Jan 26, 2013

កូរ៉េ​​ខាង​ជើង​​គំរាម​​សង​សឹក​​​​កូរ៉េ​​ខាង​​ត្បូង​​ដោយ​​កំលាំង​​បាយ​


អគ្គមគ្គុទ្ទេសក៍​វ័យ​ក្មេង របស់​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន
អគ្គមគ្គុទ្ទេសក៍​វ័យ​ក្មេង របស់​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន

បន្ទាប់​ពី​​បាន​ប្រកាស​​​អំពី​​គំរោង​សាក​ល្បង​នុយ​ក្លេអ៊ែរ​​ របស់​ខ្លួន​ ជា​លើក​ទី​បី​ កាល​ពី​ម្សិល​មិញ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​កូរ៉េ​ខាង​ជើង​​បាន​គំរាម​​​កូរ៉េ​ខាង​ត្បូង​​ថា​ ​នឹង​​សងសឹក​​​ក្រុង​​សេអ៊ូល​​តាម​កំលាំង​បាយ ​​​​​ ប្រសិន​បើ​ក្រុង​សេអ៊ូល ចូល​រួម​ពង្រឹង​ទណ្ឌកម្ម​​ដែល​អង្គការ​សហប្រជា​ជាតិ ដាក់​មក​លើ​ក្រុង​ព្យុង​យ៉ាង។ កូរ៉េ​ខាង​ជើង​បាន​បង្កើន​​​ការ​គំរាម​ជា​ទ្វេ​ដង ក្នុង​សប្តាហ៍​នេះ​ ចាប់​ពី​​​ពេល​ដែល​​​​អង្គការ​សហប្រជា​ជាតិ​ បាន​បោះ​ឆ្នោត​​លើ​សេចក្តី​សំរេច​ចិត្ត​ ដាក់​ទណ្ឌកម្ម​​លើ​ក្រុង​ព្យុង​យ៉ាង​ ចំពោះ​ទង្វើ​នៃ​​ការបាញ់​​​​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​ កាល​ពី​ថ្ងៃ​ទី​ ១២ ​ធ្នូ​ កន្លង​មក។ ​


“​ប្រសិន​បើ​ក្រុម​​អាយ៉ង​ក្បត់​​ទាំង​នេះ ចូល​រួម​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់​ ជាមួយ​​​អង្គការ​សហប្រជា​ជាតិ​នោះ សាធារណរដ្ឋប្រជា​ធិបតេយ្យ​​កូរ៉េ​ ​នឹង​ឆ្លើយ​តប​ទៅ​វិញ តាម​រយៈ​ការ​សងសឹក​​បែប​កំលាំង​បាយ​​ដ៍​ធ្ងន់​ធ្ងរ” នេះ​​ជា​ការ​​​​ក្រើន​រំលឹក​ ​របស់​គណកម្មការ​បង្រួប​បង្រួម​​សន្តិភាព​នៅ​កូរ៉េ ដែល​បាន​ដាក់​នាម​អោយ​​​​កូរ៉េ​ខាង​ជើង ថា​ជា​​ “សាធារណរដ្ឋប្រជា​ធិបតេយ្យ​​កូរ៉េ”។

ការ​​គំរាម​សង​សឹក​ទៅ​លើ​ក្រុង​សេអ៊ូល​នេះ​ ធ្វើ​ឡើង​​តែ​មួយ​​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ ខ្លួន​នឹង​ធ្វើ​​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​ ជា​លើក​ទី​បី​ទៀត​ ដើម្បី​​​ផ្ចាញ់​ផ្ចាល​​សហរដ្ឋ​អាមេរិក ដែល​ជា​សត្រូវ​​ស្លាប់​រស់ និង​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់ អង្គការ​សហប្រជា​ជាតិ មក​លើ​ក្រុង​ព្យុង​យ៉ាង។

ខ្លឹម​សារ​នៃ​​សេច​ក្តី​សំរេច​ចិត្ត​​លើ​ការ​​​ទណ្ឌកម្ម​​​របស់​​​​​​ អង្គការ​សហប្រជាជាតិ ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក ​​​​​​គឺ​ហាម​ឃាត់​មិន​អោយ​មាន​ការ​បញ្ជូន​​បច្ចេកទេស​នុយ​ក្លេអ៊ែរ និង​​មីស៊ីល​អន្តរទ្វីប ទៅ​កាន់​ក្រុង​ព្យុងយ៉ាង ព្រម​ទាំង​បង្ខំ​អោយ​កូរ៉េ​ខាង​ជើង​​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ យោធា​របស់​ខ្លួន​ ព្រម​ទាំង​បញ្ឈប់​​​​​ការ​បាញ់​បង្ហោះ​មីស៊ីល​ថែម​ទៀត​ផង។

ក្រុង​ព្យុង​យ៉ាង ​ប្រៀប​ប្រដូច​​ទណ្ឌកម្ម​របស់​​អង្គការ​សហប្រជា​ជាតិ ទៅ​នឹង​ការ​ប្រកាស​​សង្គ្រាម​​ជាមួយ​កូរ៉េ​​ខាង​ជើង។

​យោង​តាម​អ្នក​ជំនាញ​​នានា​​​នៅ​​កូរ៉េ​​ខាង​ជើង ក្រុង​ព្យុងយ៉ាង​ អាច​នឹង​ធ្វើ​ការ​​សាក​ល្បង​នុយក្លេអ៊ែរ​និង​មីស៊ីល​ ជា​លើក​ទី​បី​​ ​​​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ ដើម្បី​អោយ​ជាន់​គ្នា​ជាមួយ​នឹង​​ថ្ងៃ​​​ឡើង​កាន់​តំណែង​​​​ របស់​លោក​ស្រី​ ប៉ាក់​ គុន​ហឺ ​ជា​ប្រធានាធិបតី​​​ថ្មី​​របស់​កូរ៉េ​ខាង​ត្បូង​ ​ហើយ​ពិសេស​​​​គឺ​​ចំ​​ឧកាស​​​ខួប​ថ្ងៃ​ ១៦ កុម្ភៈ ដែល​ជា​ថ្ងៃ​​​​កំណើត​ ​​របស់​អតីត​អ្នក​ដឹក​នាំ​​កូរ៉េ​​ខាង​​ជើង​ លោក​ គីម​ ជុង​អ៊ីល។ លោក​ គីម​ ជុង​អ៊ីល​ ជា​ឪពុក​​របស់ គីម​ ជុង​អ៊ុន ​​​មេដឹកនាំ​​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន​​ ​បាន​ទទួល​មរណ​ភាព កាល​ពី​​​ឆ្នាំ​ ២០១១​៕​

No comments:

Post a Comment

Welcome to AngkorKhmer