Jan 28, 2013

សមាជិក​សភា​បក្ស​ប្រឆាំង​កោះហៅ​ប្រធាន​គ.ជ.ប. ចូលបំភ្លឺ​រឿង​បោះឆ្នោត


លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.)
លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.)

នៅ​ថ្ងៃ​ទី​២៤​មករា​នេះ សមាជិកសភា​គណបក្ស សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចំនួន ១៥ រូប បាន​ចុះហត្ថលេខា​រួមគ្នា លើ​លិខិត​មួយច្បាប់ ស្នើ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កោះហៅ​ឲ្យ​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ​.​ជ​.​ប​.) ដើម្បី​ចូល​ឆ្លើយបំភ្លឺ​រដ្ឋសភា ជុំវិញ​កិច្ចការ​រៀបចំ​ការបោះឆ្នោត​។ កិច្ចការ​របស់​គ​.​ជ​.​ប​. ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត កន្លងមក ដែល​គណបក្ស​ប្រឆាំង អះអាងថា គ​.​ជ​.​ប​. លម្អៀង​ទៅរក​គណបក្សកាន់អំណាច​។​


បន្ទាប់ពីគ.ជ.ប. បដិសេធមិនជួបមេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃនេះ ​ក្រុម​សមាជិកសភា​គណបក្ស​ស​ម​រង្ស៊ី និង​សិទ្ធិមនុស្ស បានសរសេរលិខិតមួយច្បាប់ តាមរយៈ​ប្រធានរដ្ឋសភា ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​អនុញ្ញាតឲ្យ​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ចូល​មក​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍​ណាមួយ នា​ដើមខែ​កុម្ភៈ ខាងមុខនេះ​។

​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៣ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទិ្ធមនុស្ស បាន​ស្នើ​ឲ្យ​លោក អ៊ឹម សួស្តី បំភ្លឺ​ដោយ​ផ្ទាល់មាត់ នៅ​រដ្ឋសភា លើ​បញ្ហា​មួយចំនួន ទាក់ទង​នឹង​យន្តការ និង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស បាន​លើកឡើង​នូវកម្រង​សំណួ​រ ៥ ចំណុច ដែលត្រូវឲ្យប្រធាន គ.ជ.ប. ឆ្លើយបំភ្លឺ  រួមមាន​៖ ភាពមិនប្រក្រតី នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១២, យន្តការ និង​នីតិវិធី នៃ​ការជ្រើសរើស​មន្ត្រី​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. រាជធានី​-​ខេត្ត ឃុំ​-​សង្កាត់ និង​ការិយាល័យ​រៀបចំ​ការបោះឆ្នោត និង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដូចជា វិទ្យុ និង​ទូរទស្សន៍ សំរាប់​បម្រើ​ការបោះឆ្នោត ជាដើម​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​ប្រាប់​អ្នកកាសែត​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ជា​ស្ថាប័ន​ឯករាជ្យ មិន​ឋិត​នៅក្រោម​ស្ថាប័ន​រាជរដ្ឋាភិបាល​ទេ​។

​លោក​ប្រធាន គ​.​ជ​.​ប អ៊ឹម សួស្តី បាន​មានប្រសាសន៍​បញ្ជាក់​ថា ការបោះឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ មាន​លទ្ធផល​ត្រឹមត្រូវ សេរី​យុត្តិធម៌ អាច​ទទួលយកបាន​។ រាល់​លទ្ធផល​បោះឆ្នោត​ម្តងៗ តែងតែ​ទទួលបាន​នូវ​ការគាំទ្រ​ពី​បណ្តា​សហគមន៍ និង​អង្គការ​ជាតិ​-​អន្តរជាតិ​ផង​ដែរ​។

​លោក អ៊ឹម សួស្តី ក៏​បាន​បន្តថា គ​.​ជ​.​ប បាន​ខិតខំ​ធ្វើ​ការងារ​របស់​ខ្លួន ជាពិសេស​ការរៀបចំ​កា​រ​បោះឆ្នោត ដើម្បីឲ្យ​ទទួលបានល​ទ្ធ​ផល​ល្អ យុត្តិធម៌ និង​ឲ្យ​កាន់តែ​សុ​ក្រឹត​ថែមទៀត​៕​

No comments:

Post a Comment

Welcome to AngkorKhmer