ឆ្លងកាត់ ការប្រកួតជុំចុងក្រោយនៅក្នុងពូល A និង B នៃការដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៣ កាលពីថ្ងៃទី១៧ ខែមករា គូប្រជែងដ៏ចម្រូងចម្រាស ក្រសួងការពារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងត្រូវជួបគ្នានៅ វគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈណាហ្គាខបត្រូវជួបជាមួយបៀលប្រាយ។
ណាហ្គាខបតោងជាប់ពូល A ជាមួយក្រសួងការពារជាតិ
នៅក្នុងជំនួបពូល A នៅលើពហុកីឡដ្ឋានជាតិ ណាហ្គាខបធ្វើបានសម្រេចនូវគោលដៅរបស់ខ្លួនតាមរយៈការទទួលជ័យជម្នះ ៤-២ លើក្រសួងការពារជាតិ។ ខ្សែប្រយុទ្ធ ភួង សុខណាសា បានរកគ្រាប់បាល់បើកឆាកឲ្យក្រុមកងទ័ពនៅក្នុងនាទី ទី៣៨ ប៉ុន្តែពីរនាទីក្រោយមក ខ្សែប្រយុទ្ធ ទៀប វឌ្ឍនៈ វាយបកតាមស្មើវិញ។
នៅក្នុងនាទីបន្ថែមនៃតង់ទីមួយ ខ្សែបម្រើ ពៅ ភារិទ្ធ បានធ្វើឲ្យកងទ័ពនាំមុខសាជាថ្មី។ ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់លោកគ្រូបង្វឹក លឹម នួន នៅក្នុងតង់ទីពីរ នាំឲ្យណាហ្គាខបរកបានគ្រាប់បាល់ចំនួន៣គ្រាប់បន្ថែមទៀត ដោយពីរគ្រាប់គឺជាស៊ុតបញ្ចូលទីរបស់ ខ្សែប្រយុទ្ធ ជួន ជុំ និងមួយគ្រាប់ទៀតសម្រេចបានដោយ កូប អ៊ីសា។
សម្រាប់ការប្រកួតគូទីពីរ ក្រុមខណ្ឌចម្ការមន (ក្រុមព្រឹទ្ធសភា) បានប្រឹងយកឈ្នះក្រចេះរហូតដល់ ១១-២ ដោយ ស្រី វ៉ាន់ដា រី ភារើន រុន ជីបូឡា និងទី ប៊ុណ្ណារិទ្ធ រកបានម្នាក់ចំនួនពីរគ្រាប់ ខណៈ តាន់ រចនាឧត្តម ស្រី វ៉ាន់ដេត និងរស់ មករា បន្ថែមបានម្នាក់មួយគ្រាប់។ ពីរគ្រាប់បង្គ្រប់កិច្ចរបស់ក្រចេះ រកបានដោយចាន់ ប៊ុនធឿន និងចាន់ ឌីណា។
យោងតាមលទ្ធផលសរុបនៅក្នុងពូល A ក្រសួងការពារជាតិ ណាហ្គាខប និងចម្ការមន ទទួលបានបីពិន្ទុដូចគ្នា បើខុសគ្នាត្រង់ចំនួនគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទី ខណៈក្រចេះបញ្ចប់យុទ្ធនាការរបស់ខ្លួនជាមួយនឹងការធ្លាយគ្រាប់សរុប ចំនួន៣២គ្រាប់ក្នុងបីប្រកួត ហើយវាយបកគេវិញបានត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។
បៀលប្រាយដណ្តើមបានលេខមួយពីនគរបាលជាតិនៅក្នុងពូល B
អតីតខ្សែប្រយុទ្ធក្រសួងការពារជាតិ ប្លុង ចន្ធូ បានស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី ទី៦៧ លើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីនាំឲ្យបៀលប្រាយទទួលបាន តំណែងលេខមួយនៅក្នុងពូល B។
បីប្រកួតកន្លងមក បៀលប្រាយទទួលបាន៩ពិន្ទុពេញ ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបាន៦ពិន្ទុ។ ដោយឡែកជំនួបបង្គ្រប់នៅលើកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដដែល វេស្ទើនយូនីអែហ្វស៊ី បានបញ្ចប់យុទ្ធនាការប្រកួតជាមួយនឹងការទទួលបាន៣ពិន្ទុក្នុងដៃតាមរយៈ ការយកឈ្នះកំពតទាំងប្រផិតប្រផើយ ៣-២ ។
អឿន សុធារ៉ា ឡុង បូរាណ និងព្រុំ យ៉ាណែត គឺជាអ្នកដែលរកគ្រាប់បាល់ឲ្យវេស្ទើន ខណៈ ទៀង ចាន់បូរី ស៊ុតបាល់បញ្ចូលទីពីរគ្រាប់តែម្នាក់ឯងឲ្យកំពត។
ជំនួបវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ
យោងតាមការផ្គូផ្គងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមលេខមួយពូល A ក្រសួងការពារជាតិ នឹងត្រូវជួបជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិលេខពីរពូល B នៅក្នុងការប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ។ ក្រុមទាំងពីរបានធ្វើឲ្យការប្រកួតកើតឡើងនូវភាពចម្រូងចម្រាស់នាជំនួប របស់ពួកគេនៅក្នុងក្របខណ្ឌកំពូលពីរលើកចុងក្រោយនេះ។
ដោយឡែកក្រុមលេខមួយពូល B បៀលប្រាយយូណាយធីត ត្រូវប៉ះជាមួយក្រុមលេខពីរពូល A ណាហ្គាខប។ ជំនួបទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមករា នៅលើទីលានពហុកីឡដ្ឋានជាតិ៕
No comments:
Post a Comment
Welcome to AngkorKhmer