ប្រមុខ រដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែនបានថ្លែងព្រមានភាគីថៃមិនអោយលេងល្បែងបិទច្រកទ្វារព្រំដែនដែល នឹងអាចបង្កអោយភាគីថៃជាអ្នកខាតបង់ធំ ប្រសិន បើកម្ពុជាធ្វើដូចគ្នានោះ។ ការព្រមានរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើង ក្រោយពីសមត្ថកិច្ចថៃបានបិទច្រកអានសេះរយៈមួយថ្ងៃកាលពីសប្តាហ៍មុន។
ឆ្លៀតឱកាសដែលមានវត្តមាននៅក្នុងខេត្តប៉ៃលិនជាប់ព្រំដែនថៃ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបាននិយាយដល់បញ្ហាបិទច្រកព្រំដែន ដែលជាទូទៅអនុវត្តដោយសមត្ថកិច្ចប្រទេសថៃ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានព្រមានសមត្ថកិច្ចថៃមិនអោយលេងល្បែងមួយ នេះ ដ្បិតនៅពេលដែលកម្ពុជាអនុវត្តតាមវិញគឺភាគីថៃជាអ្នកខាតបង់ច្រើនជាង ខាងកម្ពុជា។ សម្តេចហ៊ុន សែនចាត់ទុកថា ល្បែងបិទច្រកព្រំដែនជាល្បែងខាត។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ៖«កុំលេងសង្គ្រាមពាណិជ្ជកម្ម។ កុំឧស្សាហ៍បិទពេក។ ព្រោះថៃជាអ្នកនាំផលិតផលចូលកម្ពុជាច្រើនជាងកម្ពុជានាំចូលថៃ។ ប្រយ័ត្នបិទ គឺបិទរហូត។ គឺថៃខាត សូមកុំភ័នច្រឡំ»។
សម្តេចហ៊ុន សែនបន្តថា លោកចង់អោយឃើញពលរដ្ឋតាមព្រំដែនជាពលរដ្ឋដែលឈប់ភ័យខ្លាច ហើយក្លាយជាអ្នកមាន។ សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា ទំនាក់ទំនងជិតខាងល្អមិនមែនត្រូវចាប់ផ្តើមតែពីរដ្ឋាភិបាលភ្នំពេញ និងបាងកកតែមួយនោះទេ តែជាពលរដ្ឋតាមព្រំដែនទាំងសងខាងដែរ៕
No comments:
Post a Comment
Welcome to AngkorKhmer