Jan 2, 2013

បញ្ហា​ដែលរដ្ឋាភិបាល​មិនគួរ​មើលរំលង​ក្នុង​ឆ្នាំ ២០១៣!


  


វិភាគ៖  ឆ្នាំ ​ថ្មី ឆ្នាំ​សាកល ២០១៣ បាន​ចូលមក​ដល់​ហើយ។ ប្រទេស​កម្ពុជា​នឹងមាន​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​ដ៏​ក្តៅគគុក​មួយចំនួន​ដែល​បន្ត​ឡើងក​ម្តៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។  បញ្ហា​ទាំងនោះ​ប្រសិនបើ​មិនត្រូវ​បាន​ដោះស្រាយ​ទេ វា​នឹង​បន្ត​ដុត​រោល​ឆាកនយោបាយ​ឲ្យ​ឡើងក​ម្តៅ​ពិបាក​នឹង​ពន្លត់។


ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ចុងខែ​កក្កដា​គឺជា​ព្រឹត្តិការណ៍​នយោបាយ​សំខាន់​ ជាងគេ​នៅក្នុង​ឆ្នាំ ២០១៣ នេះ។ ស្ថានការណ៍​នយោបាយ​ដែល​តានតឹង​នៅក្នុង​ឆ្នាំ ២០១២ ហើយ​មិនអាច​ដោះស្រាយបាន ដូចជា​ការចូលរួម​បោះឆ្នោត​របស់លោក​សម រង្ស៊ី ជាដើម​គឺជា​សញ្ញា​ប្រាប់ថា កម្តៅ​នយោបាយ​នឹង​ឡើង​ខ្ពស់។

មេដឹកនាំ​បក្សប្រឆាំង​ឈានមុខ​គេ​នៅ​កម្ពុជា លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅប្រទេស​អស់​រយៈពេល៣ឆ្នាំ​មកហើយ​បន្ទាប់ពី​ តុលាការ​កម្ពុជា​បាន​ផ្តន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​ជាង១០ឆ្នាំ​ក្នុង​ សំណុំរឿង​ព្រំដែន​ដ៏​ចម្រូងចម្រាស។ សំណុំ​រឿងនេះ​បាន​រុញច្រាន​លោក​សម រង្ស៊ី ឲ្យ​នៅ​ឆ្ងាយ​ពី​ឆាកនយោបាយ ឆ្ងាយ​ពី​អ្នកគាំទ្រ​របស់ខ្លួន និង​ឆ្ងាយ​រហូតដល់​មិនអាច​ឈរឈ្មោះ​បោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ​បានទេ ពីព្រោះ​ឈ្មោះ​របស់លោក​ត្រូវបាន​គេ​លុប​ចេញពី​បញ្ជី​អ្នកបោះឆ្នោត​ បាត់ទៅហើយ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​លទ្ធផល​នៃ​ការរួបរួម​គ្នា​រវាង​គ​ណ​បក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ដែល​ទើបតែ​បាន​លេចចេញ​ជា​រូបរាង​ក៏​នៅ​មិនទាន់​ ឆ្លង​ផុត​បញ្ហា​ដែរ។  គណបក្ស​នេះ​នៅ​មិនទាន់មាន​រចនា​សម្ព​ន្ធ័​ច្បាស់លាស់​នៅឡើយ​ដោយសារតែ​ ភាពស្មុគស្មាញ​នៃ​ដំណើរការ​បញ្ចូល​គ្នា​រវាង​គណបក្ស​ពីរ​ដែល​មិនសូវ​ជា​ ទុកចិត្ត​គ្នា​ប៉ុន្មាន។  ឥឡូវនេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធំ​មួយទៀត នោះ​គឺ​បេក្ខភាព​នាយករដ្ឋមន្ត្រី ឆ្នាំ ២០១៣  ។

នៅពេលដែល​លោក​សម រង្ស៊ី មិនអាច​ឈរឈ្មោះ​បាន លោក​កឹម សុខា ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ស័ក្តិសម ប៉ុន្តែ តើ​លោក​សម រង្ស៊ី និង​គណបក្ស​របស់លោក​សុខចិត្ត​លះបង់​តំណែង​នេះ​ទៅ​ឲ្យ​លោក​កឹម សុខា​ដែរឬទេ?  ប្រសិនបើ​មិនអាច តើ​បេក្ខជន​រូប​ណា​ដែល​ស័ក្តិសម​នឹង​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​ បក្សប្រឆាំង? ទាំងនេះ​ជា​សំណួរ​ដ៏​ស្មុគស្មាញ​កំពុង​ចោទឡើង​នៅក្នុង​គណបក្សប្រឆាំង។ លទ្ធភាព​នៃ​ការបែកបាក់​ក៏មាន​កាន់តែ​ខ្ពស់​ប្រសិនបើ​គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​នៅតែ​បន្ត​ការមិនទុកចិត្ត​គ្នា ហើយ​មិនអាច​ទម្លុះទម្លាយ​បញ្ហា​បាន។

ក្រៅពី​បញ្ហានយោបាយ​ដ៏​សំខាន់​នេះ នៅមាន​បញ្ហា​សង្គម​ដ៏​ក្តៅគគុក​មួយចំនួនទៀត​ដែល​នឹង​បន្ត​ដុត​រោល​ឆាកនយោបាយ ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ នេះ។ ជាក់ស្តែង សំណុំរឿង​លោក ម៉ម សូណង់ដូ, សំណុំរឿង​លោក ឈូក បណ្ឌិត, បញ្ហា​របស់​អ្នកភូមិ​បឹងកក់​និង​បូរី​កីឡា ក៏ដូចជា​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​កន្លែង​ផ្សេងទៀត​ដែរ  សុទ្ធសឹង​ជា​បញ្ហា​ដែល​ឡើងក​ម្តៅ​តាំងពី​ឆ្នាំមុន មិនទាន់​អាច​ដោះស្រាយបាន។ នេះ​ន​ភ​មិនទាន់​រាប់​ការទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ​ផង​ទេ។

ក្រុមអ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​បាន​មើលឃើញថា បរិយាកាស​នយោបាយ​ក្នុង​ឆ្នាំ ២០១៣ នេះ​អាច​នឹង​ធូរស្រាល​បាន​ប្រសិនបើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល ​គេ​មើលឃើញថា​មិន​ពិបាក​នឹង​ដោះស្រាយ។ ការដោះស្រាយ​បញ្ចប់​បញ្ហាក្តៅៗទាំងនោះ​គឺជា​ការចាំបាច់​ណាស់​ដើម្បី​រក្សា​ ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច​នៅពេល​បោះឆ្នោត។

ផ្ទុយទៅវិញ ការ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​ទាំងនោះ​បន្ត​ដុត​រោល​ឆាកនយោបាយ​ក្នុង​រយៈពេល​ យូរ​គឺជា​ការខាតបង់​ដ៏​ធំ​មួយ ហើយ​ការខាតបង់​នេះ​មិន​បញ្ជាក់​ពី​ភាពឈ្លាសវៃ​របស់​រដ្ឋាភិបាល​ឡើយ៕

No comments:

Post a Comment

Welcome to AngkorKhmer