មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជាបានរិះគន់អ្នកនយោបាយថៃថា កំពុងកេងចំណេញនយោបាយលើបញ្ហាព្រំដែននោះ ហើយនេះគឺរឿងដដែលៗ គ្មានអ្វីថ្មីទេ។ នេះគឺជាប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធចំពោះសកម្មភាពតវ៉ារបស់អ្នកនយោបាយរបស់គណបក្សប្រជាធិបតេយ្យ ថៃដែលទាមទារអោយរដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់បង្ហាញជំហរលើបញ្ហាព្រំដែនប្រាសាទព្រះវិហារ។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានរិះគន់អ្នកនយោបាយថៃមួយចំនួនថា «នៅខ្សោយ» ដោយសារតែពួកគេកំពុងប្រើប្រាស់មធ្យោបាយដដែលៗ លើបញ្ហាព្រំដែនប្រាសាទព្រះវិហារដើម្បីកេងចំណេញផ្នែកនយោបាយនោះ។ លោកខៀវ កាញារីទ្ធបានអត្ថាធិប្បាយយ៉ាងនេះនៅក្នុងការឆ្លើយតបមកសំណួររបស់ គេហទំព័រ«ថ្មី»តាមរយៈសារអេឡិចត្រូនិកនៅល្ងាចថ្ងៃអង្គារទី៨មករានេះ។
តាំងពីថ្ងៃសៅរ៍ ក្រុមជនថៃអាវលឿងដែលគាំទ្រគណបក្សប្រជាធិបតេយ្យស្រាប់តែបានលើកយក បញ្ហាព្រំដែនប្រសាទព្រះវិហារមកធ្វើជាគំនាបដាក់លើរដ្ឋាភិបាល របស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់។ ក្រុមថៃអាវលឿងបានតវ៉ាទាមទារអោយរដ្ឋាភិបាលលោកស្រីយីងឡាក់បង្ហាញ ជំហររបស់ខ្លួនចំពោះបញ្ហាប្រាសាទព្រះវិហារ ហើយអោយច្រានចោលសេចក្តីសម្រេចណាមួយរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែល ពួកគេអះអាងថា ធ្វើអោយប៉ះពាល់ ឬបាត់បង់បូរណភាពដែនដីរបស់ថៃនោះ។
លោកខៀវ កាញារីទ្ធ បានពិពណ៌នាថា កម្ពុជាបានបង្ហាញភាពចាស់ទុំច្រើនជាងថៃនៅក្នុងការដោះស្រាយបញ្ហា ព្រំដែន។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានពន្យល់យ៉ាងដូច្នេះ៖« កម្ពុជាបានប្រើប្រាស់ក្រុមការងារតែមួយជារៀងរហូតមកសម្រាប់ធ្វើ កិច្ចការងារព្រំដែននេះ ខណៈដែលថៃបានផ្លាស់ប្តូរក្រុមការងារជិត២០ក្រុមក្នុងរយៈពេលជាង១០ឆ្នាំ ចុងក្រោយនេះ។ ជាបច្ច័យ ដោយសារតែថៃមានក្រុមការងារច្រើនយ៉ាងដូច្នេះ ពួកគេបានមានគំនិតមិនស៊ីសង្វាក់គ្នា ហើយមិនបានយល់ស៊ីជម្រៅទៅក្នុងបញ្ហាព្រំដែននេះ។ ប្រការនេះកំពុងតែធ្វើថៃខូចខាតខ្លាំង»។
ក្រុមជនថៃអាវលឿងបានប្រមូលផ្តុំគ្នាតវ៉ានេះ នៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិនឹងបើកសវនាការលើបណ្តឹងរបស់ កម្ពុជានៅខែមេសាខាងមុខនេះ។ កម្ពុជាបានស្នើអោយតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលដីកា ឆ្នាំ១៩៦២ដែលបានបង្គាប់អោយថៃប្រគល់ប្រាសាទព្រះវិហារមកអោយកម្ពុជា វិញនោះ។ កម្ពុជាបានស្នើអោយមានការបកស្រាយសាលដីកានេះឡើងវិញ ដោយសារតែរដ្ឋាភិបាលថៃ ក្នុងអណត្តិរបស់លោកអាប់ភីស៊ីតបានទាមទារថាដីនៅជុំវិញ ប្រាសាទព្រះវិហារគឺជារបស់ថៃ៕
No comments:
Post a Comment
Welcome to AngkorKhmer