កាលពី ព្រឹកមិញនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានផ្អាកដំណើរការនីតិវិធីរបស់ខ្លួនលើសំណុំរឿង០០២ ដោយសារតែអវត្តមានរបស់ លោក នួន ជា ដែលជាជនជាប់ចោទសំខាន់ម្នាក់ក្នុងចំណោមបីនាក់។
លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ប្រាប់ « គេហទំព័រថ្មីៗ » តាមទូរស័ព្ទថា ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរ-សូវៀត កាលពីរសៀលម៉ោង៣ និង៥នាទី កាលពីថ្ងៃអាទិត្យ។
លោក នួន ជា មានបញ្ហារលាកទងសួតស្រួចស្រាវ ដែលមានអាការៈហេវហត់ និងអស់កម្លាំង។ លោក នេត្រ ភត្រា បានបន្ថែមថា៖ «បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ លោក នួន ត្រូវសម្រាកព្យាបាលពី៤ ទៅ៧ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អង្គជំនុំជម្រះសាលាដំបូងគ្រោងដំណើរការនីតិវិធីរបស់ខ្លួនឡើងវិញនៅ ថ្ងៃពុធ»។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមរូបនេះ បានលើកឡើងថា៖ «សវនាការនេះ តម្រូវឲ្យមានវត្តមានរបស់ជនជាប់ចោទទាំងបីរូបគឺលោក អៀង សារី លោក ខៀវ សំផន និងលោក នួន ជា។ ដូច្នេះក្រុមមេធាវីរបស់លោក នួន ជា នឹងចូលទៅជួបកូនក្តីរបស់ខ្លួនដើម្បីពិភាក្សាទាក់ទងនឹង ការសម្រេចចិត្តលះបង់សិទ្ធិក្នុងការចូលរួមស្តាប់សក្ខីកម្មផ្សេងៗ ឬយ៉ាងណា។ បើប្រសិនបើ លោក នួន ជា មិនព្រមលះបង់សិទ្ធិរបស់ខ្លួនទេនោះ ដំណើរការសវនាការអាចនឹងត្រូវផ្អាកជាបន្តទៀត»៕ From:www.thmeythmey.com
No comments:
Post a Comment
Welcome to AngkorKhmer