ភ្នំពេញ៖ ក្រោម សម្ពាធនៃការរិះគន់ដូចព្យុះសង្ឃរាទៅលើការសម្រេចលើកលែងការចោទប្រកាន់ ជនសង្ស័យឈ្មោះឈូក បណ្ឌិត ក្នុងករណីបាញ់កម្មការិនី៣នាក់ឲ្យរងរបួសក្នុងខេត្តស្វាយរៀង អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានសម្រេចប្តឹងជំទាស់ទៅនឹងការសម្រេច នេះ។
ការប្តឹងជំទាស់របស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានធ្វើឲ្យអង្គការ សង្គមស៊ីវិល និងអ្នកតាមដានសំណុំរឿងនេះសាទរ។ អគ្គព្រះរាជអាជ្ញានៃតុលាការសាលាឧទ្ធរណ៍លោក អ៊ុក សាវុធ បានដាក់បណ្ដឹងជំទាស់កាលពីថ្ងៃទី៣១ធ្នូ ឆ្នាំ ២០១២ ទៅនឹងសេចក្តីសម្រេចរបស់តុលាការខេត្តស្វាយរៀងដែលបានលើកលែងនូវ ការចោទប្រកាន់ទាំងស្រុងទៅលើអតីតអភិបាលក្រុង បាវិត លោក ឈូក បណ្ឌិត ដែលជាជនជាប់សង្ស័យក្នុងរឿងក្ដីបាញ់ប្រហារកម្មការិនីរោងចក្រកៅ វ៉េ៣នាក់ឲ្យរងរបួសធ្ងន់។ តុលាការសាលាឧទ្ធរណ៍គ្រោងលើកយករឿងនេះទៅជំនុំជម្រះជាសាធារណៈដើម្បី ឲ្យអស់សង្ស័យ។
គួររម្លឹកថា អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាក្នុងហេតុការណ៍ បាញ់រះទៅលើក្រុមកម្មកររោងចក្រកាលពីខែកុម្ភៈ ឆ្នាំ២០១២ ។ តែក្រោយមកស្រាប់តែតុលាការខេត្តស្វាយរៀងដដែលបានសម្រេចលើកលែង ការចោទប្រកាន់វិញដោយសារតែមូលហេតុខ្វះភស្តុតាងដាក់បន្ទុក។ ឥឡូវនេះ ពន្លឺហាក់មានឡើងវិញបន្ទាប់ពីអគ្គព្រះរាជអាជ្ញាបានប្តឹងទាស់ ហើយគ្រោងលើកយកសំណុំរឿងនេះទៅជំនុំជម្រះជាសាធារណៈ។ នេះជាសំណុំរឿងក្តៅជាងគេមួយក្នុងចំណោមសំណុំរឿងក្តៅជាច្រើនសម្រាប់ ឆ្នាំ ២០១៣ ៕
No comments:
Post a Comment
Welcome to AngkorKhmer