គណបក្សមានគោលការណ៍ដូចតទៅៈ
១- អភិវឌ្ឍន៍សមិទ្ធផលអមតៈថ្ងៃ ៧មករា ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដោយមិនបែងចែកនិន្នាការនយោបាយ អតីតកាល ភេទ ជាតិសាសន៍ ជំនឿសាសនា និងឋានៈក្នុងសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ការពារមាតុភូមិ និងពង្រឹងសុខដុមនីយកម្មនៃសង្គមជាតិ ។
២- ពង្រឹង ពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គាំទ្រការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ ការពារលើកតម្កើងសិទិ្ធសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ លើកស្ទួយព្រះពុទ្ធសាសនាដែលជាសនារបស់រដ្ឋ និងគោរពសិទិ្ធជំនឿសាសនាដទៃទៀត ។ ពង្រឹងសេរីភាពសារពត៌មាន ធានាសិទិ្ធសហជីព សិទិ្ធនៃអង្គការវិជ្ជាជីវៈនានា លើកស្ទួយតួនាទីនៃសង្គមស៊ីវិល ក្នុងភាពជាដៃគូក្នុងដំណើរការកសាងប្រទេស ។
៣- ជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជនសម្រាប់មុខតំណែងនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រដ្ឋសភានីតិកាលទី៤ ។ គណបក្សប្រជាជនកម្ពុជា ប្រកាន់យកគោលការណ៍បង្កើតរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៤ នៃរដ្ឋសភា ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ។
៤- ពង្រឹងអភិបាលកិច្ចល្អនៅគ្រប់ស្ថាប័នរដ្ឋ ផ្នែកឯកជន និងសង្គមស៊ីវិល លើមូលដ្ឋានបន្តជំរុញរាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ការប្រឆាំងអំពើពុករលួយ ការពង្រឹងនីតិរដ្ឋយុត្តិធម៌ និងសមធម៌សង្គម ។
៥- ពង្រឹងខឿនការពារប្រទេស និងសន្តិសុខជាតិឲ្យបានរឹងមាំ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន ។ ដោះស្រាយជនអន្តោប្រវេសន៍ ជនឆ្លងដែនខុសច្បាប់ និងអំពើល្មើសច្បាប់របស់ជនបរទេស ប្រកបដោយភាពម៉ឹងម៉ាត់តាមច្បាប់ជាធរមាន ។
៦- បន្តជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យមានកំណើនប្រកបដោយចីរភាព និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។ អភិវឌ្ឍន៍ផ្នែកឯកជន លើកទឹកចិត្តអ្នកវិនិយោគទុនក្នុង និងក្រៅប្រទេស ដើម្បីជំរុញការលូតលាស់នៃវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម កសិ-ឧស្សាហកម្ម ហិរញ្ញវត្ថុ ធនាគារ ពាណិជ្ជកម្ម ទូរគមនាគមន៍ និងសេវាកម្ម បង្កើនការងារធ្វើ និងមុខរបរជូនប្រជាជន ពិសេសក្នុងចំណោមយុវជន ។ ជំរុញការវិនិយោគលើធនធានប្រេងកាត ឧស្ម័ន និងរ៉ែផេ្សងៗទៀត បម្រើឲ្យគោដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ពិពិធកម្មពាណិជ្ជ ពង្រីកទីផ្សារនាំចេញផលិតផល និងពលករទៅក្រៅប្រទេស ។ បន្តផ្តល់អាទិភាពលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង និងបណ្តុះបណ្តាលធនធានមនុស្សធ្វើជាគន្លឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិ ។ បង្កើនប្រាក់បៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ និយោជិត ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។ ខិតខំរក្សាស្ថិរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ។
៧- អភិវឌ្ឍន៍វិស័យកសិកម្ម ឲ្យក្លាយជាបៀបខ្លាំងពិតប្រាកដក្នុងសេដ្ឋកិច្ចជាត់ ធានាការផ្គត់ផ្គង់ស្បៀងសម្រាប់តម្រូវការក្នុងប្រទេស និងបង្កើនការនាំចេញកសិផល ។ បន្តមិនយកពន្ធលើដីធ្លីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ព្រមទាំងពន្ធលើមធ្យោបាយផលិតកម្ម និងពន្ធលើឧករណ៍នេសាទសិប្បកម្ម ។ ជំរុញខ្លាំងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត បង្កើនផ្ទៃដីស្រោចស្រព និងភាពម្ចាស់ការលើបញ្ហាទឹក បន្តនយោបាយអន្តរាគមន៍របស់រដ្ឋជួយដល់ប្រជាកសិករ ។ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឲ្យមាននិរន្តភាព ថែរក្សាធនធានព្រៃឈើ និងធនធានជលផលឲ្យបានគង់វង្ស ។
៨- បែងចែកផលនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ បង្កើនថវិកាលើវិស័យអប់រំ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទ ។ ពង្រឹងការគ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ធានាសុវត្ថិភាពនៃកម្មសិទិ្ធដីធ្លី លើកកម្ពស់ប្រសិទ្ធភាពទីផ្សារដី ជំរុញការបែងចែកដីក្នុងក្របខ័ណ្ឌសម្បទានសង្គមកិច្ចជូនប្រជាជនក្រីក្រដែលគ្មានដីពិតប្រាកដ បន្តដោះមីន បង្កើនផ្ទៃដីដាំដុះជូប្រជាជន រាំងស្កាត់ការរំលោភកាន់កាប់ដី គ្រប់ប្រភេទដោយខុសច្បាប់ ។ អភិវឌ្ឍន៍យុវជន ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ អភិវឌ្ឍន៍ជនជាតិភាគតិច បង្កើនការផ្តល់សេវាជួយសង្រ្គោះក្រុមជនងាយរងគ្រោះ លើកស្ទួយសិទិ្ធនារី កុមារ និងជនពិការ ទប់ស្កាត់អំពើហិង្សា ការជួញដូរស្រ្តី និងកុមារ ការផលិត និងជួញដូរគ្រឿងញៀន និងការរីករាលដាលនៃជំងឺឆ្លងកាចសាហាវនានា ។
៩- បន្តជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ អភិវឌ្ឍន៍តំបន់ប្រាសាទបូរាណ តំបន់រមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានទេសចរណ៍ បង្កើនគុណភាពនៃសេវាទេសចរណ៍ ។ ថែរក្សា ការពារ លើកតម្កើងវប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ ទប់ស្កាត់ការហូរចូលនៃវប្បធម៌អវិជ្ជមានពីបរទេស ។
១០- ពង្រឹង ពង្រីកសមិទ្ធផលនានារបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងសប្បុរសជនដែលបានកសាងជូនប្រជាជន ។ បន្តជួយកសាងផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ទឹកស្អាត វត្តអារាម សាលារៀន មណ្ឌលសុខភាព និងជួយអន្តរាគមន៍សង្រ្គោះប្រជាជនដែលរងគ្រោះដោយគ្រោះធម្មជាតិជាយថាហេតុ ។
១១- ប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ កសាងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយគ្រប់ប្រទេស ដោយឈរលើគោលការណ៍សមភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ។ ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូអន្តរជាតិនានា និងខិតខំធ្វើសមាហរណកម្មក្នុងអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។ ដោះស្រាយរាល់បញ្ហាក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសដោយសន្តិវិធី ។ បន្តដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការចរចាដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធផ្សេងទៀត ។
No comments:
Post a Comment
Welcome to AngkorKhmer