Jan 12, 2013

វិភាគ៖ អ៊ី​ន​ធ័​រ​ណិ​ត ធ្វើ​បដិវត្តន៍​ជីវិត​មនុស្ស តាមរបៀប​ណា?



  

 វា​ជា​បដិវត្តន៍​ថ្មី​មួយ​ដែល​ខុសពី​បដិវត្តន៍​ដើម្បី​ផ្តួលរំលំ​របប គ្រប់គ្រង​មួយ​ដើម្បី​ជំនួស​ដោយ​របប​គ្រប់គ្រង​មួយ​ដែល​រំពឹងថា​នឹង​ល្អ​ជាង មុន។ បដិវត្តន៍​បែប​ថ្មី​បាន​កើតមានឡើង​ដោយសារតែ​បច្ចេកវិទ្យា​ព័ត៌មាន ឬ​និយាយ​ឲ្យ​ចំ គឺ​ដោយសារតែ​អ៊ី​ន​ធ័​រ​ណិ​ត។ បដិវត្តន៍​បែប​ថ្មី​នេះ បានធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ប្រែប្រួល​លើ​គ្រប់​ទិដ្ឋភាព​ដោយ​រាប់ ចាប់តាំងពី​របៀប​ទំនាក់​ទំនង របៀប​ធ្វើ​ជំនួញ របៀប​រស់នៅ របៀប​ធ្វើការ ការអប់រំ​មនុស្ស ស្នេហា របៀប​គិតគូរ​របស់​មនុស្ស និង​ចរិត​មនុស្ស​នៅក្នុង​សង្គម។
 
សូម​សាកល្បង​គិត​ដោយ​ចេញពី​របៀប ទំនាក់ទំនង។ កាលពី​មុនពេល​ដែលមាន អ៊ីម៉េល និង​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងទៀត ដែល​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​នោះ ទំនាក់ទំនង​ត្រូវបាន​ធ្វើឡើង​តាមរយ:លិខិត ដែល​ត្រូវ​បញ្ជូនទៅ​ច្រើន​គីឡូម៉ែត្រ​និង​ចំណាយ​ពេលវេលា​ច្រើន។ ឥឡូវ លិខិតអញ្ជើញ​ភាគច្រើន​ត្រូវបាន​បញ្ជូន​តាមរយ:អ៊ី​ម៉ែ​ល ដែល​ការ​ចុច​មួយ​គ្លី​ក​អាច​ទៅដល់​មនុស្ស​ច្រើន​រាប់មិនអស់។ នៅក្នុង​ការប្រែប្រួល​មួយ​នេះ វា​ក៏​ធ្វើ​ឲ្យ​បាត់បង់​ការងារ​របស់​អ្នករត់​សំបុត្រ​នៅតាម​ក្រុមហ៊ុន​ឬ អង្គការនីមួយ។ 
 
នៅក្នុង​បញ្ហា​ទំនាក់ទំនង​ដដែល​ដូចគ្នានេះ ភាព​ស្និ​ទ្ឋ​ស្នាល​រវាង​ក្រុមគ្រួសារ​ក៏ត្រូវ​បាន​បំផ្លាញ។ វា​ជា​រឿង​កើតមាន​យ៉ាង​ញឹកញាប់ ដែល​នៅ​តុ​បាយ​មួយ ឪពុក​អាច​នឹង​បើក​អ៊ី​ម៉ែ​ល​មើល​តាម​ទូរស័ព្ទ ចំណែក​កូន​អាច​ប្រើ​ទូរស័ព្ទ​ដើម្បី​ចុច​ហ្គេម​លេង ហើយ​ម្តាយ​អាច​នឹង​ប្រើ Ipad ដើម្បី​លេង​ហ្វេ​ស​ប៊ុ​ក​ជាដើម។ វា​មានន័យថា​គ្រួសារ​មួយ​នេះ​កំពុងតែ​នៅ​ជុំគ្នា ប៉ុន្តែ​ពួកគេ​កំពុងតែ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ដោយ​មិនដឹង​ខ្លួន។ 
 
ការទំនាក់ទំនង​រប​ស់​ពួកគេ​ដែល​នៅ​ឆ្ងាយ​បែរជា​នៅ​ជិតបង្កើយ ខណ:ដែល​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​នៅ​ជិត បែរជា​ឃ្លាតឆ្ងាយ​ពីគ្នា​ទៅវិញ។ នៅក្នុង​កម្រិត​ណាមួយ​នោះ ភាពស្និទ្ធស្នាល​រវាង​សមាជិកគ្រួសារ​បានក្លាយ​ជា​សោះកក្រោះ ដោយសារតែ​ភាព​ងុប​ង​ល់​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​ទាំងអស់នោះ។
 
 ការធ្វើ​មុខ​ជំនួញ​ក៏មាន​ការប្រែប្រួល​ទៅតាម​នោះដែរ នៅពេលដែល​មធ្យោបាយ នៃ​ការផ្សព្វផ្សាយ​មាន​ភាពងាយស្រួល​ជាង​មុន និង​លឿន​ជាង​មុន។ ក្រុមហ៊ុនតូចៗអាច​នឹង​រាលដាល ហើយ​ប្រើប្រាស់​សារព័ត៌មាន​សង្គម​ដូចជា Facebook ដើម្បី​ផ្សព្វផ្សាយ ពាណិជ្ជកម្ម និង​ឃោសនា​ផលិតផល​របស់ខ្លួន។ មនុស្ស​គ្រប់គ្នា​អាច​កាន់តែ​ងាយ​រកលុយ​ជាង​មុន ដោយសារតែ មធ្យោបាយ​ថ្មី ដែល​ផ្តល់​ដោយ​បច្ចេកវិទ្យា​ព័ត៌មាន និង​អ៊ី​ន​ធ័​រ​ណិ​ត។ ការងារ​ក៏មាន​ការប្រែប្រួល​ទៅតាម​នោះ។ បើ​អ្នកជា​មនុស្ស​មាន​សមត្ថ​ភាព​ម្នាក់ វា​នឹង​អាច​ឲ្យ​អ្នក រក​ការងារ​ធ្វើ​ដោយ​ហួស​ពី​រង្វង់​ទីផ្សារការងារ​នៅក្នុង​ប្រទេស​កម្ពុជា។ 
 
ជាមួយនឹង​កុំព្យូទ័រ​ដែលមាន​ភ្ជាប់​អ៊ី​ន​ធ័​រ​ណិ​ត​និង​កម្មវិធី​ ផ្សេងទៀត អ្នក​អាចធ្វើ​ការងារ​ជា​លេខា ជា​អ្នកបកប្រែ ជាទី​ភ្នាក់ងារ​លក់​សំបុត្រ​យន្តហោះ និង​ការងារ​ជាច្រើន​ទៀត​ឲ្យ​បណ្តា​ក្រុមហ៊ុន​នៅតាម​ប្រទេស​ទូទាំង​ពិភពលោក។ ឥឡូវ​វា​មិន​ចម្លែក​ទេ ដែលថា អ្នក​អាចធ្វើ​ការងារ​ឲ្យ​ថៅកែ​នៅ​អាមេរិក ឬ​ចិន ឬ​ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក។ ការងារ​កំពុងតែ​រត់​មករក​ប្រទេស​ក្រីក្រ ដោយសារតែ​ការជួល​បុគ្គលិក​នៅក្នុង​ប្រទេស​អាមេរិក​និង​ប្រទេស​អភិវឌ្ឍន៍ ផ្សេងទៀត​មានតម្លៃ​ថ្លៃ។
 
អ្នក​អាច​នឹង​ចោទ​សួរថា ចុះ​បច្ចេកវិទ្យា​ព័ត៌មាន​ប៉ះពាល់​នឹង​ការអប់រំ​របៀប​ណា? សាកល្បង​គិត​ទៅ​មើលថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​បាន​ឆ្លងកាត់​ការសិក្សា តាមរយ:អ៊ី​ន​ធើ​ណិ​ត ដែល​គេ​ច្រើន​និយម​ហៅថា online learning or distance learning។ អ្នក​អាច​រៀន​និង​ធ្វើការ​ក្នុងពេល​តែមួយ​យ៉ាង​មាន​ប្រសិទ្ធភាព។ ការអប់រំ​ពី​ឪពុកម្តាយ​ក៏ត្រូវ​តែមាន​ការប្រែប្រួល​ខុសពី​មុន។ វា​នឹង​មិនមាន​ប្រសិទ្ធភាព​ទៀត​ទេ បើសិនជា​ឪពុកម្តាយ ហាមឃាត់​កូន​កុំ​ឲ្យ​មើល​រឿង​អាសអាភាស ហើយ​ប្រឡូក​នឹង​ស្នេហា​នោះ។ 
 
ការអប់រំ​សម័យកាល​នេះ​ទាមទារ​ការទទួលខុសត្រូវ​និង​យល់ដឹង​ពី​បញ្ហា ជាជាង​ការបិទផ្លូវ ឬ​ហាមឃាត់។ នៅតាម​អ៊ី​ន​ធ័រណិ​ត រឿង​អាសអាភាស អាច​នឹង​រកមើល បាន​យ៉ាង​សេរី ហើយ​ទំនាក់ទំនង​ស្នេហា​របស់កូនៗក៏​អាច​នឹង​កើតមាន​គ្រប់​ទីកន្លែង​មិន​ថា ពួកគេ​កំពុងតែ​ឃុំ​នៅក្នុង​ផ្ទះ​ឬ​បន្ទប់​ឡើយ។ ជាមួយនឹង​ទូរស័ព្ទ​ឬក៏​កុំព្យូទ័រ ពួកគេ​អាច​ទំនាក់ទំនង​យ៉ាង​ងាយស្រួល​ដល់​ពិភពលោក​ទាំងមូល។ ដូច្នេះ​របៀប​អប់រំ ត្រូវតែ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ប្រឈម​និង​ដោះស្រាយ​បញ្ហា ជាជាង​ការហាមឃាត់​មិន​ឲ្យ​ធ្វើ​អ្វីមួយ។ សារ​ដែល​ប្រាប់​កូន​អំពី​របៀប​ការពារ​ការ​ឆ្លង​មេរោគ​អេដស៍ និង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ នឹងមាន​ប្រសិទ្ធភាព​ជាង​ការអប់រំ​កូន​មិន​ឲ្យ​រួមភេទ។ 
 
ភាពស្មោះត្រង់ ជា​បញ្ហា​មួយ​ដែល​នឹង​លេចឡើង​នៅក្នុង​ពិភព​ការងារ​និង​មុខជំនាញ​ដែល ប្រើប្រាស់​ប្រ​ព័​ន្ឋ​អ៊ី​ន​ធើ​ណិ​ត។ នៅក្នុង​សម័យកាល​នេះ មនុស្ស​នឹង​ទាមទារ​ឲ្យ​កាន់តែ​យល់ដឹង​ច្រើនជាង​មុន​អំពី​តម្លៃ​នៃ ភាពស្មោះត្រង់​និង​ការទទួលខុសត្រូវ។ ឥឡូវនេះ ការ​លួច​ស្នាដៃ​កាន់តែ​ងាយស្រួល​ជាង​មុន ហើយ​ចន្លោះប្រហោង​សម្រាប់​ការ​ភូតភរ​ក៏មាន​ទំហំ​ធំ​ជាង​មុន។ ការលួចចម្លង​ស្នាដៃ​ចម្រៀង ភាពយន្ត និង អត្ថបទ​សារព័ត៌មាន​កំពុងតែ​រីកដុះដាល នៅពេល​មនុស្ស​មិន​យល់​អំពី​កម្ម​សិទ្ធ​បញ្ញា ហើយ​គេ​គិតថា ការលួចចម្លង​នោះ​នឹង​មិនអាច​ដឹងបាន​ដោយ​ម្ចាស់​កម្មសិទ្ធិ ដែល​នៅ​ឆ្ងាយ។ 
 
មនុស្ស​អាច​នឹង​ងាយ​ភូតភរ​ជាង​មុន ដើម្បី​លាក់បាំង​ការមិន​ទទួលខុសត្រូវ​របស់​ពួកគេ​នៅក្នុង​ការបំពេញ​ការងា​រ ។ ការយឺតយ៉ាវ ឬ ការខកខាន​ការងារ អាច​នឹងត្រូវ ទម្លាក់កំហុស​ទៅលើ​ភាពរអាក់រអួល​ផ្នែក​អ៊ី​ន​ធើ​ណិ​ត ឬក៏​ការស្ទះ​ចរាចរណ៍​ជាដើម។ នៅក្នុង​កម្រិត​ណាមួយ​នោះ វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុច្ចរិត​ភាព​របស់​មនុស្ស។ មនុស្ស​អាច​នឹងមាន​ចរិត​មិន​ស្មោះត្រង់​ជាង​មុន និង​មិន​ទទួលខុសត្រូវ​ចំពោះ​កិច្ចការ​របស់ខ្លួន​ជាដើម។ ការធ្វើការងារ ឬ​រៀនសូត្រ​ពី​ចម្ងាយ​ទាមទារ​មនុស្ស​ដែល​ស្មោះត្រង់ និង​ទទួលខុសត្រូវ​ជាង​មុន។
 
ការគិត​របស់​មនុស្ស​ក៏ត្រូវ​តែ ប្រែប្រួល​ទៅតាម​ល្បឿន​និង​វិសាលភាព​ថ្មី​នៃ​ទំនាក់ទំនង​ដោយ​ទាមទារ​ឲ្យ ល្អិតល្អន់​ជាង​មុន។ ឧទាហរណ៍​ថា អ្នក​អាច​នឹង​រីករាយ​ដាក់​រូប​របស់​អ្នក​ស្និ​ទ្ឋ​ស្នាល​ជាមួយ​មិត្តស្រី ម្នាក់​ដើម្បី​បង្អួត​មិត្តភក្តិ ប៉ុន្តែ​អ្នក​ភ្លេច​គិតថា មិត្តស្រី របស់​អ្នកជា​មនុស្ស​ខ្មាសអៀន ហើយ​មិន​ចង់​ឲ្យ​គេ​ឃើញ​រូប​បែប​នោះ។ កំហុសឆ្គង​មួយ​នេះ​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក ជាមួយ​មិត្តស្រី​នោះ ដែល​អាច​នឹង​គិតថា អ្នក​ខ្វះ​ការគោរព​ចំពោះ​នាង។ 
 
ជាទូទៅ វា​ទាមទារ​ឲ្យ​មនុស្ស​មាន​សមត្ថ​ភាពជា​ង​មុន​នៅក្នុង​ការគិត កាន់តែ​ស៊ីជម្រៅ អំពី​ផលប៉ះពាល់​គ្រប់យ៉ាង​ដែល​អាច​នឹង​កើតមាន​តាមរយ:ការប្រើប្រាស់ សារព័ត៌មាន​សង្គម​ដើម្បី​ទំនាក់ទំនង ចែករំលែក​ព័ត៌មាន និង​ផ្តល់ព័ត៌មាន។
 
យើង​កំពុងតែ​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​សេរី​ជាង​មុន លឿន​ជាង​មុន និង ទាមទារ​ឲ្យ​មានការ​ស្មោះត្រង់ និង​ការទទួលខុសត្រូវ​ជាង​មុន៕ 
 

No comments:

Post a Comment

Welcome to AngkorKhmer