Jan 11, 2013

បឹងកេត និង​គិរីវង់ ឈានទៅ​មុខ ខណៈ​ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ ត្រូវប្រជែងគ្នាទៅវគ្គបន្ត



  



ក្រុម ​ចម្ការកៅស៊ូ​បឹងកេត និង​គិរីវង់​សុខ​សែន​ជ័យ បាន​ក្លាយជា​ក្រុម​តំណាង​ឲ្យ​ពូ​ល C ដែល​ត្រូវ​ឡើង​បន្ត​នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ សម្តេច ហ៊ុន សែន ឆ្នាំ២០១៣ ខណៈ​នៅក្នុង​ពូ​ល D ក្រុម​ដែល​ធ្លាប់​គ្រោង​តំណែង​ជើងឯក​ពីរ​ជំនាន់​ដូចគ្នា​គឺ​ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ កំពុង​ចាញ់​ប្រៀប​អាស៊ី​អឺរ៉ុប។

 
ចាន់ វឌ្ឍនាកា រកបាន៧គ្រាប់ រីឯ​គិរីវង់​បន្ត​ឈ្នះ 
ខ្សែបម្រើ ចាន់ វឌ្ឍនាកា ដែល​ត្រូវ​ប្រារព្ធ​ខួបកំណើត​អាយុ១៩ឆ្នាំ នៅ​ថ្ងៃទី២៣ ខែមករា នេះ បាន​ឡើង​ទៅលើ​តារាង​នៃ​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ តាមរយៈ​ការសម្រេចបាន​តែម្នាក់ឯង​ចំនួន៧គ្រាប់ នៅពេល​ក្រុម​ចម្ការកៅស៊ូ​បឹងកេត​របស់ខ្លួន​ផ្តល់​មេរៀន​យ៉ាង​ជូរចត់​ដល់​ ប៉ៃលិន​ក្នុង​លទ្ធផល ១២-០ ។
 
នៅក្នុង​តង់​ទីមួយ បឹងកេត​នៃ​ខេត្តកំពង់ចាម​រកបាន​ចំនួន៥គ្រាប់ និង​បន្ថែម​បាន៧គ្រាប់​នៅក្នុង​តង់​ទី​ពីរ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ក្នុង​រយៈពេល១៥នាទីចុងក្រោយ ចាន់ វឌ្ឍនាកា ធ្វើបាន​សម្រេច​តែ​ម្នាក់​រហូតដល់​ទៅ៥គ្រាប់។ ក្រៅពី៧គ្រាប់​របស់ វឌ្ឍនាកា កីឡាករ៥រូប​ទៀត បានរួម​ចំណែក​ម្នាក់​មួ​យ​គ្រាប់ ដែល​ក្នុងនោះ​មាន សុខ សុវណ្ណ កែវ សុខ​ផេង លី មី​សាន កែវ និង សា​វី សេត​សូ​ឌី។
 
បើ​គិត​ទាំង​ជំនួប​សប្តាហ៍​ដំបូង ចាន់ វឌ្ឍនាកា មាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប៩គ្រាប់ នាំមុខ ជួន ជុំ របស់​ណាហ្គា​ខ​ប​ចំនួន២គ្រាប់។
 
គិរីវង់​សុខ​សែន​ជ័យ​របស់​ខេត្តតាកែវ គឺជា​ក្រុម​ដែល​ត្រូវ​ចាប់ដៃ​ចម្ការកៅស៊ូ​បឹងកេត​ឡើង​ពី​កាន់​វគ្គ​មួយ​ភាគ​ បួន​ផ្តាច់ព្រ័ត្រ តាមរយៈ​ការបំបាក់​ស្វាយរៀង ៣-០ ។ ខ្សែបម្រើ ហ៊ូ សំបូរ បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ពីរ​គ្រាប់​នៅក្នុង​តង់​ទីមួយ រីឯ​អតីត​ខ្សែប្រយុទ្ធ ភ្នំពេញ​ក្រោ​ន ចាន់ ឆា​យ៉ា បន្ថែម​បាន​មួយ​គ្រាប់​ទៀត​នៅក្នុង​តង់​ទី​ពីរ។
 
ជាមួយនឹង​ការទទួលបាន៦ពិន្ទុ​ដូចគ្នា ចម្ការកៅស៊ូ​បឹងកេត និង​គិរីវង់ ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល C នាពីរ​ខាងមុខ​ទៀត ខណៈ​ប៉ៃលិន និង​ស្វាយរៀង ត្រូវ​ប៉ះ​ក្នុង​លក្ខណៈ​ប្រកួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ។
 
ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ អាចមាន​អ្នកធ្លាក់
តើ​អាស៊ី​អឺរ៉ុប​អាច​ចាញ់​ពោធិ៍​សែន​ជ័យ​ដែរឬទេ​នា​ការប្រកួត​ចុងក្រោយ ​របស់ខ្លួន? ចម្លើយ​គឺ​មិនអាច​នោះទេ បើ​ផ្អែក​តាម​រូបភាព​ជាក់ស្តែង ព្រោះ​ក្រុម​តំណាង​ឲ្យ​ខេត្តព្រះវិហារ​មួយ​នេះ បាន​បំបាក់​ព្រះខ័ន​រាជ​នៅក្នុង​បើកឆាក និង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។
 
ខ្សែបម្រើ មួន ណា​រ៉ា បា​នរក​គ្រាប់​នាំមុខ​នៅក្នុង​នាទី១៧ សម្រាប់​អាស៊ី​អឺរ៉ុប ប៉ុន្តែ ហុង ផេង បាន​វាយបក​តាម​ស្មើ​វិញ​សម្រាប់​ភ្នំពេញ​ក្រោ​ន​នៅ​រយៈ២នាទី មុននឹង​បញ្ចប់​តង់​ទីមួយ។ ការរក្សា​លទ្ធផល​នេះ​រហូតដល់​ទីបញ្ចប់ បាន​នាំ​ឲ្យ​ពូ​ល D មិនមាន​បេក្ខភាព​ពិតប្រាកដ​ដែល​ត្រូវ​ឡើងទៅ​វគ្គ​បន្ត​ឡើយ។
 
នៅក្នុង​ពូ​ល​ដ៏​តឹងតែង​នេះ ព្រះខ័ន​រាជ​បាន​រក្សា​ឈ្មោះ​របស់ខ្លួន​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត បន្ទាប់ពី​ពួកគេ​បាន​បំបាក់​ក្រុម​ពោធិ៍​សែន​ជ័យ​ក្នុង​លទ្ធផល ៤-០ ដែល​ពីរ​គ្រាប់​ជាការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ សុក ចាន់​រស្មី ខណៈ ផាន់​នី អ៊ី​រដ្ឋា និង នេន សុធា​រត្ន​ន៍ បន្ថែម​បាន​ម្នាក់​មួយគ្រា​ប់។
 
នៅក្នុង​ពូ​ល D នេះ ពោធិ៍​សែន​ជ័យ​ជា​ក្រុម​តែមួយគត់​ដែល​បាន​ហាលអាវ​ជា​ផ្លូវការ រីឯ​ភ្នំពេញ​ក្រោ​ន អាស៊ី​អឺរ៉ុប មាន៤ពិន្ទុ​ដូចគ្នា រីឯ​ព្រះខ័ន​រាជ​មាន៣ពិន្ទុ។ ជំនួប​នាពី​សប្តាហ៍​ខាងមុខ អាស៊ី​អឺរ៉ុប​គឺជា​ក្រុម​ដែលមាន​ប្រៀប​ជាងគេ ពីព្រោះ​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​បាត​តារាង​ពោធិ៍​សែន​ជ័យ ផ្ទុយទៅវិញ ព្រះខ័ន​រាជ​ដាច់ខាត​មិនត្រូវ​ចាញ់ ឬ​ស្មើ​នោះឡើយ​ក្នុងជំនួប​ជាមួយ​ភ្នំពេញ​ក្រោ​ន៕

No comments:

Post a Comment

Welcome to AngkorKhmer