ក្រោយពី អន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងសំណុំរឿងទណ្ឌិតថៃអាវលឿងទាំងពីរនាក់ លោកស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់បានថ្លែងអរគុណសម្តេចនាយករដ្ឋមន្ត្រី។
លោកស្រីនាយកដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់បានថ្លែងអរគុណសម្តេចនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនដែលបានចាត់វិធានការតាមការស្នើសុំរបស់លោកស្រីដើម្បីបន្ធូរបន្ថយ និងលើកលែងទោសដល់ជនជាតិថៃអ្នកគាំទ្រក្រុមអាវលឿង។
យោងតាមកាសែតថៃ The Nation លោកស្រីនាយករដ្ឋមន្ត្រីថៃបានថ្លែងថា «ក្នុងនាមរដ្ឋាភិបាលថៃ យើងសូមថ្លែងអំណរគុណកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះករណីនេះ និងបានផ្តល់ការលើកលែង និងបន្ធូរបន្ថយទោសដល់ជនជាតិថៃទាំងពីរនាក់ ដើម្បីផលប្រយោជន៍នៃទំនាក់ទំនងនៃប្រទេសទាំងពីរ»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កម្ពុជាលោកអង្គ វង្សវឌ្ឍនាបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រនេះថា វេរ៉ា ស៊ុមខ្វាមឃីតដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំនោះ នឹងត្រូវបន្ថយទោសចំនួន៦ខែ រីឯនាង រ៉ាទ្រី ដែលជាជំនួយការរបស់វេរ៉ានោះ នឹងត្រូវដោះលែងឱ្យមានសេរីភាពនៅថ្ងៃទី១កុម្ភៈខាងមុខនេះ ក្រោយពីបានអនុវត្តទោស២ភាគ៣នៃទោស៦ឆ្នាំរបស់នាងរួចមក។
ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាចំពោះជនជាតិថៃទាំងពីរនាក់ធ្វើឡើង បន្ទាប់ពីលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់បានសំណូមពរមកសម្តេចនាយករដ្ឋមន្ត្រីជាថ្មីទៀតកាលពី ថ្ងៃទី១០មករា៕
No comments:
Post a Comment
Welcome to AngkorKhmer