Jan 25, 2013

អេស៊ីលីដា៖ អត្តសញ្ញណ​ជន​សង្ស័យ​ទាំង​៦នាក់ដែលមានអាយុ​ពី​២០ ទៅ​៣៥​ឆ្នាំ



  


ប៉ូលីស ​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាម​ត្រូវ​បន្ត​សាកសួរ​ក្រុម​ជនល្មើស​ទាំង៦នាក់​នៅ​ ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​កសាង​សំណុំរឿង​មុនពេល​បញ្ចូល​ទៅ​តុលាការ។ លោកស្នងការ​ខេត្តកំពង់ចាម​បញ្ជាក់ថា« សំណុំរឿង​មានការ​ជាប់​ពាក់ព័ន្ធ​ច្រើន»។
 

កាលពី​ព្រឹក​មិញ​នេះ ប៉ូលីស​ខេត្តកំពង់ចាម​បានធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ជនល្មើស​ទាំង៦នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរៀបចំ​គម្រោង​ប្លន់​ចំណុច​ធនាគារ​អេស៊ីលីដា ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់។ ក្នុងចំណោម​ជនសង្ស័យ​ទាំង៦មាន ៥នាក់​បុគ្គលិក​ធនាគារ ហើយ​ដែល​ធនាគារ​បានសម្រេច​បញ្ឈប់​ការងារ និង​ប្តឹងទៅ​តុលាការ​ហើយ។
 
ជនសង្ស័យ និង​អ្នកពាក់ព័ន្ធ ប្រព្រឹត្ត​បទល្មើស ៦នាក់​នោះ​រួមមាន ឈ្មោះ ស៊ីម គឹម​ថា​ត អាយុ៣៥ឆ្នាំ នៅ​ភូមិ​ព្រែក​បារាំង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ជា​បុគ្គលិក​ធនាគារ កាន់​បេឡា ជា​អ្នកផ្តើមគំនិត ឈ្មោះ ទឹម គុយ​ហេង អាយុ២៧ឆ្នាំ បុគ្គលិក​ធនាគារ ឈ្មោះ ស៊ិន​តុលា ហៅ ចេ​ម អាយុ២៣ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​វត្ត​ពោធិ៍ ស្រុក​កំពត ខេត្តកំពត បុគ្គលិក​វា​រី​អគ្គីសនី​កោះកុង ឈ្មោះ អាន ម៉ាត់​លី អាយុ២០ឆ្នាំ បុគ្គលិក​ធនាគារ ឈ្មោះ សយ ឌី​ណា អាយុ៣២ឆ្នាំ នាយក​ស្តីទី​ធនាគារ ឈ្មោះ រឿន សុជាតិ អាយុ២៦ឆ្នាំ បុគ្គលិក​ធនាគារ។
 
សមត្ថកិច្ច​ដកហូត​បា​ន អាវុធខ្លី​កា៥៤ ១ដើម គ្រាប់៥គ្រាប់ ម៉ូតូ២គ្រឿង និង​ប្រាក់​ចំនួន ៥៧លាន រៀល (ហាសិប​ប្រាំ​ពីរលាន​រៀល) ដែល​ក្រុម​ជនសង្ស័យ​ត្រៀម​យកចេញ ប្រគល់ជូន​ធនាគារ​វិញ និង​ប្រាក់​ចំនួន ៥លាន​រៀល (ប្រាំ​លាន​រៀល) ដែល​ឆែក​ឃើញ​នៅលើ​ខ្លួន​ជនសង្ស័យ ពេល​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។
 
យោងតាម​ព័ត៌មាន​ពិស្តារ​ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​ស្នងការដ្ឋាន​ នគរបាល​ជាតិ នៅ​យប់​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ នៅ មាន​ជនសង្ស័យ ២នាក់ បាន​ចូលទៅក្នុង​ធនាគារ ធ្វើ​សកម្មភាព​ចាប់ចង​បុគ្គលិក​ធនាគារ ២នាក់ ឈ្មោះ ស៊ីម គឹម​ថា​ត ភេទ​ប្រុស អាយុ៣៥ឆ្នាំ ឈ្មោះ​ទឹម គុយ​ហេង ភេទ​ប្រុស អាយុ២៧ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ អាន ម៉ាត់​លី អាយុ២០ឆ្នាំ ជនសង្ស័យ​មិនបាន​ចង​ទេ ។

រហូតដល់​ម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ ឈ្មោះ អាន ម៉ាត់​លី បាន​រត់​រួច​ចេញមកក្រៅ ហើយ​បាន​បំភ្លឺ​ជូន​សមត្ថកិច្ច អំពី​សកម្មភាព​ដែល​ជនសង្ស័យ​ប្រព្រឹត្ត មកលើ​បុគ្គលិក​ធនាគារ ដោយ​បញ្ជាក់ថា​ជនសង្ស័យ​មាន​អាវុធខ្លី ១ដើម និង​គ្រាប់បែក កែច្នៃ ២គ្រាប់ ។
 
ក្រោយ​ការស្រាវជ្រាវ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ គឺជា​ការរៀបចំ​គម្រោង​របស់​ជនសង្ស័យ និង​បុគ្គលិក​ធនាគារ នៅ​ភូមិ​បែក​អន្លូង ដែល​រៀបចំ​ដើម្បី​បំភ័ន្ត​មតិ​ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់​យកប្រាក់​ របស់​ធនាគារ៕
 

No comments:

Post a Comment

Welcome to AngkorKhmer