យុទ្ធនាការ
បើកឆាកនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៣
កាលពីថ្ងៃសៅរ៍ ទី១២ ខែមករា រវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ
និងក្រសួងការពារជាតិ បានកើតមានភាពចម្រូងចម្រាស់
ដោយសារក្រុមកីឡាករក្រសួងការពារជាតិបាននាំគ្នាដើរចេញពីទីលានក្រោយ
ការស៊ុតបាល់បញ្ចូលទីនៅនាទី ទី៧២ របស់ នួន បូរី។
ខណៈការប្រកួតដំណើរការជិតមួយម៉ោង ខ្សែការពារ សុប រ៉ាវី
បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ
ហើយនៅពេលនោះ
ក៏មានការតវ៉ាផងដែរពីសំណាក់កីឡាករមួយចំនួនរបស់ការពារជាតិ
ដោយពួកគេយល់ថា កីឡាកររបស់នគរបាលជាតិស្ថិតនៅក្នុងតំបន់អកហ្ស៊ឺ។
រឿងរ៉ាវកាន់តែមានភាពធ្ងន់ធ្ងររហូតដល់មានការដើរចេញពីទីលាន
ក្រោយការស៊ុតបាល់បញ្ចូលទីរបស់ នួន បូរី។ លោក អ៊ុព សំអាន
អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ បាននិយាយបកស្រាយថា
ក្រុមរបស់លោកសម្រេចចិត្តដើរចេញពីទីលានដើម្បីឆ្លើយតបទៅនឹង
ការកាត់ក្តីដ៏អយុត្តិធម៌របស់អាជ្ញាកណ្តាល ថោង ច័ន្ទកិត្យា និងលោក
សរ ជួបវាសនា ដែលជំនួយការអាជ្ញាកណ្តាល។
ក្រុមកីឡាករ
និងថ្នាក់ដឹកនាំក្រសួងការពារជាតិមានការខឹងសម្បារយ៉ាងខ្លាំង
បន្ទាប់ពីការផ្លាស់ប្តូរចិត្តរបស់លោក សរ ជួបវាសនា
ដែលជាជំនួយការអាជ្ញាកណ្តាល ដែលលើកទង់អកហ្ស៊ឺ ហើយដាក់ចុះវិញ
ចំពោះខ្សែបម្រើ នៅ សូសិលា នៃក្រុមនគរបាលជាតិ។
លោក អ៊ុព សំអាន បានបញ្ជាក់ថា ការផ្លាស់ប្តូរចិត្តនេះ
បានធ្វើឲ្យកីឡាកររបស់លោកអាក់ចលនាក្នុងការដណ្តើមយកបាល់ដែលនាំឲ្យ
នួន បូរី ស៊ុតបាល់បញ្ចូលទីបានសម្រេច។
លោកបានទទួលស្គាល់ថា៖ «យើងដឹងថា ការដើរចេញនាំឲ្យយើងខាតបង់
ប៉ុន្តែយើងចង់ប្រឆាំងចំពោះការកាត់ក្តីដ៏អយុត្តិធម៌របស់ក្រុមអ
ជ្ញាកណ្តាល។ យើងនឹងដាក់ពាក្យបណ្តឹងទៅសហព័ន្ធ
ប៉ុន្តែយើងក៏ដឹងពីលទ្ធផលមុនហើយដែរ»។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់មានការសម្រេចជាផ្លូវការឡើយ
ចំពោះការពិន័យលើក្រសួងការពារជាតិ ប៉ុន្តែបើតាមការអនុវត្តកន្លងមក
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិអាចនឹងទទួលបានគ្រាប់បាល់ចំនួនបី
គ្រាប់ទៀត បន្ថែមពីលើពីរគ្រាប់ទៀតដែលពួកគេបានស៊ុតចូល។
លោក អ៊ុង កនយ៉ានិត
គ្រូបង្វឹកនៃក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ
ក៏បានយល់ស្របផងដែរចំពោះកំហុសឆ្គងរបស់អាជ្ញាកណ្តាល
ប៉ុន្តែលោកបានលើកឡើងថា ក្រុមរបស់លោកក៏នៅតែឈ្នះដដែល
បើទោះបីជាមិនមានការដើរចេញក៏ដោយ។
ក្រុមក្រសួងការពារជាតិមិនសូវមានការផ្លាស់ប្តូរសមាសភាពឡើយ
ខណៈអគ្គស្នងការដ្ឋាន នគរ បាលជាតិ មានកីឡាករជនជាតិជប៉ុនពីររូប
គឺខ្សែបម្រើ Takahito Ota និងអ្នកចាំទី Yasuyuki Yoshida។
លទ្ធផលគូផ្សេងទៀត
សម្រាប់ការប្រកួតគូទីពីរនៅលើពហុកីឡដ្ឋានជាតិ
ណាហ្គាខបបានទទួលជ័យជម្នះរហូតដល់ទៅ ៦-១ លើក្រុមចំណូលថ្មី
អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា។ ប្រាក់ ចាន់រតនា
ស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ ខណៈ ជួន ជុំ កូប អ៊ីសា ទៀប វឌ្ឍនៈ និង
ប៉ែន ស្ទេហ្វាន រកបានម្នាក់មួយគ្រាប់។
ក្នុងការបង្ហាញខ្លួនលើកដំបូងនៅក្នុងក្របខ័ណ្ឌកំពូល ស្ទេហាន
បានស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី ទី៨៤
ពោលគឺបីនាទីក្រោយការប្តូរចូល។
ខ្សែការពារ រុន ជីបូឡា ជាអ្នកស៊ុតបាល់បញ្ចូលទីឲ្យព្រឹទ្ធសភា
ខណៈអ្នកចាំទី ខា ធារ៉ា ដែលជាអតីតអ្នកចាំទីណាហ្គាខប
បានទទួលកាតក្រហមនៅក្នុងនាទី ទី៧០ ។ ក្រុមកីឡាកររបស់ព្រឹទ្ធសភា
គឺជាឈុតនៃក្រុមខណ្ឌចម្ការមនដែលបានយកឈ្នះណាហ្គាខប ២-០
នាជំនួបតាមពូលនៃពានរង្វាន់សម្តេច ហ៊ុន សែន។
រីឯនៅលើទីលានស្តាតចាស់ ភ្នំពេញក្រោនបានទទួលជ័យជម្នះ ២-១
លើក្រុមបៀលប្រាយយូណាយធីត។ ខ្សែប្រយុទ្ធ ឃឹម បូរី
ស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់សម្រាប់ភ្នំពេញក្រោន
ខណៈអតីតកីឡាករក្រសួងការពារជាតិ ប្លុង ចន្ធូ
រកបានមួយគ្រាប់ឲ្យបៀលប្រាយ៕
No comments:
Post a Comment
Welcome to AngkorKhmer