Jan 10, 2013

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនា​ការគាំទ្រ​លោក ម៉ម សូណង់ដូ


  

មជ្ឈមណ្ឌល ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក អ៊ូ វីរៈ បានប្រកាស​ឲ្យ​ដឹងថា ខ្លួន​នឹងធ្វើ​យុទ្ធនាការ "ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ" និង​ការប្រកួត​រចនា​កាតប៉ុ​ស្តា​ល់ ដើម្បី​ជា​កិច្ច​គម្រប់​រយៈពេល ប្រាំ​មួយខែ ឬ​រយៈពេល ១៨៦ ថ្ងៃ ចាប់ពី​ថ្ងៃ ដែល​លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន។


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១០ ខែមករា​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹង​បើក​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ ដើម្បី​ប្រកាស​ជា​ផ្លូវការ​អំពី​យុទ្ធនាការ​នេះ។ យុទ្ធនាការ"ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ" ក៏មាន​គោលដៅ​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​ឲ្យ​ដោះលែង​រូ​លោក ម៉ម សូណង់ដូ ផងដែរ។

 សេចក្តីប្រកាស​ព័ត៌មាន​បន្តថា យុទ្ធនាការ​ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ មាន​គោលបំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​ទៅលើ​ចំនួន​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ត្រូវ​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹងដាក់​បង្ហាញ​ប្រតិទិន​យុត្តិធម៌​នោះ នៅមុខ​ការិយាល័យ​រប​ស់​ខ្លួន ហើយ​រាប់​ចំនួន​ថ្ងៃ ដែល​លោក​ត្រូវបាន​ចាប់ខ្លួន និង​អំពាវនាវ​ឲ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​នឹង​ប្រកាស​អំពី​ការប្រកួត​រចនា​ម៉ូដ កាត​ប៉ុ​ស្តា​ល់ សម្រាប់​សាធារណៈជន​ទូទៅ​ផងដែរ។ កាត​ប៉ុ​ស្តា​ល់​នោះ​នឹងត្រូវ​ជ្រើសរើស​ចំនួន​បីសន្លឹក​ដែល​ស្អាត​បំផុត​ ដើម្បី​បោះពុម្ព និង​ចែក​ជូនទៅ​សាធារណជន ដែល​គាំទ្រ​លោក ម៉ម សូណង់ដូ។ លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ និង​ចោទប្រកាន់ថា លោក​បាន​ញុះញង់​ឲ្យ​បង្កើត​តំបន់អបគមន៍ ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ។ លោក​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ២០ឆ្នាំ ៕From: www.thmeythmey.com

No comments:

Post a Comment

Welcome to AngkorKhmer