លោក ជា មុនី បានអះអាងអោយដឹងថា លោកនឹងដកពាក្យបណ្តឹងដែលទាក់ទងនឹងឃាតកម្មលើបងប្រុសរបស់លោក គឺលោកជា វិជ្ជាដែលត្រូវឃាតករបាញ់សំលាប់កាលពី៨ឆ្នាំមុន។ លោកជា មុនីបញ្ជាក់ថា លោកសម្រេចចិត្តធ្វើយ៉ាងនេះដើម្បីកុំអោយមានកម្មពៀរជាមួយប៊ន សំណាង និងសុខ សំអឿនដែលលោកជឿថា ជាមនុស្សត្រឹមត្រូវគ្មានកំហុស។
ប្អូនប្រុសរបស់លោកជា វិជ្ជា គឺលោកជា មុនីបានប្រាប់គេហទំព័រ ថ្មីៗ នៅថ្ងៃអង្គារនេះថា លោកនឹងដកពាក្យបណ្តឹងដែលទាក់ទងនឹងឃាតកម្មលើលោកជា វិជ្ជាវិញ។ ធ្វើយ៉ាងនេះ គឺដោយសារលោកអស់ជំនឿលើតុលាការនៅកម្ពុជា។ ថ្លែងតាមទូរស័ព្ទ លោកជា មុនីបានអត្ថាធិប្បាយយ៉ាងដូច្នេះ៖«ខ្ញុំអត់មានជំនឿលើតុលាការកម្ពុជា ទេ។ តុលាការនេះមិនអាចវែកមុខឃាតករពិតបានឡើយ។ ដូច្នេះខ្ញុំសុខចិត្តដកពាក្យបណ្តឹង។ ខ្ញុំមិនគាំទ្រអោយបុរសស្លូតត្រង់ទាំងពីរនាក់ ប៊ន សំណាង និងសុខ សំអឿនមានទោសទាំងអយុត្តិធម៌យ៉ាងដូច្នេះទេ។ កុំអោយខ្ញុំមិនពៀរជាមួយពួកគាត់។ រឿងតុលាការកាត់ទោស ជារឿងរបស់តុលាការ»។
លោកជា មុនីក៏បានរម្លឹកឡើងវិញដែរថា តាំងពីដើមមកលោកមិនដែលជឿថា ប៊ន សំណាងនិងសុខ សំអឿនជាឃាតករនោះទេ។ លោកបន្តថា ទាំងអតីតព្រះមហាវរក្សត្រនរោត្តម សីហនុ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនមិនបានជឿថា បុរសទាំងពីរនាក់ជាឃាតករនោះឡើយ។
បើទោះជាសំណុំរឿងឧក្រិដ្ឋនេះ នៅជាប់បណ្តឹងអាជ្ញាក៏ដោយ លោកជា មុនីបាននិយាយបែបចំអកដោយអារម្មណ៍អស់ជំនឿ អោយគេបញ្ចប់សំណុំរឿងនេះទៅ៕
No comments:
Post a Comment
Welcome to AngkorKhmer