ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បុត្រីពៅរបស់អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ អាចនឹងត្រូវជ្រើសតាំងឲ្យដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចនាពេលខាងមុខនេះ។ ការផ្លាស់ប្តូមេដឹកនាំកំពូលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវបានធ្វើ ឡើងជាញឹកញាប់បន្ទាប់ពីគណបក្សមួយនេះចាញ់ឆ្នោតជាបន្តបន្ទាប់មក។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងប្រាប់នៅថ្ងៃអាទិត្យនេះថា គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិចដែលបានជួបប្រជុំគ្នាកាលពី ម្សិលមិញ គ្រោងនឹងយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី បុត្រីពៅរបស់ព្រះបាទសម្តេចនរោត្តម សីហនុ ឲ្យមកធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចនាពេលអនាគតខាងមុខនេះ។
សំណើយាងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ឲ្យមកដឹកនាំគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនឹងអាចធ្វើឡើងនៅ ពាក់កណ្តាលខែកុម្ភៈខាងមុខនេះ ពោលគឺក្រោយការថ្វាយព្រះភ្លើងព្រះរាជសពអតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជារួច។
គណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១ និងដឹកនាំដោយសម្តេចព្រះបាទ នរោត្តម សីហនុ។ ប៉ុន្តែក្រោយមក គណបក្សរាជានិយមត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងបន្ទាប់មកទៀត ដឹកនាំដោយលោក កែវ ពុទ្ធរស្មី និងនៅចុងក្រោយនេះ គណបក្សគ្រោងនឹងប្រគល់អំណាចថ្វាយជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាបុត្រីពៅរបស់សម្តេចឳនរោត្តម សីហនុ។
គណបក្សរាជានិយមមួយនេះធ្លាប់ទទួលបានសំឡេងឆ្នោតលើសលប់នៅឆ្នាំ១៩៩៣។ ប៉ុន្តែនៅអាណត្តិចុងក្រោយនេះ គណបក្សទទួលបានអាសនៈតែពីរកៅអីប៉ុណ្ណោះនៅក្នុងរដ្ឋសភាជាតិ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា មេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចមានបំណងយាងព្រះអង្គឲ្យមកដឹកនាំគណបក្ស មែន។ ប៉ុន្តែរឿងថា ព្រះអង្គសម្រេចព្រះទ័យយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយទេ។ ប្រសិនបើព្រះអង្គសព្វព្រះរាជហទ័យទទួលយកតំណែងប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច សមាជវិសាមញ្ញគណបក្សនឹងធ្វើឡើងនៅថ្ងៃទី២១ខែមិនាខាងមុខនេះ។
លោក ញឹក ប៊ុនឆៃ ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចម្នាក់ ដែលមានអំណាច បាននិយាយថា មានមូលហេតុបីយ៉ាងដែលជំរុញអោយគណបក្សជ្រើសរើសព្រះអង្គម្ចាស់ក្សត្រី អារុណរស្មី ធ្វើជាប្រធាន។ ទីមួយ គឺដោយសារព្រះអង្គ កាលពីអាណត្តិមុន ធ្លាប់ឈរឈ្មោះជានាយករដ្ឋមន្ត្រីតំណាងឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច។ ទីពីរ គឺដោយសារគណបក្សហ្វ៊ុនស៊ិនប៉ិចចង់លើកកម្ពស់តម្លៃស្ត្រី និងទីបីគឺដោយសារព្រះអង្គមិនជាប់ប្រឡាក់ប្រឡូកច្រើនក្នុង បញ្ហានយោបាយ៕
No comments:
Post a Comment
Welcome to AngkorKhmer