រើន​ជាង​គេ​មាន​ចំនួន​៧​គណបក្ស​ នៅ​ក្នុង​៣០ឃុំ​សង្កាត់។​
គ.ជ.ប.​ បាន​ចំណាយ​ថវិកា​១,៦​លាន​ដុល្លារ​អាមេរិក​ ទៅ​លើ​ការ​បោះឆ្នោត​ពុម្ព​សន្លឹក​ឆ្នោត​ ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ សង្កាត់​ អាណត្តិ​ទី​៣​ ត្រូវ​ចំណាយ​​សរុប​១៩,៥លាន​ដុល្លារ​។
លោក​ស្រី​ ស៊ីនជុំបូ​​ បាន​បន្ត​ថា​ទឹក​ខ្មៅ​ លុប​លាង​មិន​ជ្រះ​​ មាន​ចំនួន​៣៧០​កេស​ស្មើ​និង​៣៦.៩៦០​ដប​សម្រាប់​ការិយាល័យ​បោះឆ្នោត​ ចំនួន១៨.១០៧ការិយាល័យ​នៅ​ទូទាំង​ប្រទេស​។ក្នុង​មួយ​ការិយាល័យ​ប្រើ​ទឹក​ខ្មៅ ​ចំនួន​២ដប​។​
គ.ជ.ប.​ បាន​ចំណាយ​ទឹក​ប្រាក់​ចំនួន​៨១​ម៉ឺន​ដុល្លារ​ ដើម្បី​ទិញ​ទឹក​ខ្មៅ​ទាំង​នោះ​មក​ពី​ប្រទេស​ឥណ្ឌា​។​ ភ្នាក់​ងារ​គណបក្ស​នយោបាយ​ អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ និង​អ្នក​កាសែត​បាន​សាក​ល្បង​ជ្រលក់​ម្រាម​ដៃ​ក្នុង​ដប​ទឹក​ខ្មៅ​​ ដែល​សម្រាប់​ប្រើប្រាស់​សម្គាល់​អ្នក​បោះឆ្នោត​ឃុំ​សង្កាត់​​ នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ខាង​មុខ​។​
លោកស្រី​ស៊ីន​ ​ជុំបូ​ បាន​គូស​បញ្ជាក់​ថា​ «ទឹក​ខ្មៅ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​អាណត្តិ​ ទី​៣​ឆ្នាំ​២០១២​គឺ​ទិញ​ពី​ប្រទេស​ឥណ្ឌា​ដែល​​មាន​ប្រសិទ្ធិ​ភាព​ល្អ​ហើយ​ គជ.ប.​ តែង​តែ​កុម្ម៉ង់​ទិញ​ទឹក​ខ្មៅ​នោះ​ យក​មក​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​លើក​មុន​ៗ​»។
ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២​មាន​អ្នក​បោះ​ឆ្នោត​សរុប​ ចំនួន៩.២០៣.៤៩៣នាក់ ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​សរុប​ចំនួន១១.៤៥៩​នាក់​នៅ​ក្នុង​១.៦៣៣​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ និង​មាន​១០​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​៕

No comments:

Post a Comment

Welcome to AngkorKhmer