សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែមករា នេះ បានបំភ្លឺពាក់ព័ន្ធទៅនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) កម្ពុជា-ថៃ ដើម្បីបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់កម្ពុជាជាមួយប្រទេសជិតខាង។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ការបំភ្លឺនេះត្រូវបានលើកឡើងក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅឃុំអូរឬស្សិ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ាក់ និងបច្ចុប្បន្នជាប្រធានគណបក្សប្រឆាំង និងក្រុមអាវលឿងតែងតែផ្សារភ្ជាប់កម្ពុជាជាមួយនយោបាយផ្ទៃក្នុងថៃ ជាពិសេសការទម្លាក់កំហុសទៅលើអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថាមានផលប្រយោជន៍អាថ៌កំបាំងជាមួយកម្ពុជាក្នុងដែនសមុទ្រត្រួតគ្នា។
ផ្ទុយទៅវិញ ភាគីកម្ពុជាបានលើកឡើងថា តាមពិត លោក អាប់ភីស៊ីត និងបក្ខពួកខ្លួនទៅវិញទេដែលមកសុំចរចាជាសម្ងាត់ជាមួយប្រមុខ រដ្ឋាភិបាលកម្ពុជាអំពីបញ្ហានេះ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩ កន្លងទៅ។
ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នានេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានធ្វើការផ្សព្វផ្សាយជាថ្មីម្តងទៀតនូវ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ ។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរប្រេងកាតជាតិកម្ពុជា បានឆ្លុះបញ្ចាំងឲ្យឃើញនូវកលល្បិចនានារបស់អតីតនាយករដ្ឋមន្ត្រី អាប់ភីស៊ីត ជុំវិញការចរចាទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ និងតំបន់ប្រាសាទព្រះវិហារ។
រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានចុះអនុស្សារណៈ នៅខែមិថុនា ឆ្នាំ២០០១ទាក់ទងនឹងតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា ដែលអនុស្សារណៈនេះ បានចែងអំពីតំបន់ ដែលត្រូវកំណត់ព្រំដែន និងតំបន់ដែលត្រូវអភិវឌ្ឍរួមគ្នា។
តាមរយៈអនុស្សារណៈនេះ មានការបង្កើតឡើង នូវគណៈកម្មាធិការបច្ចេកទេសចម្រុះ អនុគណៈកម្មាធិការ បច្ចេកទេសចម្រុះ និងក្រុមការងារចំនួនពីរក្រុមពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងថា ការចរចាជាមួយរដ្ឋាភិបាលមុនៗរបស់ថៃ តែងតែធ្វើឡើងក្នុងលក្ខណៈបើកចំហរ ហើយទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន មិនមែនដូចជាការស្នើសុំចរចាជាសម្ងាត់ពីសំណាក់រដ្ឋាភិបាលលោក អាប់ភីស៊ីត នោះឡើយ៕
No comments:
Post a Comment
Welcome to AngkorKhmer