ភ្នំពេញ៖ បច្ចុប្បន្ន និស្សិតថ្នាក់ឧត្តមសិក្សាភាគច្រើននៅខ្សោយខាងចំណេះដឹងទូទៅ និងខ្សោយខាងការសរសេរ និង ការជជែកពិភាក្សា។ សាស្ត្រាចារ្យថ្នាក់ឧត្តមសិក្សាជាច្រើនបានរអ៊ូរទាំដូចៗគ្នាអំពី បញ្ហានេះ ខណៈដែលនិយោជកជាច្រើនដែលរើសបុគ្គលិកទៅធ្វើការក៏ជួបនឹងបញ្ហា ដូចគ្នាដែរ។ នេះជាសញ្ញាអាសន្នមួយក្នុងវិស័យអប់រំកម្ពុជាដែលគួរនាំគ្នា កែប្រែ។
វាពិតជារឿងគួរឲ្យព្រួយបារម្ភណាស់នៅពេលដែលសាស្ត្រាចារ្យថ្នាក់ឧ ត្តមសិក្សាជាច្រើនបានត្អូញត្អែរ និងអ្នកខ្លះគ្រវីក្បាលស្ទើរដាច់ដោយសារតែនិស្សិតថ្នាក់បរិញ្ញាបត្រ ភាគច្រើន ឬរហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មួយចំនួនមិនអាចសរសេរភាសាខ្មែរ បានត្រឹមត្រូវ និងខ្សោយខាងការនិយាយស្តី ឬការជជែកពិភាក្សា។
សម្រាប់និយោជកដែលជ្រើសរើសបុគ្គលិកទៅបម្រើការងារក៏ជួបបញ្ហា ដូចគ្នានេះដែរ។ ពេលខ្លះ ពួកគេបានសម្តែងការហួសចិត្តដ្បិតបុគ្គលិកបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់មួយចំនួនគ្មានសមត្ថភាពធ្វើការងារឲ្យសមតាម សញ្ញាបត្រឡើយ។ នេះគឺជាសញ្ញាអាសន្នដ៏ធំមួយសម្រាប់អនាគតប្រទេសកម្ពុជាពីព្រោះ ប្រទេសមួយមិនអាចពឹងលើធនធានមនុស្សគ្មានគុណភាពបានទេ។
មូលហេតុសំខាន់ជាងគេដែលធ្វើឲ្យប្រពន្ធ័អប់រំកម្ពុជាខ្សោយ គឺកង្វគគ្រឹះរឹងមាំរបស់សិស្សតាំងពីថ្នាក់ក្រោម។ ចាប់ពីថ្នាក់បឋមដល់វិទ្យាល័យ ការរៀនសូត្រហាក់មិនអំណោយផលទាល់តែសោះដល់ការសរសេរ និងការជជែកវែកញែករបស់សិស្ស។ ក្នុងប្រពន្ធ័អប់រំកម្ពុជា ជាទូទៅសិស្សអង្គុយចាំតែស្តាប់គ្រូ ចំណែកឯគ្រូវិញចូលចិត្តនិយាយឲ្យសិស្សស្តាប់ច្រើនជាង ឲ្យសិស្សបង្កើតគំនិត ជជែកពិភាក្សាគ្នា និងសរសេរឲ្យបានច្រើន។ ទម្លាប់នេះបានធ្វើឲ្យសិស្សគ្មានឱកាសក្នុងការសរសេរ ឬក្នុងការពិចារណា និងស្រាវជ្រាវដើម្បីបង្កើនធនធានបញ្ញារបស់ខ្លួន។ នៅប្រទេសជឿនលឿន គេបង្រៀនសិស្សឲ្យចេះបង្កើតគំនិត ចេះស្រាវជ្រាវ និងសរសេរឲ្យបានច្រើន តែប្រទេសយើង គ្រូចូលចិត្តបង្រៀនសិស្សឲ្យថាតាម។ នេះជាបញ្ហាទី១ដែលត្រូវកែប្រែ។
របៀបបង្រៀនជារឿងមួយ តែក៏នៅមានកត្តាច្រើនទៀតដែលធ្វើឲ្យធនធានមនុស្សនៅទន់ខ្សោយ។ ជីវភាពខ្វះខាតមិនអនុញ្ញាតឲ្យគ្រូបង្រៀនបំពេញតួនាទីរបស់ខ្លួនបានល្អ ឡើយ។ ចំណែកឯសិស្សវិញក៏ហាក់ដូចជាមិនសូវមានការតាំងចិត្តខំរៀនប៉ុន្មានទេ គឺពួកគេភាគច្រើនចូលចិត្តការសប្បាយភ្លើតភ្លើនទៅតាមវប្បធម៌មិនល្អ មួយចំនួនដែលហូរចូលពីបរទេស។
នៅឯផ្ទះ ឪពុកម្តាយ ឬអាណាព្យាបាលភាគច្រើនមិនសូវជាមានពេលតាមដានកូន, បង្រៀនកូន និងធ្វើជាគំរូដល់កូនក្នុងការសិក្សារៀនសូត្រឡើយ។
កុំថាឡើយតែអ្នកដែលមានជីវភាពទ័លក្រ សូម្បីតែអ្នកមានជីវភាពធូរធា ឬមធ្យមខ្លះ ក៏មិនទាន់ឲ្យតម្លៃទៅលើសៀវភៅអានសម្រាប់កូននៅឡើយដែរ។ មានគ្រួសារខ្មែរតិចតួចណាស់ដែលចំណាយពេលនិងចំណាយប្រាក់ទិញសៀវភៅឲ្យ កូនអានឬមានទម្លាប់នាំកូនទៅកន្លែងលក់សៀវភៅ។ ការផ្តល់អំណោយសៀវភៅដល់កុមារនៅតែជារឿងគួរឲ្យខ្មាសអៀនមួយនៅក្នុង សង្គមខ្មែរ។ កត្តាទាំងនេះហើយដែលធ្វើគ្រឹះនៃការសិក្សារបស់កុមារមិនរឹងមាំ តាំងពីថ្នាក់ក្រោមមកម្ល៉េះ។
ដើម្បីស្រាយបញ្ហាដ៏គួរឲ្យព្រួយបារម្ភនេះ ការកែប្រែកម្មវិធីសិក្សានិងការគិតគូរដល់ជីវភាពគ្រូបង្រៀនគឺជាគន្លឹះ ចាំបាច់មិនអាចខ្វះបាន។ តាមពិត ក្រសួងអប់រំបានដើរមួយជំហានរួចទៅហើយតាមរយៈការជំរុញប្រពន្ធ័«សិស្ស មជ្ឈមណ្ឌល» ប៉ុន្តែ វានៅមិនទាន់មានប្រសិទ្ធភាព និងវិសាលភាពអាចកែប្រែប្រពន្ធ័អប់រំកម្ពុជាបាននៅឡើយទេ។ ទន្ទឹមនឹងនោះដែរ ឳពុកម្តាយក៏ត្រូវជួយចូលរួមចំណែកដើម្បីលើកកម្ពស់ការសិក្សារបស់កូន ដែរ។
ការពង្រឹងគុណភាពអប់រំជាគន្លឹះក្នុងការកសាងប្រទេសក្នុងយុគសម័យ ទំនើបនេះ។ ដូច្នេះ គ្រប់គ្នាត្រូវតែចូលរួម។ បច្ចុប្បន្ន មនុស្សខ្មែរហាក់ដូចជាមិនសូវគិតគូរពីខ្លឹមសារ តែបែរជាឲ្យតម្លៃតែទៅលើរូបភាពខាងក្រៅ។ មន្ត្រីរាជការ អ្នកធំជាច្រើនសុទ្ធតែមានងារជាបណ្ឌិត តែអ្នកខ្លះមិនដឹងជាបានសញ្ញាបត្រមកពីណា? អ្នករៀនសូត្រខ្លះសុខចិត្តឲ្យគេសរសេរសារណាឲ្យក៏មានឲ្យតែបាន សញ្ញាបត្រខ្ពស់។
ទាំងនេះមិនមែនជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយទេ ហើយវាបានចូលរួមចំណែកធ្វើឲ្យបាត់បង់គុណភាពធនធានមនុស្ស។ ដូច្នេះ មនុស្សជំនាន់មុនត្រូវធ្វើជាគំរូនិងចូលរួមតម្រង់ទិសការសិក្សា របស់ក្មេងជំនាន់ក្រោយពីព្រោះប្រទេសជាតិពឹងផ្អែលទាំងស្រុងទៅលើ ពួកគេ៕
No comments:
Post a Comment
Welcome to AngkorKhmer