ឧបនាយករដ្ឋមន្ត្រី៦រូប រួមមានលោក ស ខេង លោក សុខ អាន លោក គាត ឈន់ លោកស្រី ម៉ែន សំអន និងលោក ញឹក ប៊ុនឆៃ រួមទាំងលោកគង់ សំអុល នៃក្រសួងព្រះបរមរាជវាំង ផងដែរនោះ កាលពីព្រឹកថ្ងៃទី១៤ ខែមករា នៅសាលសន្និសីទចតុមុខ បានដឹកនាំកិច្ចប្រជុំស្តីពីផែនការរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ។
កិច្ចប្រជុំនោះបានសម្រេចធ្វើពិធីដង្ហែសាកល្បងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ដោយចាប់ផ្តើមពីមុខតុលាការកំពូលឆ្ពោះទៅមុខវត្តឧណ្ណាលោមដោយគ្រាន់តែ អនុញ្ញាតឲ្យមានការចូលរួមតំណាងក្បួនធំៗចូលរួមក្នុងពិធីសាកល្បងនោះ។ ចំពោះការសាកល្បងដង្ហែលើកទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ដោយចាប់ផ្តើមចេញពីមុខព្រះបរមរាជវាំងទៅវត្តភ្នំ។
លោក គង់ សំអុល បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថានៅថ្ងៃថ្វាយព្រះភ្លើង នឹងមានការបាញ់កាំភ្លើងធំរយៈពេល៥នាទី ឬលើសពី៥ នាទីដែលបាញ់ចេញម្តងចំនួន២០គ្រាប់ដែលសរុបចំនួន១០១ណាត់ដែល ការបាញ់នៅពេលគោរពទង់ជាតិក្នុងពិធីរំកិលព្រះបរមសព និងថ្វាយព្រះភ្លើង។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថាចំពោះអ្នកសារព័ត៌មានជាតិអន្តរជាតិត្រូវមានសម្លៀក ខោខ្មៅ និងអាវ ហើយមានបណ្ណ័សម្គាល់ខ្លួនត្រឹមត្រូវ។
លោក សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានបន្ថែមថា ការបាញ់កាំភ្លើងធំត្រូវតែបាញ់រយៈពេល៥នាទីពីព្រោះជាការចាប់អារម្មណ៍ របស់ប្រជាពលរដ្ឋ ហើយពិធីបាញ់កាំភ្លើងធំនោះត្រូវធ្វើនៅថ្ងៃទី១ ខែកុម្ភៈ ដែលជាពេលរំកិលព្រះបរមសពនៅថ្ងៃទី៤ខែកុម្ភៈដែលជាថ្ងៃថ្វាយព្រះ ភ្លើង ហើយការបាញ់កាំភ្លើងត្រូវបាញ់នៅពេលថ្វាយព្រះភ្លើង។
លោក គាតឈន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាង ថវិកាសម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង គឺក្រសួងបានបញ្ចេញថវិកាអស់ហើយពុំមាននៅសល់ក្នុងរតនាគារឡើយ។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានមានប្រសាសន៍លើកឡើងដោយស្នើសុំទៅលោក គង់ សំអុល បញ្ជូនបញ្ជីឈ្មោះគណៈប្រតិភូភ្ញៀវបរទេសដែលអញ្ជើញមកចូលមក ក្រសួងការបរទេសដើម្បីងាយស្រួលក្នុងការរៀបចំទីកន្លែងឲ្យបានសមរម្យ។
បើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង មកដល់ពេលនេះមានអ្នកកាសែតជាតិ និងអន្តរជាតិដែលបានចុះឈ្មោះសម្រាប់យកព័ត៌មាន និងថតរូបក្នុងព្រះពិធីដង្ហែព្រះបរមសព និងពិធីថ្វាយព្រះភ្លើងមានចំនួនជាង១០០០នាក់ ហើយអ្នកកាសែតអាចថតរូបតាមដងផ្លូវបាននៅពេលហែរ ប៉ុន្តែពេលចូលដល់ព្រះមេរុ គេអាចចូលបានតាមកន្លែងដែលបានកំណត់តែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា នៅក្នុងពិធីដង្ហែព្រះបរមសពនៅក្នុងក្បួនអ្នកចូលរួមហែរមាន ប្រមាណ៣០០០នាក់និង ប្រជាពលរដ្ឋចូលរួមដង្ហែព្រះសពអាចនឹងមានចំនួនប្រមាណជាង ១លាននាក់ ទៅ២លាន នាក់៕
No comments:
Post a Comment
Welcome to AngkorKhmer