ភ្នំពេញ៖ នៅក្នុង សង្គមកម្ពុជាបច្ចុប្បន្ន មនុស្សហាក់ដូចជាគិតតែផលប្រយោជន៍ខ្លួនឯងកាន់តែខ្លាំងឡើងៗ ដោយមិនយកចិត្តទុកដាក់នឹងផលប្រយោជន៍សង្គម ឬប្រយោជន៍អ្នកដទៃឡើយ។ និន្នាការនេះកំពុងនាំសង្គមទៅរកគ្រោះថ្នាក់។ ដូច្នេះ ការនាំគ្នាបណ្តុះគំនិតចូលរួមជួយសង្គមជាការចាំបាច់មិនអាចខ្វះបាន។
ទស្សនៈគិតតែប្រយោជន៍ខ្លួនឯងកំពុងកើតមាននៅគ្រប់ទិសទី និងមិនអាចធ្វើឲ្យសង្គមរីកចម្រើនបានទេ។ ជាក់ស្តែង នៅក្នុងស្ថាប័នរដ្ឋ ប្រធានស្ថាប័ន ឬអ្នកទទួលខុសត្រូវធំៗគិតតែរកប្រយោជន៍ផ្ទាល់ខ្លួនមិនចេះស្កប់ដោយមិន រវីរវល់ដល់ជីវភាពអ្នកធ្វើការនៅក្រោមបង្គាប់។ អ្នកប្របកវិជ្ជាជីវៈមួយចំនួនសំឡឹងឃើញប្រាក់ជាធំ ហើយសុខចិត្តបំភ្លេចក្រមសីលធម៌ និង អំពើមនុស្សធម៌នានា។ នៅក្នុងវិស័យឯកជនក៏ដូចគ្នាដែរ អ្នកមានលុយគិតតែបង្កើនឱកាសប្រមូលប្រាក់តាមគ្រប់មធ្យោបាយដែល អាចធ្វើបានដោយមិនសូវគិតគូរពីជីវភាពរបស់បុគ្គលិកកម្មករ ឬផលប៉ះពាល់នៃអាជីវកម្មរបស់ខ្លួនទៅលើអ្នកក្រីក្រឡើយ។
ក្នុងពេលដែលខ្លួនឯងចំណេញកប់ក្តោង ប្រាក់ខែបុគ្គលិកមានកម្រិតទាបពិបាកនឹងរស់។ ក្រៅពីនោះ ពួកអ្នកមាននៅតែចង់មានទោះបីជាមុខរបររបស់ពួកគេធ្វើឲ្យប៉ះពាល់ដល់ ជីវភាពនិងកម្មសិទ្ធិអ្នកក្រីក្រក៏ដោយ។ បញ្ហាដីធ្លី ការបំផ្លាញបរិស្ថាន អាជីវកម្មឈើខុសច្បាប់ បញ្ហានេសាទ ការប្រើថ្នាំគីមីក្នុងចំណីអាហារ ឬ ការកឹបកេងទ្រព្យសម្បត្តិរដ្ឋ ជាដើម គឺជាផលវិបាកដ៏ជាក់ស្តែងបំផុតដែលកើតចេញពីគំនិតអាត្មានិយម។
ការគិតគូរតែប្រយោជន៍ខ្លួនឯង មិនសូវគិតប្រយោជន៍សង្គម ឬប្រយោជន៍អ្នកដទៃក៏កើតមានដែរក្នុងចំណោម អ្នកក្រដែលជាបុគ្គលិក កម្មករ នៅក្នុងវិស័យសាធារណៈ ក៏ដូចជាវិស័យឯកជន ឬក្នុងចំណោមមនុស្សទូទៅដែរ។ ជាក់ស្តែង ពួកគេក៏មិនសូវជាមានគំនិតជួយថែរក្សា ទ្រព្យសម្បត្តិសាធារណៈ ឬជួយសន្សំសំចៃដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនឬស្ថាប័នដែលខ្លួន បម្រើការនោះទេ។ ជាទូទៅ ពួកគេច្រើនតែគិតថា នោះគឺជាលុយរបស់រដ្ឋឬរបស់ថៅកែដែលមិនមែនជារបស់ខ្លួនឯងឡើយ។ ក្នុងការបំពេញការងារ បុគ្គលិក កម្មករ ក៏មិនសូវមានគំនិតចង់ឲ្យការងារមានប្រសិទ្ធភាពដើម្បីការរីកចម្រើន របស់ស្ថាប័ន ឬក្រុមហ៊ុនដែលខ្លួនបម្រើការនោះទេ។ មនុស្សភាគច្រើន ធ្វើការដើម្បីតែប្រាក់ខែមួយមុខប៉ុណ្ណោះ។
នៅពេលដែលមន្ត្រី ប្រធានស្ថាប័ន ឬថៅកែ និយោជក និងបុគ្គលិក កម្មករ គិតតែកេងយកចំណេញរៀងៗខ្លួន ការរីកចម្រើននឹងមិនសូវមានទេ។ តាមទ្រឹស្តី ប្រធានស្ថាប័ន ឬថៅកែ ត្រូវចាត់ទុកបុគ្គលិកកម្មកររបស់ខ្លួនជាអ្នកដែលមានប្រយោជន៍ពីព្រោះ អ្នកទាំងនោះជាអ្នករកលុយឲ្យក្រុមហ៊ុន។ ដូច្នេះ ពួកគេត្រូវទទួលបានការយកចិត្តទុកដាក់ទាំងជីវភាព និងសុខភាព។ ចំណែកឯបុគ្គលិក កម្មករវិញ ត្រូវចាត់ទុកកន្លែងដែលខ្លួនធ្វើជាប្រភពចំណូលទ្រទ្រង់ជីវភាព គ្រួសារ។ ប្រជាពលរដ្ឋទូទៅ ក៏ត្រូវគិតដែរថា ទ្រព្យសម្បត្តិសាធារណៈ ឬទ្រព្យអ្នកដទៃ ក៏ដូចជាទ្រព្យរបស់ខ្លួនដែរ។ នៅពេលដែលម្នាក់ៗគិតបែបនេះ សង្គមច្បាស់ជានឹងស្គាល់ការរីកចម្រើនដោយលឿនរហ័ស។
ផ្ទុយទៅវិញ និន្នាការសង្គមខ្មែរបច្ចុប្បន្នហាក់ដូចជាកំពុងដើរបញ្ច្រាសទិសនេះ ទៅវិញ។ មនុស្សកាន់តែច្រើនឡើងៗគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ខ្វាយពីសុខទុក្ខអ្នកដទៃឡើយ។ ទស្សនៈនេះគឺជាប្រភពនៃ អំពើពុករលួយ ការកេងប្រវ័ញ្ចមនុស្សគ្នាឯង រហូតដល់ការជួញដូរមនុស្ស។ ដូច្នេះ ពលរដ្ឋខ្មែរគួរតែនាំគ្នាបណ្តុះគំនិតចូលរួមជួយសង្គម និងជួយអ្នកដទៃឲ្យបានច្រើនជាងនេះ។ ការបណ្តែតបណ្តោយឲ្យគំនិតសួនតួនិយមអូសទាញនឹងច្បាស់ជាធ្វើឲ្យសង្គម គ្រោះថ្នាក់ជាមិនខាន។ សង្គមគ្រោះថ្នាក់ មានន័យថា ទាំងអស់គ្នាដែលជាកោសិកាសង្គមក៏គ្រោះថ្នាក់ដែរ៕
ល្អណាស់
ReplyDelete