ក្បួនគណបក្សសមរង្ស៊ី នៅថ្ងៃផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ បានប្រមូលផ្ដុំគ្នានៅចំណុចបរិវេណសួនច្បារមុខវត្តបទុម ខណ្ឌដូនពេញ ដោយមានស្រែកជយឃោស រកសំឡេងឆ្នោត និងមានការរាំនៅបរិវេណសួនច្បារ។ ក្នុងពិធីជួបជុំនោះ ក៏មានថ្លែងសារនយោបាយដោយផ្ទាល់មាត់ពីប្រធានគណបក្សស្ដីទី លោក គង់ គាំ។
ក្រោយការជួបជុំរួច ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សសមរង្ស៊ី បានចាប់ផ្ដើមដើរ ចាប់ពីចំណុចមុខវត្តបទុម រហូតដល់ចំណុចខាងត្បូងវិមានឯករាជ្យ ទើបចាប់ផ្ដើមដើរឡើងរថយន្ដ និងម៉ូតូរៀងៗខ្លួនឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក គង់ គាំ ប្រធានស្ដីទីគណបក្សសមរង្ស៊ី បានថ្លែងសារនយោបាយដោយផ្ទាល់ថា “គណបក្សសមរង្ស៊ី កំណត់ថា ឆ្នាំ២០១២-២០១៣ ជាឆ្នាំស្រោចស្រង់ជីវិត និងស្រោចស្រង់ជីវភាពប្រជាពលរដ្ឋខ្មែរ ឲ្យបានប្រសើរឡើង។ គណបក្សសមរង្ស៊ី កំណត់ថា ឆ្នាំ២០១២-២០១៣ ជាឆ្នាំសង្គ្រោះដីធ្លីកម្ពុជា ទាំងនៅតាមព្រំដែន ទាំងនៅក្នុងផ្ទៃប្រទេសកម្ពុជាទាំងមូល។ ឆ្នាំ១៩៩៣ ប្រជាជនធ្លាប់ឈ្នះឆ្នោតវៀតណាម ឈ្នះឆ្នោតគណបក្សប្រជាជនកម្ពុជាម្ដងហើយ។ ឆ្នាំ២០១២-២០១៣ ប្រជាជនខ្មែរត្រូវឈ្នះឆ្នោតវៀតណាម និងគណបក្សប្រជាជនកម្ពុជាម្ដងទៀត”។
លោក គង់ គាំ បានបន្ថែមថា “បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាកាន់អំណាច មេដឹកនាំចាត់ទុកប្រជាជនកម្ពុជាជាខ្ញុំបម្រើ ជាកញ្ជះដាច់ថ្លៃរបស់អ្នកមានអំណាច។ បោះឆ្នោតជូនគណបក្សសមរង្ស៊ី ប្រជាពលរដ្ឋខ្មែរទទួលបានសិទ្ធិជាម្ចាស់អំណាច។ គណបក្សសមរង្ស៊ី មានជំនាញបង្កើនចំណូលប្រជាពលរដ្ឋ និងដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ឲ្យរស់នៅថ្លៃថ្នូរ”។
លោក គង់ គាំ បានថ្លែងសារនយោបាយទៅកាន់អ្នកកាំទ្របន្តថា “ប្រធាន សម រង្ស៊ី ជាអ្នកមានជំនាញផ្នែកសេដ្ឋកិច្ច ធ្លាប់ស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយឆ្នាំ១៩៩៣។ ឈ្នះឆ្នោត ២០១២-២០១៣ លោកប្រធាន សម រង្ស៊ី និងគណបក្សសមរង្ស៊ី ជួយស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកលូតលាស់ចម្រុងចម្រើន។ ឆ្នាំ២០១២ ប្ដូរអំណាចថ្នាក់ឃុំសង្កាត់។ ឆ្នាំ២០១៣ ប្ដូររដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាចេញ។ នាយករដ្ឋមន្ត្រីថ្មី គឺលោក សម រង្ស៊ី”។
នៅក្នុងក្បួនដង្ហែនោះ លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី បានប្រាប់ថា “ថ្ងៃនេះ យើងចាប់ផ្ដើមទាំងអស់ ទាំងនៅក្រុង និងតាមខេត្ត។ អ្នកចូលរួមហែក្បួននៅភ្នំពេញ ប្រហែល ៧ពាន់នាក់ ហើយថ្ងៃនេះយើងធ្វើយុទ្ធនាការនៅក្នុងក្រុងពេញមួយថ្ងៃ”។
ជាមួយគ្នានោះ លោក សម រង្ស៊ី បានផ្ញើសារនយោបាយចំនួន ១០ចំណុច សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ មានដូចខាងក្រោម៖
១. មេឃុំ សម រង្ស៊ី ប្រកាន់ខ្ជាប់សីលធម៌ សច្ចធម៌ យុត្តិធម៌។
២. មេឃុំ សម រង្ស៊ី ការពារប្រជាពលរដ្ឋស្លូតត្រង់ទូទៅ។
៣. មេឃុំ សម រង្ស៊ី ដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដោយមិនរើសអើង និងមិនទាមទារកម្រៃ។
៤. មេឃុំ សម រង្ស៊ី ផ្ដល់សំបុត្រស្នាមផ្សេងៗ យ៉ាងឆាប់រហ័សដល់ប្រជាពលរដ្ឋ ដោយមិនទារកម្រៃសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
៥. មេឃុំ សម រង្ស៊ី ការពារដីធ្លីប្រជាពលរដ្ឋ។
៦. មេឃុំ សម រង្ស៊ី បង្កើតសហគមន៍កសិកម្ម និងនេសាទ ប្រជាធិបតេយ្យ។
៧. មេឃុំ សម រង្ស៊ី ការពារព្រៃឈើ និងធនធានធម្មជាតិ។
៨. មេឃុំ សម រង្ស៊ី ប្រើប្រាស់មូលនិធិឃុំប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍពិតប្រាកដ។
៩. មេឃុំ សម រង្ស៊ី បែងចែកជំនួយជាតិ និងអន្តរជាតិដល់ប្រជាពលរដ្ឋ ដោយមិនរើសអើង និងមិនប្រកាន់បក្ខពួក។
១០. មេឃុំ សម រង្ស៊ី ជ្រើសរើសមេភូមិថ្មី តាមឆន្ទៈប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ក្បួនរបស់គណបក្សសមរង្ស៊ី នៅរាជធានីភ្នំពេញ បានចាប់ផ្ដើមចេញដំណើរពីចំណុចសួនច្បារមុខវត្តបទុម ហើយបានធ្វើដំណើររហូតដល់រង្វង់មូលតាខ្មៅ ខេត្តកណ្តាល ទើបបកចូលមករាជធានីភ្នំពេញវិញ និងធ្វើការឃោសនារកសំឡេងឆ្នោតតាមផ្លូវសំខាន់ៗពេញមួយថ្ងៃ នៅក្នុងរាជធានីភ្នំពេញ។
ជាការកត់សម្គាល់ នៅពេលក្បួនឃោសនាគណបក្សសមរង្ស៊ី ជួបនឹងក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា នៅមុខទីស្នាក់ការគណបក្សសមរង្ស៊ី តាមផ្លូវជាតិលេខ២ នៅចាក់អង្រែ គឺសកម្មជនគណបក្សទាំងពីរ បានហ៊ោកញ្ជ្រៀវដាក់គ្នា ដោយទឹកមុខញញឹមញញែម ដោយមិនស្រែក ឌឺដង ឬក៏ផ្ទុះហិង្សាពាក្យសម្តីដាក់គ្នាឡើយ៕
No comments:
Post a Comment
Welcome to AngkorKhmer