May 6, 2012

កំណាព្យ angkorkhmer

សូមជូនកំណាព្យ  "ឪពុកល្អគួរតែចេះជួយកូន ! កូនល្អគួរតែចេះជួយរំលឹកឪពុក ! !"ឪពុកល្អគួរតែចេះជួយកូន ! កូនល្អគួរតែចេះជួយរំលឹកឪពុក !
. ធម្មតាកើតមកជាមនុស្ស......... មិនថាស្រីប្រុសគួររិះគិត
គិតគូអោយល្អយ៉ាងប្រណីត........ មិនគួរមិនគិតធ្វើមិនដឹង !
. មនុស្សម្នាក់ៗមានមុខងារ....... ត្រូវធ្វើកិច្ចការតាមការប៉ិន
ប្រសព្វនៃខ្លួនយើងចេះដឹង......... មិនត្រូវធ្វើធ្មឹងធ្វើព្រងើយ !
. កិច្ចការដែលសំខាន់ជាងគេ..... គឺជួយបុត្រស្នេហ៍មិនកន្តើយ
ឪពុកត្រូវជួយកូនឆ្លងត្រើយ......... ជួយកូនអោយស្បើយពីទុក្ខា !
. គួរតែជួយកូនសព្វទាំងអស់..... ហើយយ៉ាងហោចនោះផ្តល់មេត្តា
ករុណាខន្តីអត់ទោសា............. ខំថែរក្សាជួយកូនចៅ !. ក្នុងនាមឪពុកមិនគួរស្ងៀម...... ពេលឃើញកូនក្រៀមមានទុក្ខនៅ
នៅក្នុងរូបកាយចិត្តកូនចៅ......... គួរតែរកផ្លូវជួយកូនផង !
. ឪពុកស្នេហ៍កូនលើសជីវិត...... ទើបហៅពុកពិតល្អឥតហ្មង
មិនគិតតែខ្លួនហួសទំនង......... មិនគួរប៉ុនប៉ងសុខតែឯង !. ឪពុកដ៏ល្អហ៊ានបូជា ......... ទោះបីជីវាមិនខ្លាចក្រែង
ស្លាប់ក៏ស្លាប់ចុះមិនចំបែង......... អោយតែកូនឯងបានសុខសាន្ត !
. ឪពុកដ៏ល្អមិនគិតខ្លួន............. គិតដល់រូបកូនជាងគិតប្រាណ
គ្មានចិត្តអាក្រក់ដូចតិរច្ឆាន......... ជួយកូនអោយបានផុតពីទុក្ខ !
. មិនគិតតែខ្លួនហើយធ្វើបាប...... អោយកូនខូចខាតមិនស្រណុក
កូនចៅយ៉ាងច្រើនស្លាប់រងទុក្ខ...... ព្រោះតែឪពុកគិតតែខ្លួន !
១០. ឪពុកដ៏ល្អចេះសុំទោស......... បើខ្លួនធ្វើខុសមិនសមសួន
មិនគួរសម្ងំខំគេចខ្លួន .................និយាយផ្ទួនៗថាមិនខុស !
១១. ឪពុកដ៏ល្អចេះកែប្រែ ......... ជួយកូនមាសស្នេហ៍អោយផុតគ្រោះ
ជួយកូនអោយបានផុតទាំងអស់......ទោះជាគ្រោះនោះធំប៉ុណ្ណា !១២. នេះហើយហៅថាពុកដ៏ល្អ......មានចិត្តបវរជួយបុត្រភ្ងា
មិនគិតតែខ្លួនមិនឫស្យា...............ជួយដោយចិន្តាប្រោសប្រណី !១៣. ឯកូនដ៏ល្អនោះវិញណា៎.........គួរមានចិន្តាចេះរិះរៃ
ថែទាំឪពុកអ្នកម្តាយថ្លៃ................ទាំងប្រុសទាំងស្រីដោយគោរព !១៤. បើឪពុកម្តាយយើងធ្វើខុស...... យើងទាំងស្រីប្រុសមិនគួរងប់
ចេះតែនាំគ្នាគិតមិនឈប់ .............នឹកមិនងើបមុខថាលោកត្រូវ !
១៥. បើលោកធ្វើខុសយើងគួរតែ..... ជួយលោកអោយបែរកែតម្រូវ
អោយឃើញកំហុសដើរផ្លូវត្រូវ ........មិនគួរក្រាញនៅតែសរសើរ !
១៦. ឪពុកយើងត្រូវតែគោរព......... តែមិនត្រូវទុកអោយលោកដើរ
តាមផ្លូវខុសហើយនៅសរសើរ........ នោះអាចទុកស្មើនឹងធ្វើខុស !
១៧. ដូច្នេះកូនគួរចេះរំលឹក ......... មិនថាយប់ព្រឹកឪពុកនោះ
ត្រូវតែរំលឹកដោយចិត្តស្មោះ ........ .ដោយក្តីសោមនស្សជួយពុកយើង !
១៨. មិនគួរគិតតែលុតអោនក្រាប... អង្គុយយ៉ាងទាបលើកពុកឡើង
អោយបានខ្ពង់ខ្ពស់ដូចថ្កុំថ្កើង .........បើឪពុកយើងខុសច្រើនណា៎ !
១៩. ម្យ៉ាងទៀតតាមច្បាប់សិទ្ធិមនុស្ស គ្មានទេបុរសដែលអស្ចារ្យ
ដែលធ្វើជាម្លប់គេគ្រប់គ្នា................ ដូចជាទេវតានោះណា៎នៃ !
២០. មនុស្សទាំងអស់ស្មើគ្នាទេ......... មិនគួរកូនខ្មែរគិតរិះរៃ
ថាមានមនុស្សល្អឥតបី.................. ល្អខ្លាំងក្លាក្រៃលើសគេឯង !
២១. គ្មានទេមនុស្សក្នុងលោកា......... ដែលល្អអស្ចារ្យគ្រប់កន្លែង
ដែលខ្លាំងពូកែយ៉ាងក្រៃលែង......... ធ្វើអ្វីម្នាក់ឯងល្អរហូត !
២២. មានតែមនុស្សច្រើនរួមដៃគ្នា.... ហើយរាស្ត្រប្រជាខំរៀនសូត្រ
ត្រូវរៀនគិតគូជាតិរហូត............... ជួយជាតិអោយលូតលាស់ថ្កើងថ្កាន !
២៣. បើមានមនុស្សច្រើនទើបយើងខ្លាំង ហើយអាចតតាំងខ្មាំងសាមាន្យ
អាចមានកម្លាំងយកជ័យបាន............... អោយជាតិសុខសាន្តផុតអន្តរាយ !

No comments:

Post a Comment

Welcome to AngkorKhmer