Jan 21, 2013

កម្រិត​ចេះដឹង​របស់​ពលរដ្ឋ ជា​ខ្នាត​វាស់​ក្រមសីលធម៌​អ្នកនយោបាយ



 
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ នៅវិទ្យាស្ថាន​ជាតិ​អប់រំ
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ នៅវិទ្យាស្ថាន​ជាតិ​អប់រំប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សង្គ្រាម​ពាក្យសម្តី​បាន​ផ្ទុះ​ឡើង​ជុំវិញ​ក្រមសីលធម៌​របស់​អ្នកនយោបាយ។ មតិ​ខ្លះ​ចង់​ឲ្យ​មាន​ក្រមសីលធម៌​អ្នកនយោបាយ អ្នកខ្លះ​ទៀត​ថា ត្រូវ​តែ​បង្កើត​ច្បាប់​តែ​ម្តង​ដើម្បី​ដាក់ទោស​អ្នកនយោបាយ​ដែល​ចូលចិត្ត​ ជេរប្រមាថ​គ្នា។ ប៉ុន្តែ មតិ​ទី៣ មិន​គាំទ្រ​ការ​បង្កើត​ច្បាប់​បែប​នេះ​ទេ ពីព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ធ្វើ​នយោបាយ។ ដើមហេតុ​នៃ​ការ បែកបាក់​ខាង​ទស្សនៈ​ជុំវិញ​បញ្ហា​នេះ​បាន​កើត ឡើង ដោយសារ តែ​អ្នកនយោបាយ​ខ្មែរ​តែង​ឆ្លៀត​យក​វេទិកា​នយោបាយ​ដើម្បី​ជេរប្រមាថ​គ្នា ជាពិសេស​នៅ ពេល​ជិត​បោះឆ្នោត។ តើ​ហេតុអ្វី​បាន ជា​ការជេរប្រមាថ​នៅ​តែ​មាន​តម្លៃ​ក្នុង​ការ​ឃោសនា​នយោបាយ​នៅ​កម្ពុជា ?
តើ​គួរ​មាន ឬ​មិនចាំបាច់​មាន​ក្រមសីលធម៌ ឬ​ច្បាប់​សម្រាប់​កម្រិត​អ្នកនយោបាយ​កុំ​ឲ្យ​ពូកែ​ជេរប្រមាថ​គ្នា ? សំណួរ​ដែល​កំពុង​តែ​ចោទ​ឡើង​យ៉ាង​ក្តៅ​គគុក​នេះ​ប្រៀប​បាន​ទៅ​នឹង​សម្រែក​ របស់​អ្នក​អង្គុយ​បក់ផ្សែង​ដើម្បី​រក​វិធី​កុំ​ឲ្យ​ផ្សែង​ចូល​ភ្នែក​តែ​ ប៉ុណ្ណោះ។ ប៉ុន្តែ វិធី​ដែល​ល្អ​បំផុត គឺ​ត្រូវ​រក​មធ្យោបាយ​ពន្លត់​ភ្លើង​ដើម្បី​កុំ​ឲ្យ​មាន​ផ្សែង​ទើប​ជា​ការ​ ស្រេច។ យ៉ាង​ណា​មិញ ការ​រក​ឲ្យ​ឃើញ​មូលហេតុ​ថា តើ​ហេតុអ្វី​បាន​ជា​ពាក្យ​អសុរោះ ឬ​ពាក្យ​ជេរប្រមាថ​នៅ​តែ​មាន​តម្លៃ​ក្នុង​ឆាកនយោបាយ​កម្ពុជា ទើប​ជា​រឿង​សំខាន់។ ជា​លក្ខខណ្ឌ​សត្យានុម័ត ឥរិយាបថ​របស់​អ្នកនយោបាយ​ប្រែប្រួល​ទៅ​តាម​ប្រតិកម្ម​តប​វិញ​របស់​ ប្រជាពលរដ្ឋ។ នៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ដែល​អ្នកបោះឆ្នោត​មាន​កម្រិត​យល់​ដឹង​ខ្ពស់ អ្នកនយោបាយ​ត្រូវ​ប្រយ័ត្នប្រយែង​យ៉ាង​ខ្លាំង​ចំពោះ​ពាក្យសម្តី​របស់​ខ្លួន។ ពាក្យ​មិន​បាន​ការ អសុរោះ ឬ​ការ​ជេរប្រមាថ​មិន​ត្រូវ​បាន​គេ​យក​មក​ប្រើ​ឡើយ ពី​ព្រោះ​តែ​អ្នកបោះឆ្នោត​មិន​ឲ្យ​តម្លៃ។ ដូច្នេះ ក្រមសីលធម៌​អ្នកនយោបាយ​ក៏​មាន​ស្តង់ដារ​ខ្ពស់​ទៅ​តាម​នោះ​ដែរ។

ដោយឡែក នៅ​កម្ពុជា ពាក្យ​គ្រោតគ្រាត​ក្នុង​ន័យ​ប្រមាថ​ដល់​គូបដិបក្ខ​តែងតែ​ហូរ​ចេញ​ពី​ បបូរមាត់​របស់​អ្នកនយោបាយ​ជា​ញឹកញាប់​បំផុត ជា​ពិសេស​នៅ​ពេល​ជិត​បោះឆ្នោត​តែ​ម្តង។ ពាក្យ​សម្តី​វាយប្រហារ​គ្នា​ខ្លាំងៗ និង​ពេលខ្លះ​ឈាន​ដល់​ការជេរប្រមាថ​គ្នា​ផង​នោះ បាន​ក្លាយ​ជា​ល្បោយ​ដ៏​គួរ​ឲ្យ​ចូលចិត្ត​របស់​អ្នកបោះឆ្នោត​មួយ​ចំនួន។ ជាទូទៅ អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​នីមួយៗ ជាពិសេស​អ្នក​ងប់ងល់​នឹង​គណបក្ស​នោះ​តែម្តង ហាក់​ដូច​ជា​សប្បាយចិត្ត​នឹង​ឃើញ​មេដឹកនាំ​គណបក្ស​របស់​ខ្លួន​ប្រើ​ពាក្យ​ ឌឺដង ឬ​វាយប្រហារ​ខ្លាំងៗ​ទៅ​លើ​គូរ​បដិបក្ខ​របស់ខ្លួន។ ពួក​គេ​កាន់តែ​សប្បាយចិត្ត​នៅ​ពេល​ណា​ដែល​ពាក្យ​គ្រោតគ្រាត​នោះ​កាន់​តែមាន​ កម្រិតធ្ងន់។ ចំណែកឯ​អ្នកនយោបាយ​ដែល​បង្ហាញ​កាយវិការ​ទន់ភ្លន់​ច្រើន​តែ​មិនសូវ​ទទួល​បាន​ ការ​គាំទ្រ​ទៅ​វិញ។

និន្នាការ​អ្នកបោះឆ្នោត​បែប​នេះ​ហើយ​ដែល​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​មិន​ញញើត​ នឹង​ជេរប្រមាថ​គ្នា​ដើម្បី​ដណ្តើម​សន្លឹកឆ្នោត។ និន្នាការ​នេះ​ក៏​ជា​បុព្វហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកនយោបាយ​និយមកណ្តាល​គ្មាន​ ទីតាំង​ឈរជើង​នឹង​គេ​ឡើយ មាន​ន័យ​ថា ដើម្បី​ក្លាយជា​វីរជន​ក្នុង​ក្រសែភ្នែក​អ្នកបោះឆ្នោត អ្នកនយោបាយ​ត្រូវ​តែ​ធ្វើ​ខ្លួន​ជា​អ្នក​វាយលុក​ដ៏​ពូកែ​ម្នាក់ និង​ចេះ​វាយលុក​គ្រប់​កាលៈទេសៈ​ដោយ​មិន​ដក​ដៃ។ ប្រវត្តិសាស្ត្រ​បង្ហាញ​ថា កាល​ពី​សម័យ​មុនៗ អ្នកខ្លាំង​ពូកែ គឺ​ជា​អ្នកក្លាហាន​ដែល​អាច​សម្លាប់​សត្រូវ​គ្រប់​ប្រភេទ​ដោយ​ផ្លែដាវ ឬ​ដោយ​ចុង​កាណុង។ ប៉ុន្តែ បច្ចុប្បន្ន អាវុធ​សំខាន់​របស់​អ្នកនយោបាយ​ក្នុង​សម័យ​កាលប្រជាធិបតេយ្យ គឺ​វោហា​សព្ទ័។ ដោយហេតុ​ថា បរិបទ​នយោបាយ​បាន​ផ្លាស់ប្តូរ តែ​ផ្នត់គំនិត​របស់​អ្នកនយោបាយ និង​របស់​ប្រជាពលរដ្ឋ​មិនទាន់​សូវ​ផ្លាស់ប្តូរ​ប៉ុន្មាន​នៅ​ឡើយ ភាព​ពិសពុល​នៅ​តែ​មាន​បង្កប់​នៅក្នុង​អាវុធ​របស់​ខ្លួន​ដដែល​អាវុធ​នោះ គឺ​ពាក្យសម្តី​នេះ​ឯង។

ការ​ជេរប្រមាថ និង​លាបពណ៌​គ្នា​ក្នុង​ឆាកនយោបាយ​បច្ចុប្បន្ន គឺ​ជា​ភស្តុតាង​ជាក់ស្តែង។ គំនិត​ចង់​បង្កើត​ក្រមសីលធម៌ ឬ​ច្បាប់​ដើម្បី​រារាំង​ពាក្យ​ជេរប្រមាថ​គ្នា​របស់​អ្នកនយោបាយ​ដែល​បាន​និង​ កំពុង​កើតឡើង​នៅ​ពេល​នេះ ក៏​កើត​ចេញ​ពី​តថភាព​ជាក់ស្តែង​នេះ​ដែរ។ ការ​បង្កើត​ក្រមសីលធម៌ ឬ​ច្បាប់​សម្រាប់​ទប់ស្កាត់​ការ​ជេរប្រមាថ​គ្នា​ក្នុង​ឆាកនយោបាយ អាច​ជា​ការ​ល្អ​ម្យ៉ាង​ដែរ ប៉ុន្តែ​វា​អាច​ជា​អាវុធ​មុខ​ពីរ។ ម្យ៉ាងទៀត ក្រមសីលធម៌ ឬ​ច្បាប់​នោះ​អាច​មាន​តម្លៃ​តែ​ក្នុង​កាលៈទេសៈ​មួយ​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ ការ​ជេរប្រមាថ​គ្នា​ក្នុង​ឆាកនយោបាយ​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង នៅ​ពេល​ណា​ដែល​អ្នកបោះឆ្នោត​ឈប់​ឲ្យ​តម្លៃ​វា ពោល​គឺ​នៅ​ពេល​ណា​ដែល​ពលរដ្ឋ​គ្រប់រូប​នាំគ្នា​ផ្តល់​តម្លៃ​ដល់​អ្នកនយោបាយ​ ទៅ​លើ​គោលនយោបាយ និង​សមត្ថភាព​ដឹកនាំ​ប្រទេស គឺ​មិនមែន​ទៅ​លើ​ពាក្យសម្តី​ឥត​គ្រាប់​នោះ​ឡើយ៕

No comments:

Post a Comment

Welcome to AngkorKhmer