យុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តិទៅ ដោយមិនមានអំពើហិង្សា ឬការរារាំងអ្វីទេ
រីឯការហែក្បួនឃោសនាតាមផ្លូវ ក៏បានប្រព្រឹត្តិទៅ ដោយគ្មានការរារាំងអ្វីទេ។ ក្នុងនោះ មានការហែក្បួនតែគណបក្សប្រជាជនកម្ពុជា សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ចំណែកគណបក្ស ៧ ផ្សេងទៀត ក៏បានឃោសនា ដោយប្រមូលផ្តុំភាគច្រើនតាមឃុំសង្កាត់។
លោក អ៊ឹម សួស្តី បានកត់សម្គាល់ថា ឥឡូវនេះ ហាក់បីដូចជា គណបក្សនយោបាយ មានការយល់ដឹងច្រើន និងមានការចាស់ទុំ ហើយលោកសង្ឃឹមថា នៅពេលខាងមុខនេះ នឹងមិនមានបញ្ហាអ្វីកើតឡើង គួរឲ្យចាប់អារម្មណ៍ទេ នៅក្នុងពេញមួយរដូវបោះឆ្នោតឃុំសង្កាត់ពេលនេះ។
ចំណែកប្រធានអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក គល់ បញ្ញា ក៏បានលើកឡើងថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយៈពេល ១៥ថ្ងៃ នៅថ្ងៃ១៨ឧសភានេះ មិនមានអំពើហិង្សានយោបាយកើតឡើងទេ។
ក៏ប៉ុន្តែលោក គល់ បញ្ញា បានមើលឃើញថា ក្នុងពេលយុទ្ធនាការឃោសនា ថ្ងៃដំបូងនេះ មានសមាជិកគណបក្សកាន់អំណាច បានប្រើប្រាស់សម្ភារៈរដ្ឋ ពិសេសយានយន្ត ដើម្បីទៅឃោសនាបោះឆ្នោត ដែលខុសនឹងគោលការណ៍ច្បាប់។ រីឯតាមវិទ្យុឯកជនមួយចំនួន ក៏ខំប្រឹងធ្វើការឃោសនាច្រើនជាងមុន ហើយប្រើសារនយោបាយប្លែកៗ។
យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ ធ្វើឡើង ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២។ រីឯការបោះឆ្នោត នឹងធ្វើឡើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២។
គណបក្សនយោបាយចំនួន ១០ បានចុះឈ្មោះ ចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់។ ក៏ប៉ុន្តែនៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃទី១៨ឧសភា ឆ្នាំ២០១២ គឺមានតែគណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស តែបីប៉ុណ្ណោះ ដែលបានហែក្បួនឃោសនាបោះឆ្នោតតាមដងផ្លូវ។ ដោយឡែកគណបក្ស ៧ ផ្សេងទៀត ទោះជាមិនបានហែក្បួន តែគណបក្សទាំងនោះ ក៏បានជួបជុំតាមទីស្នាក់ការ ចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ និងចែកខិតប័ណ្ឌដល់ផ្ទះអ្នកបោះឆ្នោតផងដែរ៕
No comments:
Post a Comment
Welcome to AngkorKhmer